អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

ជំនួប​រុស្ស៊ី-ជប៉ុន​តាម​រូបមន្ត​ ២+២ បាន​ប្រព្រឹត្ត​ទៅ ​នៅ​ម៉ូស្​គូ

ថ្ងៃ ៣១ កក្កដា នៅក្រុងម៉ូស្គូ មានប្រព្រឹត្តទៅ ជំនួបរុស្ស៊ី-ជប៉ុន តាមរូបមន្ត ២+២ ដោយមុន ដំបូង លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov បានទទួលជួប សមភាគីជប៉ុន លោក  Taro Kono បន្ទាប់មក ក៏មានការភ្ជាប់ខ្លួនចូលរួមដែរ នៃ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និង រដ្ឋមន្ត្រី​ការពារ​ជាតិ​​ជប៉ុន ក្រោយ ពីគេ បានជួបគ្នាដាច់ដោយឡែកទៅហើយ។ ។ កិច្ចចរចាក្នុងរូបភាព ២+២ បែបនេះ ចាត់ចែងឡើង ទៅ តាមការព្រមព្រៀងគ្នា រវាង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីខែឧសភា។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក  Sergei Lavrov និង​រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono នៅ​ក្នុងសន្និសីទ​រួមគ្នាមួយនៅម៉ូស្គូ រុស្ស៊ី ថ្ងៃទី​៣១ កក្កដា​ ២០១៨​​
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Taro Kono នៅ​ក្នុងសន្និសីទ​រួមគ្នាមួយនៅម៉ូស្គូ រុស្ស៊ី ថ្ងៃទី​៣១ កក្កដា​ ២០១៨​​ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងបញ្ហាធ្វើសេដ្ឋកិច្ចរួមគ្នាលើប្រជុំកោះគួរីល កោះដែលភាគីជប៉ុន តែងទាមទារចង់បានពី រុស្ស៊ីវិញ គូភាគីក៏បានពិភាក្សាលើបញ្ហាពិភពលោកនិងបញ្ហាតំបន់ណា ដែលប្រកបដោយ​បច្ចុប្បន្នភាព។​

ថ្លែងក្នុងសន្និសីទសារពត៏មាន បូកសរុបតុល្យាការជំនួបនោះ លោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ កត់សម្គាល់ថាជំនួប បានប្រព្រឹត្តទៅ ក្នុងស្មារតីស្ថាបនាជាវិជ្ជមាន។ លទ្ធផលមួយ ដែលគាត់បានបង្ហើប ឲ្យដឹង គឺថា គូភាគី ឯកភាពគ្នា បើកធ្វើនៅលើកោះគួរីលតែម្តង ពីថ្ងៃ ១៦ ដល់ ២០ សីហាខាងមុខ ជា  វេទិកា Business រុស្ស៊ី-ជប៉ុន ដើម្បីបន្ទាប់មក រាយការណ៍ជូន​មេ​ដឹក​នាំ​ប្រទេសទាំងពីរគឺលោកប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង លោក នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលនឹងវត្តមានក្នុងវេទិកាសេដ្ឋកិច្ចបូព៏ា នៅ ក្រុងរុស្ស៊ី Vladivostok ពីថ្ងៃ ១១ ដល់ ១៣ កញ្ញា ។

រុស្ស៊ី និង ជប៉ុន ក៏បានព្រមព្រៀងគ្នា ទៅទល់ដំណាច់ ឆ្នាំនេះ បើកធ្វើកិច្ចពិគ្រោះ​នៃពួក​អ្នក​ជំនាញ​ប្រទេសទាំងពីរ ជុំវិញបញ្ហាសន្តិសុខ ដោយអំពាវនាវ ឲ្យគ្រប់តែ ភាគីពាក់ព័ន្ធ ចេះទប់​ចិត្​ត ដើម្បីកុំបណ្តោយឲ្យដាច់ដោចទៅ  ដំណើររៀបរយ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ដែលនៅ​ផុយ​ស្រួយ​នៅឡើយ។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono ដែលថ្លែងបន្ទាប់មក បានលើកឡើង​ពីចំហៀង​មនុស្សធម៌​ ដោយភាគិរុស្ស៊ី សម្រួលដល់ការធ្វើដំណើររបស់អ្នកស្រុកជប៉ុន ទៅថែទាំផ្នូរ​ទាំង​ឡាយ​​នៃ​សពសាច់ញាតិគេ ដែលកប់នៅលើកោះគួរីល។ គាត់ថា នេះជាភាគមួយ នៃផ្លូវ​ឆ្ពោះ​ទៅ​ចុះ សន្ធិសញ្ញាសន្តិភាព ជាមួយ រុស្ស៊ី ។ គួរនិយាយថា ទូរទស្សន៍រុស្ស៊ី ដោយផ្សាយអំពីកិច្​ចចរចា​តាម​រូបមន្ត ២+២ នេះ ចាប់អារម្មណ៍ថា រដ្ឋសភា ជប៉ុន បានអនុម័តទៅហើយ ច្បាប់ដែល​ចែង​ថា អំបូរកោះគួរីលខាងត្បូង ត្រូវក្រុងតូក្យ៉ូ ប្រកាសជាផ្លូវការ ថា ជាដែនដីខាងជើង របស់​ជប៉ុន ​ដូចក្នុងសម័យមុនជប៉ុនចាញ់សង្គ្រាមលោកលើកទី២ ឆ្នាំ ១៩៤៥ អញ្ចឹង។

លោកប្រមុខការទូតជប៉ុន បានអះអាងមក ភាគីរុស្ស៊ីថា ប្រព័ន្ធខែលមីស៊ីលប្រឆាំងមីស៊ីល ដែល សរអា ដំឡើង នៅលើដែនដីជប៉ុន ឥតគម្រាមជាគ្រោះថ្នាក់អ្វីណាដល់ រុស្ស៊ីឡើយ ដ្បិតវា ទុក​សម្រាប់​តែ ការពារប្រទេស ជប៉ុន ប៉ុណ្ណោះ។

ចំណែកលោករដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera ថ្លែងថា ៖ ការរំសាយអាវុធនុយក្លេអ៊ែរ នៅ ឧបទ្វីបកូរ៉េ គឺពាំនាំជាផលប្រយោជន៍រួម សម្រាប់ម៉ូស្គូ និង ក្រុង តូក្យ៉ូ ដោយភាគីទាំងពីរ នឹង​សហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីឲ្យមានការបំពេញឥតខ្ចោះ តាមសេចក្តី​សម្រេច​ទាំង​អម្បាល​ម៉ាន​ របស់ក្រុមប្រឹក្សា សន្តិសុខ អសប ស្តីអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Shoigu កត់សម្គាល់ថា កិច្ចសន្ទនា រវាងម៉ូស្គូ និង ក្រុង តូក្យ៉ូ  គឺ ដើរតួសំខាន់ ក្នុងបុព្វហេតុធានាសន្តិសុខ និង ស្ថិរភាព នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ