អានតួអត្ថបទ

ជប៉ុនត្រៀម​ចាយ ៣៦០០លាន​អឺរ៉ូ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ នៅ​ថ្ងៃ​ចន្ទ​ទី ៣០ កក្កដា ២០១៨​នេះ បង្ហាញ​គម្រោង​វិនិយោគតម្លៃ​៣៦០០​លាន​អឺរ៉ូ​ សម្រាប់​ដំឡើង​និង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ខែលមីស៊ីល​​​។ ជា​ប្រព័ន្ធ​ខែលចាប់​មីស៊ីល ដើម្បី​ការពារ​ទឹក​ដី​ជប៉ុន​ពី​ការ​គំរាមកំហែង​ឬ​វាយប្រហារ​ជា​យថាហេតុ​ណាមួយ​ពី​សំណាក់​កូរ៉េខាង​ជើង។

ប្រព័ន្ធ​មីស៊ីល Aegis Ashore (AAMDS)នៅ​រ៉ូមានី
ប្រព័ន្ធ​មីស៊ីល Aegis Ashore (AAMDS)នៅ​រ៉ូមានី Reuters
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​ស្ថានភាព​នៅ​ក្នុង​តំបន់​ហាក់​បាន​និងកំពុង​​ស្គាល់ភាព​ធូរស្បើយ តាំង​ពី​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ក៏​ដោយ ក៏​ជប៉ុន​នៅ​តែ​យល់​ថា​ប្រទេស​ខ្លួន​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​របប​ព្យុងយ៉ាង។ ដោយ​ហេតុ​តែ​មាន​អារម្មណ៍បែប​នេះ ទើប​ជប៉ុន​មាន​គំនិត​ ​ ចង់​ដំឡើង​និង​បំពាក់​ខែល​មីស៊ីល ដើម្បី​​ពង្រឹង​មធ្យោបាយការពារ​ជាតិ​របស់ខ្លួន ដែល​មាន​ស្រាប់ ឱ្យ​កាន់​តែ​រឹង​មាំ។

គំនិត​​ផ្តួច​ផ្តើមនេះ ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ជប៉ុន លោក អ៊ីស៊ូនូរី អូណូដេរ៉ា Itsunori Onodera ដោយ​បញ្ជាក់​ថា គឺ​ក្រុម​ឧស្សាហកម្ម​សព្វាវុធ​អាមេរិក Lockheed Martin ជា​អ្នកទទួល​សាងសង់​​ស្ថាបនារ៉ាដា ចាំស្ទាក់​មីស៊ីល។​ បើ​តាម​គម្រោង ជប៉ុន​នឹង​ដំឡើង​​ប្រព័ន្ធ​ខែល​មីស៊ីលប្រភេទ​ Aegis Ashore នៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​គ្របការពារ​ប្រទេស​បាន​ទាំង​មូល។ ជាគម្រោង​ដែល​នឹង​ត្រូវ​សម្រេច​ នៅក្នុង​រយៈ​ពេល​៣០​ឆ្នាំ និង​ដោយ​ត្រូវ​ចំណាយថវិកាវិនិយោគ​​​អស់ប្រមាណ ៣៦០០​លាន​អឺរ៉ូ។ ប៉ុន្តែទំហំ​ទឹក​ប្រាក់​នេះ​ មិនមែន​ជា​តម្លៃ​​កំណត់​ពិតប្រាកដទេ ! អាច​នឹង​មានការ​​ចំណាយ​បន្ថែម ដែល​​រដ្ឋាភិបាល​ជប៉ុន បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ទៅ​ហើយ។

តាម​រយៈ​គម្រោង​នេះ ជប៉ុន​នឹង​សមត្ថភាព​ការពារ​ជាតិខ្ពស់​ខ្លាំង ​ទល់​នឹង​មីស៊ីលប៉ាលីស្ទិក ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោករដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ទៅ​កាន់​អ្នក​សារព័ត៌មាន។

នាយករដ្ឋមន្ត្រី​អភិរក្សជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ ជា​សកម្មជន​ដែលមាន​ជំហរ​នយោបាយ​តឹង​តែង​ខ្លាំង​ប្រឆាំង​នឹង​របបព្យុងយ៉ាង​របស់ គីម ជុងអ៊ុន។ លោកនាយក​រដ្ឋមន្ត្រី​តែង​ទាមទារ និង​ជ្រើសរើស​នយោបាយ​​​ពង្រឹង​ប្រព័ន្ធ​ការពារ​ជាតិ​ ប្រឈម​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េខាង​ជើង។ កាលពី​ឆ្នាំ​មុន កូរ៉េខា​ងជើង​បាន​គំរាម​កម្ទេច​កោះ​ជប៉ុន​ឱ្យ​លិច​បាត់​ក្នុង​ទឹកសមុទ្ទ​ ហើយមីស៊ីល​ពីរគ្រាប់​របស់​ព្យុងយ៉ាងបាន​ហោះ​រំលង​ទឹកដី​ជប៉ុន។

តាមការពិត នៅក្នុង​វិស័យ​ការ​ពារជាតិនេះ​​ ជប៉ុន​សហការបាន​​ស្អិត​ល្មួត​ណាស់ជាមួយ​យោធា​អាមេរិក​ ដែល​មាន​មូលដ្ឋាន​ទ័ព​នៅ​ជា​ច្រើន​កន្លែង​លើ​ផ្ទៃដី​ជប៉ុន។ ប៉ុន្តែ​ទោះ​បី​បាន​ទទួល​ការ​ពារ​ពី​អាមេរិក​យ៉ាងណា​ក៏​ដោយ ក៏​លោក ស្ហ៊ីនហ្សូ អាបេ មិន​ដែល​លាក់​បាំង​មហិច្ឆតា ចង់​សើរើ​រដ្ឋធម្មនុញ្ញ​សន្តិនិយមរបស់​ជប៉ុន​​ឡើង​វិញ​ឡើយ។ ​លោក​អាបេ ចង់​មាន​​លទ្ធភាព​ពង្រឹង​ពង្រីក​សមត្ថកិច្ច​របស់​កងកម្លាំង​ទ័ព​ជាតិ​ ដែល​ចង​ដោយ​រដ្ឋធម្មនុញ្ញ ត្រឹម​ជា​កងទ័ព​ស្វ័យ​ការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ