អានតួអត្ថបទ

ប៉ូលីស​៖ បុរស​ជនជាតិ​ចិន​ម្នាក់​ដាក់​គ្រាប់​បំផ្ទុះ នៅ​ខាង​ក្រៅ​ស្ថាន​ទូត​អាមេរិក

បុរស​ចិន​វ័យ ២៦ ឆ្នាំ​ម្នាក់​ បានបំផ្ទុះ​គ្រឿងផ្លុះ ​នៅ​ខាងក្រៅ​ស្ថានទូតអាមេរិក​ ក្នុង​ទីក្រុង​ប៉េកាំង​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ូលិស​ចិន​បាន​ឲ្យដឹង​ភ្លាមៗថា​ មិន​មាន​នរណាម្នាក់​រងគ្រោះ​ដោយសារ​ការបំផ្ទុះ​នេះទេ​ ហើយ​បុរសចិន​ដែល​ជាអ្នក​បង្កហេតុ​ ត្រូវបាន​មន្ត្រី​សន្តិសុខ​ចិន​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។

កាយវិការភ្នាក់ងារសន្តិសុខចិននៅខាងក្រៅស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៨
កាយវិការភ្នាក់ងារសន្តិសុខចិននៅខាងក្រៅស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០១៨ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

បុរសចិន​ដែល​ដាក់​គ្រាប់បំផ្ទុះ​ នៅ​ខាងក្រៅ​ស្ថានទូត​អាមេរិក​ នា​ទីក្រុង​ប៉េកាំង​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ មានឈ្មោះ​ហៅក្រៅ​ថា​ “ជាំង”​ និង​មាន​ប្រភព​មកពី​តំបន់​ស្វ័យយ័ត​មានទីតាំង​ក្បែរ​ប្រទេស​ម៉ុងហ្គូលី​។ រហូត​មកដល់​ពេលនេះ​ ប៉ូលីសចិន​មិនទាន់​បាន​បញ្ជាក់ប្រាប់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការបំផ្ទុះ​នេះទេ​។ មន្ត្រី​ប៉ូលីសចិន​គ្រាន់​តែបង្ហើប​ប្រាប់ថា ​ការបំផ្ទុះ​ធ្វើឡើង​នៅក្បែរ​ទីតាំង​ ដែល​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ ឈរតម្រង់​ជួរ​ចូលទៅ​ស្ថានទូតអាមេរិក​ ដើម្បី​ធ្វើកិច្ចសម្ភាសន៍​។

សូមជ្រាបថា​ ស្ថានទូត​អាមេរិក ​មាន​ទីតាំង​នៅ​ជាយក្រុង​ប៉េកាំង ហើយ​ក៏ស្ថិតនៅ​ក្បែរ ស្ថានទូតជាច្រើន​ដែល​រួមមាន​ទាំង​ស្ថានទូត​ឥណ្ឌា​និង​អ៊ីស្រាអែល​ផងដែរ​។ បន្ទាប់ពី​ការផ្ទុះ​មិនយូរ​ប៉ុន្មាន​ គេ​ឃើញមាន​វីដេអូឃ្លីប​ជាច្រើន​បង្ហាញ​ពី​ផ្សែង​នៅខាងក្រៅ​បរិវេណ​ស្ថានទូត​នៅ​លើ​បណ្តាញ​សង្គម​។

សាក្សីម្នាក់​ ដែល​បដិសេធ​មិន​បញ្ចេញ​អត្តសញ្ញាណ​ បាន​ប្រាប់ថា​ យើង​បាន​ឮ​ការផ្ទុះ​យ៉ាងខ្លាំង​នៅ​ប្រហែល​ម៉ោង​ ១ រសៀល​ (ម៉ោង​នៅ​ក្នុង​ប្រទេសចិន​) ដូច្នេះ​យើង​ក៏​បានចេញ​ទៅមើល​នៅតាមផ្លូវ​ ហើយភ្លាមៗ​នោះ​ប៉ូលីស​ជាច្រើន​បានហ៊ុំព័ទ្ធ​កន្លែង​កើតហេតុ​នោះ​។

ជុំវិញ​រឿងនេះដែរ​ សាក្សី​ម្នាក់ទៀត​បាន​ឲ្យដឹងថា​ នៅ​កន្លែង​កើតហេតុ​ មាន​វត្តមាន​កងកម្លាំង​សន្តិសុខ​ចិន​យ៉ាងច្រើន​ ធ្វើ​អន្តរាគមន៍​យ៉ាងលឿន​ ប្រៀប​ដូចជា​ពួកគេ​បាន​ដឹង​ពី​ហេតុការណ៍​នេះ​មុន​អីចឹង​។

បន្ទាប់ពី​ហេតុការណ៍​បំផ្ទុះ​ ប៉ូលិស​ចិន​បាន​បិទ​កន្លែង​កើតហេតុ​។ ដោយឡែក ​រដ្ឋបាល​ចិន​ក៏​រាំងខ្ទប់​យ៉ាងឆាប់រហ័ស​ ដើម្បី​រារាំង​ការស្វែងរក​ព័ត៌មាន​ទាក់ទងនឹង​ "ស្ថានទូត​អាមេរិក​" លើ​បណ្តាញ​សង្គម​ Weibo ព្រមទាំង​Twitter។

ជាទូទៅ​គេ​មើលឃើញ​ថា​ នៅ​ក្នុង​សង្គមចិន​ មាន​បុគ្គល​មួយ​ចំនួន​ធំ​ ដែល​មិន​សប្បាយចិត្ត ​ចំពោះ​អំពើ​ពុករលួយ​ ឬ​ភាពអយុត្តិធម៌​ជាច្រើន​ ដែល​កំពុង​មាន​នៅក្នុង​ប្រទេស​ ហើយ​ពួកគេ​ជាញឹកញយ​តែងតែ​បង្ក​ជា​ហានិភ័យ​ផ្សេងៗ​នៅ​ក្នុងប្រទេស​។

គួរ​កត់សម្គាល់ថា​ កាល​ពី​ខែ​មិថុនា​ឆ្នាំមុន​ មាន​ឧបទ្ទវហេតុ​ផ្ទុះគ្រាប់បែក​ដ៏​អាក្រក់​បំផុត​មួយ​  បាន​សម្លាប់​មនុស្ស​ ៨ ​នាក់ និង​រងរបួស​រាប់សិបនាក់​ផ្សេងទៀត​ នៅ​ខាងក្រៅ​សាលាមត្តេយ្យ​មួយ​នៅ​ភាគខាងកើត​ប្រទេសចិន​។ ហើយ​ដែល​កាលណោះ​ មន្ត្រី​ប៉ូលីស​បាន​ដាក់កំហុស​ទៅលើ​បុរស​អាយុ​ ២២​ ឆ្នាំម្នាក់​ ដែល​ជា​បុគ្គល​មាន​បញ្ហា​សុខភាព​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ