ប្រធានាធិបតីចិន កំពុងចាប់ផ្តើមបំពេញទស្សនកិច្ចមួយជុំ ថ្មីទៀត នៅទ្វីបអាហ្វ្រិក។ ក្នុងរយៈពេលមួយសប្តាហ៍នេះ លោក ស៊ីជីនពីង ត្រូវអញ្ជើញទៅជាបឋម ប្រទេសសេណេហ្កាល់ បន្ទាប់មករវ៉ាន់ដា និងចុងក្រោយគឺប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមក្នុងជំនួបកំពូលនៃក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចលូតលាស់ខ្លាំង ហៅកាត់ថា Brics (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)។ ទស្សនកិច្ចនេះក៏ជាការត្រៀមលក្ខណៈ មុននឹងឈានដល់ការបើកជំនួបកំពូលចិន-អាហ្វ្រិក នៅខែកញ្ញាខាងមុខ នៅទីក្រុងប៉េកាំង។តាំងពីឆ្នាំ២០០៩មក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មលំដាប់លេខមួយរបស់អាហ្វ្រិក ប៉ុន្តែទន្ទឹមនឹងការរកស៊ី ក៏មានសំណួរជាច្រើន បានចោទឡើងវិញជុំវិញបញ្ហាឯករាជភាព ហិរញ្ញវត្ថុនិងនយោបាយ អាហ្វ្រិក។
លោក ស៊ី ជីនពីង បានផ្តល់អត្ថប្រយោជន៍ និងចំណងទំនាក់ទំនងខ្លាំងដល់ទ្វីបអាហ្វ្រិក។ លោកមានទស្សនៈវិស័យ ពង្រឹងពង្រីកខ្លាំង ភាពជាដៃគូយុទ្ធសាស្ត្របំផុតជាមួយទ្វីបអាហ្វ្រិក បើនិយាយជាទូទៅ ឬនិយាយដោយឡែកជាមួយសេណេហ្គាល់ ដែលជាដំណាក់កាលទីមួយនៃទស្សនកិច្ចរបស់លោក។
នៅដាការនេះ ប្រធានាធិបតីចិននិងសេណេហ្កាល់ នឹងចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាច្រើន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌។ នៅរវ៉ាន់ដា លោក ស៊ី ជីនពីង និងសមភាគី ប៉ូល កាហ្កាមេ ដែលក៏ជាប្រធានផ្លាស់វេនសហភាពអាហ្វ្រិក មិនត្រឹមតែជជែកអំពីប្រធានបទកិច្ចសហប្រតិបត្តិការទ្វេភាគីទេ តែក៏នឹងពិភាក្សាផ្តោះប្តូរយោបល់គ្នា ដើម្បីត្រៀមរៀបចំជំនួបកំពូលចិនអាហ្វ្រិក នៅខែកញ្ញាខាងមុខផង។ កម្មវត្ថុនៃទស្សនកិច្ចមួយជុំលើកនេះ ជាលើកទីបី គិតចាប់តាំងពីឆ្នាំ២០១៣ គឺការផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មសម្រាប់ទ្វីបអាហ្វ្រិកទាំងមូល។
ចិនដាស់សេដ្ឋកិច្ចអាហ្វ្រិក
តាមការពិតចិនបានមកដល់ ទ្វីបអាហ្វ្រិក តាំងពីសម័យរាជវង្សមីងម្ល៉េះ តែត្រូវបង្ខំចិត្តបំភ្លេចទៅវិញ ដោយសារតែចិនមានជម្លោះផ្ទៃក្នុង ដោយសារសន្ទុះខ្លាំងក្លារបស់មហាអំណាច នៅអឺរ៉ុប បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ... បានក្លាយជារបបសាធារណរដ្ឋប្រជាមានិត ក៏ចិននៅមាននយោបាយអន្តរជាតិមានកំរិត។ គេត្រូវរង់ចាំដល់ឆ្នាំ១៩៥៦ និងក្រោយបរិបទពិភពលោកភាវូបនីយកម្ម ពោលគឺឆ្នាំ២០០០ ទើបចិន ចាប់ផ្តើមផ្តល់តម្លៃដល់អាហ្វ្រិក។ ជាការវិលត្រលប់ ប្រកបដោយកម្លាំងនិងមហិច្ឆតាផង ជាមួយសន្ទុះដ៏លឿន និងខ្លាំងក្លាលើសបណ្តាប្រទេសធ្លាប់ធ្វើអាណានិគមន៍នៅអាហ្វ្រិកទៅទៀត។
កំណើននៃផ្តោះប្តូរពាណិជ្ជកម្មចិនអាហ្វ្រិក មានកំរិត២០% ក្នុងមួយឆ្នាំៗ។ ពីឆ្នាំ២០០០-២០១៤ ការផ្តោះប្តូរពាណិជ្ជកម្មទ្វេភាគីចិន-អាហ្វ្រិកបានកើនឡើងពី ១០ពាន់លានទៅ ២២០ពាន់លាន។ បច្ចុប្បន្នេះ ទំហំនៃការផ្តោះប្តូរពាណិជ្ជកម្មចិន-អាហ្វ្រិក បានឡើងដល់ទៅប្រមាណ១៥០ពាន់លានដុល្លារ។ តាំងពីតែ៨ឆ្នាំជាប់គ្នាមក ចិនបានក្លាយជាដៃគូពាណិជ្ជកម្មទីមួយរបស់អាហ្វ្រិកផង និងជាដៃគូហិរញ្ញវត្ថុទីមួយទៀត។ ចិនមានក្រុមហ៊ុនប្រមាណជាង៣ពាន់នៅអាហ្វ្រិក អ្នកវិនិយោគជាងមួយលាននាក់ និងការវិនិយោគក្នុងទំហំជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០១៦។
និយាយជារួម ចិនជាគឺអ្នកអង្រួនពាណិជ្ជកម្មនិងសេដ្ឋកិច្ចអាហ្វ្រិក នារយៈពេល២០ឆ្នាំចុងក្រោយនេះ។ ពាក់កណ្តាល នៃកិច្ចសន្យា សាងសង់ហេដ្ឋារចនាសម្ព័ន្ធធំ ជាមួយអន្តរជាតិ ដូចជាផ្លូវដែក ប្រព័ន្ធទូរគមនាគមន៍ ទំនប់ទឹក ត្រូវបានចុះជាមួយចិនម្នាក់ឯង។ អាហ្វ្រិកក៏ត្រូវបានបញ្ជូលទៅក្នុងផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់លោក ស៊ីជីនពីងដែរ។
កម្ចីហិរញ្ញវត្ថុ ជាថ្នូរនឹងការវិនិយោគ
ចិនបានគិតគូរយកអាហ្វ្រិកជាទីតាំងភូមិសាស្ត្រនយោបាយ ជាយុទ្ធសាស្ត្រដែរ ដោយបានដាក់ទូតដល់ទៅ ៥២ លើផ្ទៃទ្វីបអាហ្វ្រិកទាំងមូល។ ប៉េកាំងក៏បានពង្រាយកម្លាំងទ័ព ក្នុងក្របខណ្ឌទ័ពមួយខៀវ ដល់ទៅ ២ពាន់នាក់ នៅម៉ាលី និងមានមូលដា្ឋនទ័ពចិននៅបរទេសដំបូង គឺនៅប្រទេសជីប៊ូជី (ភាគខាងកើតទ្វីបអាហ្វ្រិក)។ ប៉ុន្តែចិនក៏រងការរិះគន់យ៉ាងខ្លាំងដែរ ចំពោះវត្តមានដ៏សន្ធឹកសន្ធាប់នៅអាហ្វ្រិកបែបនេះ ដោយអន្តរជាតិប្រកាន់់ថា ជាអាណានិគមន៍បែបថ្មី និងឆ្លៀតយកចំណេញពីធនធានធម្មជាតិ ព្រមទាំងកម្លាំងពលកម្មអាហ្វ្រិក។
អាហ្វ្រិកជាស្នូលនៃនយោបាយសេដ្ឋកិច្ចចិន ប៉ុន្តែប្រាក់វិនិយោគចិននៅអាហ្វ្រិកតិចតួចណាស់ គឺប្រមាណតែ៣ទៅ៤ពាន់លានដុល្លារប៉ុណ្ណោះ! ហិរញ្ញវត្ថុដែលចិនផ្តល់អាហ្វ្រិក ភាគច្រើនមានទម្រង់ជាប្រាក់កម្ចី ទេ ! ក្នុងរយៈពេលជិត២០ឆ្នាំ មកនេះ ចិនបានផ្តល់ប្រាក់កម្ចីឱ្យអាហ្វ្រិកអស់ប្រមាណជាង១៤០ពាន់លានដុល្លារ ដើម្បីបានជាថ្នូរមកវិញការផ្តល់ទីផ្សារឱ្យក្រុមហ៊ុនចិនធ្វើវិនិយោគ។ ទង្វើផ្តល់កម្ចី ដោយមានលក្ខខណ្ឌវិនិយោគបែបនេះត្រូវបានក្រុមប្រទេសលោកខាងលិច បោះបង់ចោលយូរមកហើយ។
ប្រព័ន្ធកម្ចីនេះ ផ្តល់ផលចំណេញខ្លាំងដល់ចិន ប៉ុន្តែខាងអាហ្វ្រិកវិញ ពួកគេអាចទាញផលចំណេញអំពីកំណើនសេដ្ឋកិច្ចបានយ៉ាងតិចតួចបំផុត ព្រោះមិនចេះបែងចែកផលផងប្រយោជន៍ និងព្រោះតែអំពើពុករលួយផង។ ទីបំផុត អាហ្វ្រិកមានកំណើនសេដ្ឋកិច្ចមែន តែក៏កំពុងជាប់បំណុលចិនយ៉ាងវន្តក ដែលអាចក្លាយជាបញ្ហាឯករាជភាព ហិរញ្ញវត្ថុ និងនយោបាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ