អានតួអត្ថបទ
ចិន

ចិន៖លោកស៊ី ជីនពីង​ផ្តើម​ទស្សនកិច្ច​មួយជុំ​តំបន់​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្រ្វិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កក្កដា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្រ្វិក។ ទស្សនកិច្ច​លោក​ស៊ី ជីនពីង​នឹង​ត្រូវ​បញ្ចប់​ជាមួយ​នឹង​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស Brics នា​ថ្ងៃទី២៥ និង​ទី២៦ កក្កដា​ខាង​មុខ​ក្នុង​ប្រទេស​អាហ្រ្វិកខាងត្បូង។ អេមីរ៉ាតអារ៉ាប់រួម​ដែល​ជា​ដៃគូ​ពាណិជជ្ជកម្ម​ទី១ របស់​ចិន​ជា​ប្រទេស​អារ៉ាប់​ដែល​លោក​ប្រមុខរដ្ឋ​ចិន​បាន​ទៅ​ទស្សនកិច្ច​មុន​គេ។

ប្រធានាធិបតី​ចិន​លោក Xi Jinping
ប្រធានាធិបតី​ចិន​លោក Xi Jinping © Reuters
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​របស់​លោក​ស៊ី ជីនពីង​ក្នុង​ទឹកដី​អេមីរ៉ាអារ៉ាប់រួម គឺ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​អារ៉ាប់​មួយ​នេះ។ ចំណែក​ភាគី​អេមីរ៉ាអារ៉ាប់រួម​ក៏​ចង់​បាន​ដូច​គ្នា​នេះ​ដែរ និង​ថែម​ទាំង​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​នៅ​មុន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ជា​ច្រើន​ទៅ​ទៀត។ លោក​អាលី អូបៃ អាល់ ដាហ៊ីរី ឯកអគ្គរាជទូត​អេមីរ៉ាអារ៉ាប់រួម​ប្រចាំ​ប្រទេស​ចិន​បាន​បញ្ជាក់​ដោយ​សុទិដ្ឋិនិយម​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​អាប៊ូដាប៊ី​ដែល​កំពុង​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ៥០ ០០០លានដុល្លារ​នា​ពេល​បច្ចុប្បន្ន នឹង​កើន​ឡើង​ទ្វេដង​នៅ ១០ឆ្នាំ​ខាង​មុខ។

ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​របស់​លោក​អាល់ ដាហ៊ីរី​ក៏​ដោយសារ​តែ​លោក​សំអាង​លើ​ការ​ស្រេកឃ្លាន​ខ្លាំង​របស់​ចិន​ចំពោះ​ប្រេងកាត​អេមីរ៉ាអារ៉ាប់រួម។ សូម​ជម្រាប​ជូន​ថា ចិន​ត្រូវ​ការ​ថាមពល​ដើម្បី​យក​ទៅ​ចិញ្ចឹម​បំប៉ន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។ នៅ​ក្នុង​ប្រទេស​អេមីរ៉ាអារ៉ាប់រួម មហា​ក្រុមហ៊ុន​ថាមពល​ចិន​ឈ្មោះ China National Petroleum ទើប​ទទួល​បាន​ការ​ចូលរួម​ភាគហ៊ុន​ចំនួន ១០% ជាមួយ​ក្រុមហ៊ុន​បូមប្រេង​អេមីរ៉ាអារ៉ាប់រួម​ចំនួន ២ សម្រាប់​រយៈពេល ៤០ឆ្នាំ និង​ក្នុង​តម្លៃ​ជាង ១ ០០០លានដុល្លារ។ ក្រៅ​ពី​ថាមពល​បាន​មក​ពី​ប្រេងឆៅ​ធម្មជាតិ​ក្នុង​ដី ចិន​ក៏​កំពុង​សម្លឹង​ឃើញ​ថាមពល​បៃតង​ដែរ។

ជាក់ស្តែង ចិន​កំពុង​កសាង​មជ្ឈមណ្ឌល​ស្រូប​យក​កំដៅ​ព្រះអាទិត្យ​មួយ​ក្នុង​ទីក្រុង​ឌូបៃ​ដែល​នឹង​អាច​ផ្តល់​ថាមពល​អគ្គិសនី​ក្នុង​បរិមាណ ៧០០មេហ្កាវ៉ាត់។ មជ្ឈមណ្ឌល​មួយ​នេះ​ត្រូវ​បាន​លោក​ស៊ី ជីនពីង​ចាត់​ទុក​ជា​មជ្ឈមណ្ឌល​ដ៏​ធំ​ជាង​គេ និង​ទំនើបជាងគេ​ក្នុង​លោក។ សូម​ជម្រាប​ជូន​ថា ដើម្បី​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា ចិន​បាន​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់ ពិសេស​ក្រដាស​ដុល្លារ​ដោយ​សន្យា​ផ្តល់​ប្រាក់​កម្ចី​ចំនួន ២០ ០០០លានដុល្លារ។ មួយ​ភាគ​ធំ​នៃ​ប្រាក់កម្ចី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​អតីត​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ។ គឺ​ជា​គម្រោង​ដ៏​សំខាន់​របស់​លោក​ស៊ី ជីនពីង និង​ដែល​កំពុង​ទាក់ទាញ​ប្រទេស​អារ៉ាប់​ជា​ច្រើន រួម​ទាំង​ប្រទេស​ផ្សេង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ