អានតួអត្ថបទ
ថៃ

អាជ្ញាធរ​ថៃ៖ ក្មេង១២នាក់ និង​គ្រូបង្វឹក​បាល់ ត្រូវ​បាន​​រំដោះ​យក​ចេញអស់​ពី​ក្នុង​រូងភ្នំ

ក្មេង​ថៃ ៤នាក់ ហើយនិង​គ្រូបង្វឹកបាល់ទាត់​ថៃ ដែល​ស្ថិតនៅ​ក្នុង​ក្រុមចុងក្រោយ ​​ត្រូវ​រំដោះ​ចេញ​ពីក្នុង​រូងភ្នំ ដោយ​សុវត្ថិភាព នៅថ្ងៃអង្គារ នេះ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ នៅក្នុង​ទំព័រហ្វេសប៊ុក​របស់​កងកុម្មង់ដូរជើងទឹក​ថៃ នៅយប់​ថ្ងៃ​អង្គារនេះ។ ជាសរុប មនុស្ស​ទាំង​១៣នាក់ ដែលក្នុង​នោះ មាន​ក្មេង​​១២នាក់ ហើយ​និង​គ្រូបង្វឹក​បាល់ទាត់របស់​ពួកគេ ដែលជាប់​​ក្នុង​ល្អាង ភ្នំតាំង​ពីថ្ងៃទី ២៣​មិថុនា ​ត្រូវ​បាន​ជម្លៀស​យក​ចេញ ដោយ​សុវត្ថិភាព ពីក្នុង​ល្អាង នៅក្នុង​ប្រតិបត្តិការ​រំដោះ​យក​ក្មេង ដែល​ចាប់ផ្តើម​តាំង​ពីថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​អង្គារនេះ។ 

ក្រុមជួយសង្រ្គោះ​ថៃ បូមទឹក ក្នុង​ល្អាងភ្នំ ថាមហ្លួង កន្លែង​ដែល​ក្មេងថៃ ១២​នាក់ ហើយ​និង​គ្រូបង្វឹកបាល់ទាត់​ជាប់គាំង​ដោយសារ​ទឹកជំនន់
ក្រុមជួយសង្រ្គោះ​ថៃ បូមទឹក ក្នុង​ល្អាងភ្នំ ថាមហ្លួង កន្លែង​ដែល​ក្មេងថៃ ១២​នាក់ ហើយ​និង​គ្រូបង្វឹកបាល់ទាត់​ជាប់គាំង​ដោយសារ​ទឹកជំនន់ Twitter @elonmusk/via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី៣ នៃ​ប្រតិបត្តិការ​ជួយសង្រ្គោះ​ក្មេង​ក្នុង​រូងភ្នំ នៅថ្ងៃនេះ ក្រុមជួយ​សង្រ្គោះ បាន​ចូលទៅ​ជម្លៀស​យក​មនុស្ស​៥នាក់ ចុងក្រោយ ពីក្នុង​រូងភ្នំ ដែលនៅក្នុង​នោះ មាន​ក្មេង​៤នាក់ និង​ម្នាក់ជា​គ្រូបង្វឹកបាល់ទាត់។

ខុសពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ដែល​អាជ្ញាធរ​ចូល​ទៅ​រំដោះ​យក​ក្មេង​៤នាក់ ក្នុង​មួយ​ថ្ងៃ នៅព្រឹកថ្ងៃ​អង្គារនេះ លោក ណារ៉ុងសាក់ អូសុទ្ធតាណាកន ប្រធាន​អង្គភាព​សង្រ្គោះ​បន្ទាន់​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រំដោះ យក​ចេញពី​ក្នុង​រូងភ្នំ​នៅថ្ងៃនេះ។ ក្រៅតែ​ពីក្មេង​៤នាក់ ហើយនិងគ្រូបង្វឹក​ដែល​ត្រូវ​គេ​ជម្លៀស​ចេញពី​ក្នុង​រូងភ្នំ នៅថ្ងៃនេះ មាន​ផងដែរ គ្រូពេទ្យ ម្នាក់ ហើយ​និង​កងកុម្មង់ដូរ​ជើងទឹក​ថៃ ៣នាក់ ផ្សេងទៀត ដែល​បាន​ទៅ​ប្រចាំការ នៅ​ជាមួយ ក្មេងៗ ក្នុង​ល្អាងភ្នំ​ចាប់តាំង​ពីថ្ងៃ​ដែល​អ្នកមុជទឹក​អង់គ្លេស បាន​រកឃើញ​ពួកគេ កាលពី​ដើម​សប្តាហ៍មុន។

ក្មេង​ទាំង​៨នាក់ ដែល​គេ​បាន​រំដោះ ចេញពី​ក្នុង​រូងភ្នំ កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​ឈៀងរ៉ៃ ដើម្បី​ទទួល​ការពិនិត្យ តាមដាន​សុខភាព។ លេខាអិចិន្ត្រៃយ៍​របស់​ក្រសួងសុខាភិបាល​ថៃ បាននិយាយ​ប្រាប់​អ្នកកាសែត នៅថ្ងៃ នេះ ក្មេងទាំង​៨នាក់ មាន​សុខភាព​ល្អ គ្មាន​គ្រុនក្តៅ អ្វីទេ។ គ្រប់គ្នា​មាន​សុខភាព​ផ្លូវចិត្ត​នឹងនរ។ ក្មេងខ្លះ​បាន​ទាមទារ​រក​នំប៉័ង ឬ​ស្កសូកូឡា ឬ​សាច់ជ្រូក។ ប៉ុន្តែ គ្រូពេទ្យ​បាន​ផ្តល់​ឲ្យ​ពួកគេ​តែ ទឹកបបរ ដោយសារ​មើលទៅលើ​ប្រព័ន្ធ​រំលាយ​អាហារ របស់​ក្មេង ដែល​នៅជាប់គាំង គ្មានអាហារ អស់​ជាច្រើន​ថ្ងៃ ក្នុង​រូងភ្នំ។

យ៉ាង​ណាក៏ដោយ ក្មេងៗ ដែល​មាន​អាយុ ពី ១១ ដល់​១៦​ឆ្នាំ ដែល​បាន​រស់នៅ​ជាង ២សប្តាហ៍ ក្នុង​រូងភ្នំ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​បន្ទប់ ដាច់ឆ្ងាយ ពីគេឯង​ នៅ​មន្ទីរពេទ្យ រហូត​ដល់គ្រូពេទ្យ​ច្បាស់​ក្នុង​ចិត្ត​ថា ពួកគេ គ្មាន​កើត​ជម្ងឺឆ្លង នៅពេល​រស់នៅក្នុង​រូងភ្នំ​នោះទេ។ អ្នកជំនាញ​ព្រមានថា ក្មេងៗ​ដែល​អាច​ផឹកទឹក កខ្វក់​ក្នុង​ល្អាង អាច​ប្រឈម​នឹង​ជម្ងឺឆ្លងរាតត្បាត។ ប៉ុន្តែ ការថត Xray និង​តេស្តឈាម​បង្ហាញ​ថា ក្មេង​ទាំង​អស់​មាន​សុខភាព​ល្អ​ធម្មតា លើកលែង​តែ​ក្មេង​២នាក់ ប៉ុណ្ណោះ​ដែលមាន​ជម្ងឺរលាកទងសួត។ ពួកគេ​ទាំងពីរ​នាក់​មាន​សុខភាព​ល្អប្រសើរវិញ​ហើយ​បន្ទាប់​ពី​បានលេបថ្នាំ Antibiotics។ នេះ​បើតាម​លេខាអចិន្ត្រៃយ៍​របស់​ក្រសួង​សុខាភិបាល​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ