អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១០ កក្កដា លោកស្រី​លៀវ ស្យ៉ា ភរិយា​របស់​សព​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ចិន​លោក​លៀវ សៀវពួ​បាន​ចាកចេញ​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ មាន​អាយុ ៥៧ឆ្នាំ លោកស្រី​លៀវ ស្យ៉ា​ដែល​ជា​កវី និង​វិចិត្រករ​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​ក្នុង​ផ្ទះ​ដោយ​មាន​ការ​យាមកាម​តឹងរឹង​តាំង​ពី​ឆ្នាំ ២០១០ ពោល​តាំង​ពី​ស្វាមី​របស់​លោកស្រី​បាន​ទទួល​រង្វាន់​ណូបែលសន្តិភាព។ អ្វី​ជា​ការ​កត់សម្គាល់ ការ​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចាកចេញ​ពី​ទឹកដី​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ៣ថ្ងៃ​មុន​ខួប ១ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​លៀវ សៀវពួ​ដោយ​ជម្ងឺ​មហារីក​កាល​ពី​ថ្ងៃទី១៣ កក្កដា ឆ្នាំ ២០១៧។

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ
រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ Jussi Nukari / Lehtikuva / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​គ្រប់​គ្នា​បាន​ស្គាល់ និង​បាន​និយាយ​ច្រើន​លើ​លោកស្រី​លៀវ ស្យ៉ា​មក​ដល់​ថ្ងៃ​នេះ ក៏​ដោយសារ​តែ​កេរិ៍្តឈ្មោះ​ល្បីល្បាញ​របស់​លោក​លៀវ សៀវពួ​ដែល​ជា​ស្វាមី។ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​លោក​លៀវ សៀវពួ​ក៏​ដោយសារ​តែ​លោក​ហ៊ាន​ចេញ​មុខ​ប្រឆាំង​រដ្ឋាភិបាល​ចិន​ជា​ចំហ​តាំង​ពី​លោក​បាន​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​និស្សិត​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីលាន Tiananmen ក្នុង​ឆ្នាំ ១៩៨៩។ ទោះ​បី​ជា​ធ្លាប់​ជាប់គុក​ក៏​សកម្មជន​រូប​នេះ​មិន​រាងចាល និង​បន្ត​បរិហារ​លើ​របប​ក្រុង​ប៉េកាំង​មិន​សំចៃ​មាត់​ដែរ។ ក្នុង​ឆ្នាំ ២០០៩ លោក​លៀវ សៀវពួ​ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស​ដាក់​គុក​ចំនួន ១១ឆ្នាំ​ពី​បទញុះញង់​បំផ្លិចបំផ្លាញ​រដ្ឋ។

ទោះ​បី​មាន​ការ​ថ្កោលទោស និង​ការ​អំពាវនាវ​ឲ្យ​ដោះលែង​លោក​លៀវ សៀវពួ​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​ចិន​មិន​ឈឺក្បាល មិន​ខ្ចី​យក​ត្រចៀក​ស្តាប់​ដែរ។ បន្ទាប់​មក​ក្នុង​ថ្ងៃទី៨ តុលា ឆ្នាំ ២០១០ លោក​លៀវ សៀវពួ​ក៏​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​គុក។ ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​បាន​រៀបចំ​ឡើង​ដោយ​គ្មាន​វត្តមាន​លោក​លៀវ សៀវពួ​ទេ ចំណែក​លោកស្រី​លៀវ ស្យ៉ា​ដែល​ជា​ភរិយា​ក៏​មិន​ត្រូវ​បាន​រដ្ឋអំណាច​ចិន​អនុញ្ញាត​ឲ្យ​ចេញ​ពី​ប្រទេស​ទៅ​ទទួល​ជំនួស​លោក​លៀវ សៀវពួ​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត និង​ក្រោយ​ពី​ស្វាមី​ទទួល​បាន​រង្វាន់ណូបែល​សន្តិភាព​ភ្លាម រដ្ឋអំណាច​ចិន​ក៏​ឃុំ​លោកស្រី​លៀវ ស្យ៉ា​ក្នុង​ផ្ទះ​ដោយ​មាន​ការ​យាមកាម​ពី​កម្លាំង​ប៉ូលិស​យ៉ាង​តឹងរឹង​ជា​ទីបំផុត។ សិទ្ធិសេរីភាព​ដើរ​ហើរ​ក៏​ដូច​ជា​សិទ្ធិ​ទទួល​ជួប​អ្នក​ផ្សេង​របស់​លោកស្រី​លៀវ ស្យ៉ា​នៅ​ក្នុង​ផ្ទះ​ក៏​ត្រូវ​បាន​រឹតត្បឹត សូម្បី​តែ​ចេញ​ទៅ​ជួប​មុខ​ស្វាមី​នៅ​ក្នុង​គុក​ក៏​ដោយ។ នៅ​ក្នុង​គុក លោក​លៀវ សៀវពួ​ផ្តើម​មាន​ជម្ងឺ​មហារីក ហើយ​ក៏​បាន​ទទួល​មរណៈភាព​ក្នុង​ថ្ងៃទី១៣ កក្កដា ឆ្នាំ ២០១៧។

រងគ្រោះ​ដោយសារ​តែ​ជា​ប្រពន្ធ​របស់​សកម្មជនប្រឆាំង

ពិតមែន​តែ​លោកស្រី​លៀវ ស្យ៉ា​ជា​ភរិយា​របស់​សកម្មជនប្រឆាំង​រដ្ឋអំណាច​ចិន​ក៏​ដោយ ក៏​លោកស្រី​មិន​បាន​លូកលាន់​នឹង​ការងារ​របស់​ស្វាមី ហើយ​រូប​លោកស្រី​ក៏​មិន​ស្ថិត​ក្នុង​ក្រុម​អ្នកប្រឆាំង​ចិន​ដែរ។ ចូរ​កុំ​ភ្លេច​ថា លោកស្រី​លៀវ ស្យ៉ា​ដែល​ជា​កវី និង​ជា​វិចិត្រករ​បាន​ផ្តើម​ស្គាល់​គ្នា​ជាមួយ​លោក​លៀវ សៀវពួ​ដែល​ជា​បញ្ញាវន្ត​ក្នុង​ទសវត្ស​ឆ្នាំ ៨០ ហើយ​គឺ​ចំណង​អក្សរសិល្ប៍​ដែល​បាន​ភ្ជាប់​ចំណង​ស្នេហា​រវាង​អ្នក​ទាំង​ពីរ។ លោក​ហ៊ូ ចា សកម្មជន​ប្រឆាំង​ម្នាក់​នៅ​ប៉េកាំង និង​ជា​មិត្ត​របស់​ប្តីប្រពន្ធ​ទាំង​ពីរ​បាន​បញ្ជាក់​ថា លោកស្រី​លៀវ ស្យ៉ា​មិន​ចង់​លូលលាន់​សម្តី​នៅ​ក្នុង​ការ​ជជែក​រឿង​នយោបាយ​ឡើយ។ សម្រាប់​លោក​ហ៊ូ ចា​ដដែល លោកស្រី​លៀវ ស្យ៉ា​គ្មាន​កំហុស​អ្វី​ក្រៅ​ពី​ជា​ភរិយា​របស់​សកម្មជនប្រឆាំង​ទេ។

មែនទែន​ទៅ រដ្ឋអំណាច​ចិន​ក៏​បាន​ទទួល​ស្គាល់​ពី​ភាព​ស្អាតស្អំ​នយោបាយ​របស់​លោកស្រី​លៀវ ស្យ៉ា​ដែរ ហើយ​លោកស្រី​លៀវ ស្យ៉ា​ក៏​មិន​ដែល​ទទួល​ការ​កាត់ទោស​ក្នុង​រឿង​អ្វី​មួយ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ទុក​បណ្តោយ​ឲ្យ​ភរិយា​សកម្មជន​ប្រឆាំង​រូប​នេះ​មាន​សេរីភាព​ពេញលេញ និង​បន្ត​ដើរ​ឃោសនា​ជុំវិញ​ករណី​ស្វាមី​ខ្លួន​ជា​រឿង​គ្រោះថ្នាក់​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ។ សូម​ជម្រាប​ជូន​ថា ការ​កាត់ទោស​លោក​លៀវ សៀវពួ​ឲ្យ​ជាប់គុក ១១ឆ្នាំ​ពី​ញុះញង់​បំផ្លិចបំផ្លាញ​រដ្ឋ​បាន​ធ្វើ​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ក៏​ដូច​ជា​អ្នក​គាំទ្រ​ស្វាមី​លោកស្រី​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

ក្នុង​រយៈពេល​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ លោកស្រី​លៀវ ស្យ៉ា​ផ្តើម​មាន​ជម្ងឺបេះដូង និង​មាន​ជម្ងឺ​ធ្លាក់ទឹកចិត្ត។ ក៏​ដូច​ជា​ករណី​របស់​ស្វាមី​លោកស្រី​ដែរ រដ្ឋអំណាច​ចិន​មិន​ខ្វាយខ្វល់​នឹង​ការ​អំពាវនាវ​ឲ្យ​ដោះលែង​លោកស្រី​លៀវ ស្យ៉ា​ពី​សហគមន៍​អន្តរជាតិ​ទេ។ ថ្មីៗ​នេះ លោកស្រី​លៀវ ស្យ៉ា​បាន​អះអាង​ថា បើ​គ្មាន​ការ​ដោះលែង​ទេ លោកស្រី​នឹង​សម្លាប់​ខ្លួន​ឯង​ចោល​នៅ​ក្នុង​ផ្ទះ។

អាល្លឺម៉ង់ជា​អ្នក​ខ្នះខ្នែង​ឲ្យ​មាន​ការ​ដោះលែង​លោកស្រី​លៀវ ស្យ៉ា

ទីបំផុត​នៅ​ថ្ងៃ​ចន្ទ ទី១០ កក្កដា លោកស្រី​លៀវ ស្យ៉ា​ត្រូវ​បាន​រដ្ឋអំណាច​ចិន​យល់ព្រម​ឲ្យ​ចាកចេញ​ពី​ទឹកដី​ចិន។ អាច​មាន​មូលហេតុ​រួម​ពីរ​បញ្ចូល​គ្នា​ទី១ សំណើ​សុំ​របស់​លោកស្រី​លៀវ ស្យ៉ា​ផ្ទាល់​ដើម្បី​ទៅ​ព្យាបាល​ជម្ងឺ​នៅ​បរទេស និង​ទី២ សម្ពាធ​សហគមន៍​អន្តរជាតិ ពិសេស​ពី​ប្រទេស​អាល្លឺម៉ង់។ អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ដែល​អាល្លឺម៉ង់​បាន​ផ្តើម​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​សុំ​ដោះលែង​លោកស្រី​លៀវ ស្យ៉ា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នា​ដំណាច់​ខែ​ឧសភា ឆ្នាំ ២០១៨ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​ចាត់​ទុក​សំណុំរឿង​មួយ​នេះ​ជា​សំណុំរឿង​អាទិភាព​មួយ​ក្នុង​ចំណោម​សំណុំរឿង​អាទិភាព​ផ្សេង​ទៀត​ក្នុង​ការ​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​ចិន។

គេ​មិន​ដឹង​ថា តើ​អាល្លឺម៉ង់​បាន​ដាក់​លក្ខខណ្ឌ និង​ការ​ធានា​អ្វី​ខ្លះ​ចំពោះ​ចិន​នៅ​ក្នុង​សំណើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​លោកស្រី​លៀវ ស្យ៉ា​នា​ឱកាស​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង លោកស្រី​មែរកិល​បាន​ប្រាប់​សមភាគី​ចិន​លោក​លី ខឺជាំង​នា​ពេល​នោះ​ថា អាល្លឺម៉ង់​ចង់​ទទួល​លោកស្រី​លៀវ ស្យ៉ា​ឲ្យ​សម្រាក​ព្យាបាល​ជម្ងឺ​ក្នុង​ទឹកដី​អាល្លឺម៉ង់ ពិសេស​ជម្ងឺ​ធ្លាក់ទឹកចិត្ត។ ទីបំផុត គេ​ត្រូវ​រង់ចាំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន​លោក​លី ខឺជាំង​ក្នុង​ទឹកដី​អាល្លឺម៉ង់​ក្នុង​ថ្ងៃ​ចន្ទ ទី៩ កក្កដា​ទើប​ចិន​បាន​យល់ព្រម​សំណើ​មួយ​នេះ​របស់​អាល្លឺម៉ង់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទន្ទឹម​នឹង​យល់ព្រម​សំណើ​របស់​អាល្លឺម៉ង់ ចិន​ទទួល​បាន​ត្រឡប់​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាល្លឺម៉ង់​ក្នុង​ទឹកប្រាក់​ដល់​ទៅ ២០ ០០០លានអឺរ៉ូ។

ដោះលែង​មនុស្ស​ម្នាក់​ដែល​លែង​ជា​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ទឹកប្រាក់​ដ៏​សម្បើម​របៀប​នេះ តើ​ប្រទេស​ណា​មួយ​មិន​ចង់​បាន ពិសេស​ចំ​ពេល​ដែល​ចិន​កំពុង​មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ទៀត​នោះ។ គេ​នៅ​មិន​ទាន់​ដឹង​ថា​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់ តើ​លោកស្រី​លៀវ ស្យ៉ា​នឹង​ធ្វើ​ការ​បរិហារ​រដ្ឋាភិបាល​ចិន​អ្វី​ខ្លះ​ទេ។ អ្វី​ដែល​គេ​ដឹង ចិន​មិន​បារម្ភ​សោះ​ឡើយ​ចំពោះ​បញ្ហា​នេះ ហើយ​រូបលោកស្រី​លៀវ ស្យ៉ា​ក៏​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ធំដុំ​ដែរ ព្រោះ​ដើម្បី​រក្សា និង​ការពារ​សុវត្តិភាព សន្តិសុខ​ប្អូនប្រុស​របស់​លោកស្រី គឺ​លោក​លៀវ ហ៊ី​ដែល​កំពុង​ស្ថិត​ក្នុង​ទឹកដី​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ