rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន គ្រោះធម្មជាតិ ទឹកជំនន់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហេតុអ្វី​បានជា​មាន​ប្រជាជន​ជប៉ុន​ស្លាប់​ច្រើន នៅ​ក្នុង​ទឹកជំនន់ ទឹកភ្លៀង​លើកនេះ?

media
ឡាន​លិចទឹក​នៅ​ទីក្រុង Mabi នៅ​តំបន់​ Okayamaប្រទេស​ជប៉ុន ថ្ងៃទី ៩​កក្កដា ២០១៨ ©REUTERS/Issei Kato

ចំនួន អ្នកស្លាប់​ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់ នៅភាគខាងលិច​ជប៉ុន បាន​កើនឡើង ដល់​ជាង​១០០នាក់។ តាម​កាសែត​ក្នុង​ស្រុក​ជប៉ុន ចុះផ្សាយ​នៅថ្ងៃ​ចន្ទនេះ លោក​នាយករដ្ឋមន្រ្តី​ លោក​ស៊្ហីនហ្សូ អាបេ បាន​សម្រេច​លុប​ចោល​ទស្សនកិច្ច​របស់​លោក​ទៅ​អឺរ៉ុប និង​ដើមបូព៌ា ដើម្បី​នៅ​ជិត​ប្រជាជន​ជប៉ុន ដែល​កំពុង​រងគ្រោះ​ខ្លាំង មិនធ្លាប់​មាន ដោយសារ​គ្រោះទឹក​ជំនន់ ទឹកភ្លៀង តាំងពី​ថ្ងៃ​សុក្រ។

 


រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា យ៉ាងហោចណាស់ មនុស្ស​១០៣ នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅភាគខាងលិច​ប្រទេស​ជប៉ុន។ តួលេខ​នេះ​នឹង​អាច​កើនឡើង ច្រើន​ជាងនេះ ព្រោះថា នៅ​មាន​មនុស្ស​ច្រើន​ទៀត ដែល​កំពុង​នៅ​បាត់​ខ្លួននៅឡើយ។ តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ក្រុម​ជួយ​សង្រ្គោះ​ប្រមាណ ៧៣ ០០០​នាក់ ដែល​មានតាំង​​ប៉ូលិស ក្រុមពន្លត់​អគ្គិភ័យ ហើយ​និង​កងទ័ព​ជប៉ុន កំពុង​ស្វែង ​រុករក មនុស្ស​ដែល​បាត់ខ្លួន នៅ​តំបន់​លិចទឹក។

ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​គ្រោះមហន្តរាយ​ទឹកជំនន់​នៅក្នុង​ប្រទេស នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ​បាន​សម្រេច​លុប​ចោល​ទស្សនកិច្ច​របស់​លោក ដែល​ត្រូវ​ចាប់ផ្តើម​តាំងពីថ្ងៃ​ពុធ នៅ​ប្រទេស​បារាំង ប៊ែលហ្សិក អារ៉ាប៊ី សាអូឌីត ហើយ​និង​នៅ​អេហ្ស៊ីប។

ជប៉ុន​ឧស្សាហ៍​ជួប​ប្រទះ គ្រោះមហន្តរាយ​ធម្មជាតិ ធំៗ ដែល​មាន​តាំង​ពី​ខ្យល់ព្យុះ គ្រោះរញ្ជួយដី រលកយក្ស​ស៊ូណាមី ឬ​ផ្ទុះភ្នំភ្លើង។ ប៉ុន្តែ ហេតុអ្វី បាន​ជាលើកនេះ គ្រាន់តែ​ទឹកភ្លៀង​បីថ្ងៃ​សោះ អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បែបនេះ? ភូមិសាស្រ្ត អាកាសធាតុ ហើយ​និង​ទម្លាប់​រស់នៅ​របស់​ប្រជាជន​ជប៉ុន ជា​កត្តា​រួមចំណែក​ធ្វើ​ឲ្យ​ប្រជាជន​រងគ្រោះស្លាប់​ច្រើន នៅក្នុង​គ្រោះទឹកជំនន់​ទឹកភ្លៀង លើកនេះ។ តាម​អ្នកព្យាករ​ឧតុនិយម​ជប៉ុន ខ្យល់ព្យុះ​ទីហ្វុង ដែល​នាំមកជាមួយ​នឹង​ទឹកភ្លៀង ធ្លាក់ខ្លាំង ត្រូវ​បោកបក់​យ៉ាងតិច ៦ដង លើ​ប្រជុំកោះ ជប៉ុន ពី ខែ​កក្កដា រហូត​ដល់​ខែ​តុលា។ ប៉ុន្តែ លើកនេះ នៅក្នុង​រយៈពេល​តែ ៣ថ្ងៃ បរិមាណទឹកភ្លៀងធ្លាក់​មាន​ច្រើន ដែល​មិនធ្លាប់​មាន​ពី​មុន​មក។

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ នៅពេល​ទឹកភ្លៀង ចាប់​បង្អុរ​មិនឈប់ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស ដែល​បាន​កើនឡើង​ដល់​៥លាននាក់ នៅភាគខាងលិច​ប្រទេស។ ប៉ុន្តែ គេ​វាយតម្លៃថា ចំនួន​មនុស្ស​ស្លាប់ច្រើន នៅក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​លើកនេះ ដោយសារតែ បទបញ្ជារ​ជម្លៀស​មនុស្ស​របស់​រដ្ឋាភិបាល គ្មាន​លក្ខណៈ​ចាប់បង្ខំ ឬ​យឺតពេល ព្រោះថា នៅពេល​ទឹកភ្លៀងឡើងជន់ខ្លាំង​ហើយនោះ មនុស្ស​ជាច្រើន​បាន​សម្រេច​នៅ​ផ្ទះទៅវិញ ជាជាង​ធ្វើដំណើរ​កាត់ទឹក​ដែល​ហូរខ្លាំង។ បើ​មើល​ទៅលើ​ទីតាំង​ភូមិសាស្រ្ត​របស់​កន្លែង​ដែល​លិចទឹក​ខ្លាំង ផ្ទះ របស់​ប្រជាជន សង់​ភាគច្រើន​នៅ​តំបន់​ទំនាប ដែល​អាច​ងាយរងគ្រោះ​ដោយសារ​ទឹកជំនន់។ ផ្ទះ​ភាគច្រើន របស់​ប្រជាជន​ជប៉ុន នៅ​តាម​ជនបទ ធ្វើឡើង​ពីឈើ ដើម្បី​ងាយ​ទប់ទល់​នឹង​គ្រោះរញ្ជួយដី ប៉ុន្តែ ក៏ផុយ​ស្រួយ និង​គ្រោះថ្នាក់ណាស់​ដែរ​សម្រាប់​ជីវិត​មនុស្ស នៅពេល​មាន​គ្រោះទឹកជំនន់៕