អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្មេងថៃ ៤នាក់ ត្រូវ​បាន​គេ​រំដោះ​ចេញ​រួច​ពី​ក្នុង​រូងភ្នំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​រំដោះ​ក្មេងថៃចេញពីក្នុង​រូងភ្នំ បាន​ចាប់ផ្តើម​បើកធ្វើហើយ នៅ​ព្រឹកថ្ងៃ​អាទិត្យនេះ ដោយ​មាន​ការចូលរួម​ពី​អ្នកជំនាញមុជទឹក​បរទេស ១៣នាក់ ហើយ​និង​អ្នកមុជទឹក​ជនជាតិ​ថៃ ៥នាក់។ នៅ​ម៉ោង ៧យប់ ម៉ោង​នៅ​ប្រទេស​ថៃ ក្មេង ៤នាក់ ក្នុង​ចំណោម​មនុស្ស​១៣​នាក់​ ដែល​ជាប់ក្នុង​រូងភ្នំ ២សប្តាហ៍មកហើយ​នោះ ត្រូវ​បាន​រំដោះ​ចេញ​ រួច ពីក្នុង​រូងភ្នំ​ដោយ​សុវត្ថិភាព និង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យឈៀងរ៉ៃ។ នេះ​បើតាម​ប្រភព​​របស់ក្រសួងមហាផ្ទៃ​ថៃ។ 

ក្រុមជួយសង្រ្គោះ​ទៅជួយ​រំដោះ​យក​ក្មេង​ពីក្នុង​រូងភ្នំនៅ​ខេត្ត​ឈៀងរ៉ៃ
ក្រុមជួយសង្រ្គោះ​ទៅជួយ​រំដោះ​យក​ក្មេង​ពីក្នុង​រូងភ្នំនៅ​ខេត្ត​ឈៀងរ៉ៃ ©FACEBOOK/ANYAWUT PHO-AMPAI/via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អាទិត្យនេះ អាជ្ញាធរ​ថៃ នៅទីបំផុតទៅ បាន​ប្រកាស បើក​ប្រតិបត្តិការ ចូល​ទៅ​ជួយ​រំដោះ​យក​កូនក្មេង ចេញពីក្នុង​រូងភ្នំ ក្នុង​ខេត្ត​ឈៀងរ៉ៃ។ នៅថ្ងៃ​សៅរ៍ នៅក្រោយ ដែល​អ្នកសង្រ្គោះ ថៃ​ម្នាក់ ស្លាប់ នៅពេល​ហែល​ចេញពីក្នុង​ល្អាង អាជ្ញាធរ​ថៃ ហាក់​ដូរចិត្ត លែង​ចង់​រំដោះ​ក្មេង តាមផ្លូវទឹក ដែល​គេវាយតម្លៃថា ប្រថុយប្រថាន និង​គ្រោះថ្នាក់ សូម្បី​តែ​សម្រាប់អ្នកមុជទឹក​ជំនាញ។ នៅថ្ងៃម្សិលមិញ អភិបាល​ខេត្ត​ឈៀងរ៉ៃ និង​ជា​ប្រធាន​មណ្ឌល​ជួយសង្រ្គោះ បានអះអាង​ពីការសម្រុក​ជីកខួង ពីលើ​ខ្នងភ្នំ ដើម្បី​រកច្រក​ចូល​ថ្មី ទៅ​រំដោះក្មេងៗ។ ប៉ុន្តែ នៅថ្ងៃ នេះ លោក អភិបាល​ខេត្ត​ដដែល ជា​អ្នកប្រកាស​បើក​ប្រតិបត្តិការ ជួយ​សង្រ្គោះ​តាមផ្លូវទឹកវិញ។

អាជ្ញាធរ​ថៃ បាន​អះអាងថា ទាំងកូនក្មេង​ដែល​នៅជាប់ក្នុង​ល្អាងភ្នំ ហើយ​និង​ឪពុកម្តាយ​របស់ពួកគេ​ដែល​កំពុង​ទន្ទឹង​រង់ចាំ នៅច្រកល្អាង ត្រូវ​បាន​ជូនដំណឹង​រួចហើយ​ពី​ប្រតិបត្តិការ​យកក្មេងចេញពីក្នុង​រូងភ្នំ។

ក្មេងនឹងត្រូវ​បែងចែក​ចេញជា​៤ក្រុម

តាម​ផែនការ​រំដោះ​ដែល​អាជ្ញាធរ​ថៃ​បាន​ប្រកាស​នៅថ្ងៃនេះ គឺ ក្រុមក្មេងៗ នឹង​ត្រូវ​គេបែងចែក​ចេញ​ជា​បួនក្រុម។ នៅក្រុម​ទី​១ មាន​ក្មេង​៤នាក់។ ក្រុមទី២ ទី ៣​ហើយ​និង​ទី ៤ មាន​ក្មេងៗ​បីនាក់។ គ្រូបង្វឹកបាល់ទាត់ អាយុ​២៥​ឆ្នាំ ដែល​នៅ​ជាប់គាំង​ជាមួយ​ក្មេងទាំង​១២​នាក់ នឹង​ស្ថិតនៅក្នុង​ក្រុម​ក្រោយ​គេ​ដែល​ត្រូវ​ជម្លៀសចេញពី​ល្អាង។

តាម​ផែនការ ជួយសង្រ្គោះ រំដោះ​ក្មេង ដែល​អាជ្ញាធរ​ថៃ បាន​បង្ហាញ​ដល់អ្នកកាសែត គេ​នាំយក​ឧបករណ៍ ដូចជា​បំពង់​ខ្យល់អ៊ុកស៊ីសែន និង​ម៉ាស ពាក់មុខ ទៅ​បំពាក់​ឲ្យ​ក្មេងៗ។ ​ អ្នកមុជទឹក​ជំនាញ ពីរនាក់ នឹង​អម​ដំណើរ​ក្មេងម្នាក់ ។ ក្នុង​ចំណោម​អ្នកមុជទឹក​ពីរនាក់ មានម្នាក់ ជា​អ្នកដឹកមុខ និង​កាន់​បំពង់ ខ្យល់​ឲ្យក្មេង ដែល​ចងខ្សែ​ភ្ជាប់​ទៅ​អ្នកមុជទឹក​ជំនាញ។ ដើម្បី ចេញមក​ក្រៅ និង​ដើម្បី​ជំនះចរន្តទឹក​ហូរ ពួកគេ​ត្រូវ​តោងសួរ​តាម​ខ្សែពួរ ដែល​គេ​បាន​តចេញមក​ក្រៅ។ នៅក្នុង​វិធានការ​ជម្លៀស​របស់​អាជ្ញាធរ​ថៃ គេ​បាន​បញ្ជាក់​ថា នៅពេល​ដល់​កន្លែង​ដែល​ចង្អៀត​ខ្លាំង នៅក្រោមទឹក អ្នកមុជទឹក ត្រូវ​ប្តូរ​បំពង់​ខ្យល់ ពី​លើ​ខ្នង មក​កាន់ឱប​នៅ​ខាងមុខ​វិញ ដើម្បី​អាច​ហែល​ជួយនាំ​ក្មេង​ចេញពី​កន្លែង​ដែល​វាយតម្លៃ​ថា ច្រក​ចង្អៀត លំបាក និង​គ្រោះថ្នាក់​ខ្លាំង។ នៅពេល​ទៅ​ដល់​ល្អាង​ទី​៣​ដែល​លែង​លិចទឹក ក្មេង​នឹង​ត្រូវ​ទទួល​អម​ដំណើរ​ដោយ​អ្នកសង្រ្គោះ​ផ្សេង​ទៀត ដើម្បី​ដើរ​ចេញពីរូងភ្នំ។

សម្រាប់​រដ្ឋាភិបាល​ថៃ ប្រតិបត្តិការ​នេះ គឺ​រហ័ស និង​មិនចាំបាច់​ត្រូវការ​ធនធាន​ច្រើន។ ប៉ុន្តែ គេ​បាន​ព្រមាន​ពី​ចំណុចសំខាន់​បី​ដែល​ក្មេង​ត្រូវ​មាន​នោះ គឺ ជំនាញ​មុជទឹក ស្មារតីរឹងមាំ ហើយ​និង​មិនចេះ​ភ័យស្លន់ស្លោ។ សម្រាប់​អ្នកជំនាញ​មុជទឹក ចំណុច​ដែល​សំខាន់ ជាងគេ​គឺ​រឿងភ័យស្លន់ស្លោ​នេះ​តែម្តង។ បើក្មេង​ម្នាក់​ស្លន់ ភ័យ នោះ​នឹង​នាំគ្រោះថ្នាក់​ដល់​អ្នកដទៃ រាប់​ទាំង​អ្នកដែល​ត្រូវ​ទៅ​ជួយ​អមដំណើរ។ គេ​បារម្ភថា ក្មេងៗ ដែល​រស់នៅ​ក្នុង​រូងភ្នំ គ្មាន​ពន្លឺអស់​ជាច្រើន​ថ្ងៃ អាច​នឹង​ឆាប់ភ័យ​ស្លន់ នៅពេល​ត្រូវ​ហែល​ទឹក ក្នុង​ភាពងងឹត ជាច្រើនម៉ោងថែមទៀត។

ប៉ុន្តែ តាម​គ្រូពេទ្យ​ដែល​បាន​ចូល​ទៅ​ពិនិត្យ​សុខភាព ក្នុង​រូងភ្នំ ក្មេងៗ ដែល មាន​សុខភាព​ល្អ។ ក្មេងៗ​ទៀតសោត បាន​និយាយ​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ បន្ទាប់​ពី បាន​ហាត់រៀន​មុជ​ទឹក ជាមួយ​អ្នកជំនាញ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ។ គេ​រំពឹងថា ក្មេងៗ​ដែល​មាន​ស្មារតី ជា​អ្នកកីឡា និង​អាច​តស៊ូ រស់ ជិត​១០ថ្ងៃ​ក្នុង​ល្អាង​ដ៏ងងឹត អាចឆ្លងកាត់​ឧបសគ្គ​ហែលឆ្លងទឹក លើកនេះ ដោយ​មិន​លំបាក​នោះទេ។

អាជ្ញាធរ​ថៃ​សម្រេច​បើក​ប្រតិបត្តិការ​ទៅ​រំដោះ​យក​ក្មេង តាម​ច្រក​ផ្លូវទឹក ដោយសារ​តែ​គ្មាន​ជម្រើស​អ្វីផ្សេង។ ដំបូង នៅ​ក្រោយ​ពេល គេរក​ឃើញ​ក្មេងៗ​ទាំង​១២នាក់ហើយ​និង​គ្រូបង្វឹកបាល់ទាត់​ឡើងវិញ អាជ្ញាធរ​ថៃ ប្រកាស​ថា ក្មេងៗ​នឹង​អាចស្ថិតនៅក្នុង​រូងភ្នំ យូរខែ​ទៅទៀត រហូត​រង់ចាំ​ដល់​ពេល​ទឹកស្រក នៅ​ខែ​កញ្ញា។ និយាយ​ដូច្នេះ ព្រោះ​គេ​មិន​ចង់​ឲ្យ​ក្មេងៗ ដែល​មិន​ចេះ​ហែលទឹក​សោះ ត្រូវ​មុជទឹក ក្នុង​ល្អាង ដែល​ក្រវិចក្រវៀន និង​គ្រោះថ្នាក់ មិនថា សម្រាប់​អ្នកមុជទឹក​ជំនាញ។

ប៉ុន្តែ នៅពេល​ប្រតិបត្តិការ ជីកខួង លើ​ខ្នងភ្នំ ដើម្បី រក​ច្រកចូល​ថ្មី ទៅក្នុង​រូងភ្នំ កាន់តែ​ស្មុគស្មាញ និង​ត្រូវការ​ពេលវេលា​យូរ អាជ្ញាធរ​ថៃ គ្មាន​ជម្រើសអ្វី​ក្រៅតែ​ពី​ទៅ​រំដោះ​ក្មេង​តាមផ្លូវទឹក​នោះទេ។ សម្រាប់​ក្រុមជួយសង្រ្គោះ​ថៃ ពេលវេលា​កាន់​តែ​ខើច ព្រោះថា កន្លែង ដែល ក្មេង​កំពុង​នៅ​ជាប់គាំង ក្នុង​ល្អាងភ្នំ កំពុង​ប្រឈម​នឹង​ការខ្វះ​ខ្យល់​អុកស៊ីសែន។ មួយ​វិញទៀត គេ​បារម្ភថា កំពស់ទឹក​ក្នុង​ល្អាង នឹង​អាច​កើនឡើង​ខ្ពស់ មកវិញ ព្រោះបើតាម​ឧតុនិយមថៃ ទឹកភ្លៀង នឹង​ចាប់ផ្តើម​មាន​ខ្លាំង​មកវិញ តាំងពី​ថ្ងៃ​ចន្ទ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ក្រោយនេះ។ គឺ​ទឹកភ្លៀង ហើយ​និង​កង្វះ​ខ្យល់​អុកស៊ីសែន សម្រាប់ក្មេងៗ​នេះ ហើយ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ ត្រូវ​តែ​សម្រេច ចូល​ទៅ​រំដោះ​យក​ក្មេង ពីក្នុង​រូងភ្នំ នៅ​ថ្ងៃ​នេះ ដោយ​មិនអាច​រង់ចាំ តទៅទៀត។ នៅថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមជួយសង្រ្គោះ​ថៃ និយាយ​ថា អាកាសធាតុ​អំណោយផល​នៅប៉ុន្មានថ្ងៃនេះ ជា​ឱកាស​សំខាន់​ដែល​គេ​មិនត្រូវ​អាក់ខាន​នោះទេ។ ដោយសារ​តែ​ទឹកភ្លៀង​មិនសូវ​ធ្លាក់​ច្រើន កំពស់ទឹក ក្នុង​ល្អាង បាន​ចុះ​ស្រក ជាងមុន ពោល​គឺ​បាន​ជួយ​កាត់បន្ថយ​កន្លែងលិច ទឹក ក្នុង​ល្អាង ដែល​ក្មេងៗ ត្រូវ​ហែល ចេញពីក្នុង​រូងភ្នំ។

ប្រតិបត្តិការ​រំដោះ​យកក្មេង​នឹងត្រូវ​ធ្វើ ពី ២ ទៅ​៣ថ្ងៃ

តាម​ប្រភព​ពី​ក្រុមជួយសង្រ្គោះ​ថៃ ប្រតិបត្តិការ​ទៅ​រំដោះ​យក​ក្មេង​អាច​ត្រូវការពេលវេលា ពី​២ ទៅ​៣ថ្ងៃ ពោល​គឺ​គេ​នឹង​មិន​ជម្លៀស​ក្មេង​ចេញមក​ទាំងអស់​នៅថ្ងៃអាទិត្យ​នេះ ទេ។ ការជម្លៀស​យក​ក្មេង​ចេញពី​ក្នុង​រូងភ្នំ ធ្វើឡើង ម្តង​ម្នាក់ៗ ដោយសារ​តែ​ចម្ងាយ និង​ពេលវេលា​ធ្វើដំណើរ​ទៅមក ក្នុង​រូងភ្នំ ដែល​ត្រូវការដល់​ទៅ​១១ម៉ោង។ អ្នកហែល​ទឹក​មាន​១៨នាក់ ដែលមាន​អ្នកមុជទឹក​ជំនាញ​បរទេស ១៣​នាក់។ តាមទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស អ្នកមុជទឹក បរទេស ៥០នាក់ ហើយ​និង​ថៃ ៤០​នាក់​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ចូលរំដោះ​ក្មេងថៃ នៅថ្ងៃ​អាទិត្យ។​អ្នកមុជទឹក​ម្នាក់ ត្រូវ​អមដំណើរ​ក្មេងម្នាក់។ នៅពេល​ដែល​គ្រប់គ្នា​កំពុង​រង់ចាំព្រឹត្តិការណ៍​ដ៏សំខាន់ នេះ អាជ្ញាធរ​ថៃ បាន​ត្រៀម​លក្ខណៈ មធ្យោបាយ ជាច្រើន ដូចជា ​ឧទ្ធម្ភាគចក្រ សម្រាប់​សង្រ្គោះ​ដឹក​ក្មេង និង​បិទ​ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ ដែល​ត្រូវ​ទទួល​ព្យាបាល ក្មេង ដែល​គេ​រំដោះ ចេញពី​រូងភ្នំ​ភ្លាម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ