rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាជ្ញាធរ​ថៃ​សម្រុក​ជីងខួង រកច្រកចេញមួយទៀតឲ្យ​​ក្មេង​ដែល​ជាប់កុន​ក្នុង​​​រូងភ្នំ

media
ទាហាន​ថៃ​កំពុង​ស្វែង​រក​វិធីសាស្រ្ត​ថ្មី ដើម្បី​រំដោះ​យក​ក្មេង​ពីក្នុង​រូងភ្នំ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ជ្រមុជចូល​ក្រោមទឹក ក្នុង​ល្អាង ©REUTERS/Athit Perawongmetha

មួយថ្ងៃ​ក្រោយ អតីត​ទាហាន​ថៃ ម្នាក់​ស្លាប់ ដោយសារ​អស់​ខ្យល់អុកស៊ីសែន នៅក្នុង​ប្រតិបត្តិ​ជួយសង្រ្គោះ កូនក្មេង​ក្នុង​រូងភ្នំ អាជ្ញាធរ​ថៃ ផ្លាស់ប្តូរ វិធីសាស្រ្ត ជួយសង្រ្គោះ ដោយ​បាន​សម្រុក​សកម្មភាព​ជីកខួង​ពីលើ​ភ្នំ ដើម្បី រកច្រក​ផ្លូវ ចូល​ទៅ​ជួយ​សង្រ្គោះ កុមារ​ទាំង​១២នាក់ ហើយនិង​គ្រូបង្វឹក​បាល់ទាត់។ គិត​មក​ត្រឹមថ្ងៃ​សៅរ៍ទី ៧​កក្កដា ២០១៨ មានរយៈពេល​២សប្តាហ៍ គត់  ដែល​ក្មេងទាំង១២រូប ព្រមទាំង​គ្រូបង្ហាត់បាល់ទាត់ នៅ​ជាប់គាំង​ក្នុង​រូងភ្នំ ដែល​ជន់លិច​ដោយ​ទឹកភ្លៀង​រដូវវស្សា នៅ​ក្នុងខេត្ត​ឈៀងរ៉ៃ។

 


ក្នុង​ប្រតិបត្តិការ ជួយ​សង្រ្គោះ ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ មិនធ្លាប់​មាន អាជ្ញាធរ​ថៃ​បាន​ប្រើប្រាស់ គ្រប់មធ្យោបាយ និង​វិធីសាស្រ្ត ដើម្បី ជួយ​សង្រ្គោះ រំដោះ​យកក្មេងៗ ដែល​កំពុង​ជាប់កុន ក្នុង​រូងភ្នំ។ ប៉ុន្តែ នៅ​មួយថ្ងៃ​ក្រោយ អ្នកមុជទឹក​ម្នាក់ ស្លាប់ នៅពេល​ហែលចេញពី​ក្នុង​ល្អាង អាជ្ញាធរ​ថៃ ចង់​ជៀសវាង ឲ្យ​ខាងតែបាន មិន​ចង់​ជួយ សង្រ្គោះ ក្មេងៗ តាម​ផ្លូវទឹក ដែលប្រថុយប្រថាន និង​គ្រោះថ្នាក់​ខ្លាំង។

អាជ្ញាធរ​ថៃ នៅពេលនេះ ផ្តោត​ខ្លាំង ទៅ​លើ​ការស្វែងរក ច្រកចូលថ្មី ដើម្បី ចូលទៅ​ជួយ សង្រ្គោះ រំដោះ​យក​ក្មេង ពីក្នុង​រូងភ្នំ។ នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​នេះ លោក​ណារ៉ុងសាក់ អូសុទ្ធតាណាកន ប្រធាន​ក្រុមសង្រ្គោះ​បន្ទាន់ បាន​បង្ហាញ​ពី​ប្រតិបត្តិការ​ជីកខួង ពី​លើ​ខ្នង​ភ្នំ ជាង​១០០​កន្លែង ដើម្បី​រក​ច្រកចូល ទៅ​ជិត​កន្លែង ដែល​ក្មេងៗ​ថៃ កំពុង​នៅ​ជាប់កុន ក្នុង​រូងភ្នំ ថាមហ្លួង។ ច្រក​ខ្លះ ដែល​គេ​ខួង​ចូល​ទៅ​ក្នុង​រូងភ្នំ មាន​ជម្រៅ ដល់​ទៅ​៤០០​ម៉ែត្រ។ ប៉ុន្តែ គេ​វាយតម្លៃថា កន្លែង​ដែល​ក្មេងៗ​នៅជាប់កុន នោះ ស្ថិត​នៅ​ជម្រៅ​ប្រមាណ ៦០០​ម៉ែត្រ ក្នុង​រូងភ្នំ។

តាម​ប្រធាន​ក្រុមសង្រ្គោះ​បន្ទាន់​ដដែល ដោយសារ​គេ​ខ្វះខាត ផ្នែក​បច្ចេកវិទ្យា តាំង​ពីលើ​ខ្នង​ភ្នំ គេ​នៅ​មិនទាន់​កំណត់​បាន​ទីតាំង​ពិតប្រាកដ របស់​ក្មេងៗ នៅ​ឡើយ​ទេ។

នៅពេល​គេ​រកឃើញ ក្រុមក្មេងបាល់ទាត់ ជាប់កុន​ក្នុង​រូងភ្នំ អាជ្ញាធរ​ថៃ បាន​សន្យា តខ្សែ​បណ្តាញ​ទូរស័ព្ទ​ដើម្បី ឲ្យ​ក្មេងៗ អាច​និយាយ​ទាក់ទង​ជាមួយ ឪពុកម្តាយ ដែល​រង់ចាំ​ដំណឹង​យ៉ាង​អន្ទះសារ នៅ​ច្រកចូល​រូងភ្នំ។ ប៉ុន្តែ ខ្សែទូរស័ព្ទ ដែល​គេ​ត្រូវ​រាយ​ក្នុង​រូងភ្នំ ក្រវិចក្រវៀន រាប់គីឡូម៉ែត្រ នៅ​តែ​មិនទាន់​អាច​ចេញជារូបរាង។ នៅថ្ងៃនេះ នៅ​ក្នុង​សំបុត្រ សរសេរ​ដោយ​ផ្ទាល់​ដៃ​របស់​ក្មេង សម្រាប់​ឪពុកម្តាយ កីឡាករ​វ័យក្មេង​របស់​ក្រុម​ជ្រូកព្រៃ បាន​និយាយ​ធានា​ប្រាប់​ក្រុមគ្រួសារ​ថា កុំ​ឲ្យ​បារម្ភ និង​ថា ពួកគេ​មាន​សុខភាព​ល្អ។ នៅក្នុងរូបភាពវីដេអូ​ ថតដោយ​ទាហាន​ថៃ គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ ដែល​នៅ​ជាប់គាំង​ជាមួយ​ក្មេងៗ​ទាំង​១២​នាក់ មាន​រូបរាង​ស្គម ដោយសារ​តែខ្លួន​​គេ​អាច​បារម្ភ និង​ទម្លាក់កំហុស លើ​ខ្លួន​ឯង ​ដែល​ជាអ្នកដឹកនាំ​ក្មេង​ចូល​ក្នុង​រូងភ្នំ នៅពេល​ទឹកលិច។ នៅក្នុង​សំបុត្រ នៅថ្ងៃ​នេះ គ្រូបង្វឹក​បាល់ទាត់ បាន​សរសេរ​សុំទោស គ្រប់ឪពុកម្តាយ​របស់​ក្មេង ចំណែក​ក្មេង​ទៀត​បាន​សរសេរ​សន្យា​ថា នឹង​ត្រលប់​ទៅ​ជួយ​លក់​ដូរ​ឪពុកម្តាយ​វិញ បន្ទាប់​ពី ឃ្លាត​ចេញពី​ផ្ទះ អស់​ពីរសប្តាហ៍​មកហើយ។

នៅពេល​កំពស់ទឹក​ក្នុង​ល្អាង អាច​ចាប់​កើន​ឡើងវិញ ដោយសារ​ទឹកភ្លៀង ពេលវេលា​ជួយសង្រ្គោះ ក្មេង​ចេញពីក្នុង​រូងភ្នំ មាន​កាន់តែខើច។ ទាក់ទង​នឹង​បញ្ហា​ខ្សត់​ខ្យល់​អុកស៊ីសែន ក្នុង​រូងភ្នំ​វិញ ប្រធាន​ក្រុមសង្រ្គោះ​បន្ទាន់​បាន​អះអាងថា លោក​បាន​បញ្ជា​ឲ្យ​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​គ្មាន​មុខការ​ចាំបាច់​ក្នុង​ល្អាង ចំណែក​ក្រុមជួយសង្រ្គោះ ត្រូវ​បាញ់​បញ្ចូល​ខ្យល់​បរិសុទ្ធ​ដើម្បី​ធានា​កម្រិត​ខ្យល់​អុកស៊ីសែន នៅ​ក្នុង​រូងភ្នំ៕