អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៊ុលហ្ការី៖​ចិន​បន្ត​ប្រតិបត្តិការ​ចែចូវ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សៅរ៍ ទី៧ កក្កដា ទីក្រុង​សូហ្វ៊ីយ៉ា ប្រទេស​ប៊ុលហ្ការី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល ១៦បូក១​លើកទី៧​ គឺ​រវាង​ប្រទេស​ចិន និង ១៦ប្រទេស​នៅ​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត ក្នុង​នោះ​មាន ១១ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ ជំនួបកំពូល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សង្គ្រាមពាណិជ្ជកម្ម​បាន​ផ្ទុះ​ឡើង​ជា​ផ្លូវការ​រវាង​អាមេរិក និង​ចិន។ ជា​សង្រ្គាម​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​បាន​ប្រើ​យុទ្ធសាស្រ្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​រវាង​គ្នា​ទៅ​វិញ ទៅ​មក។ ថ្លែង​នៅ​ក្នុង​ជំនួបកំពូល លោក​ប្រមុខ​រដ្ឋាភិបាល​ចិន​លី ខឺជាំង​បាន​បញ្ជាក់​ថា ចិន​នឹង​បន្ត​ដំណើរ​លើ​ផ្លូវ​នៃ​កំណែទម្រង់ និង​ការ​បើក​ទីផ្សារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

លោកនាយករដ្ឋមន្រ្តី​ប៊ុលហ្ការី Borissov (រូបស្តាំ) និង​សមភាគី​ចិន​លោក​លី ខឺជាំង
លោកនាយករដ្ឋមន្រ្តី​ប៊ុលហ្ការី Borissov (រូបស្តាំ) និង​សមភាគី​ចិន​លោក​លី ខឺជាំង Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ជំនួបកំពូល ១៦បូក១ គឺ​រវាង​ប្រទេស​ចិន និង ១៦ប្រទេស​នៅ​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​បាន​បើក​ធ្វើ​ឡើង។ តែ​ក្នុង​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​បាន​ផ្ទុះ​រវាង​ចិន និង​អាមេរិក ជំនួបកំពូលលើកទី៧​​ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ចិន​អាច​បញ្ជាក់ និង​បញ្ឈឺ​ប្រាប់​អាមេរិក​ថា ចិន​មាន​ជម្រើស​ផ្លូវ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដែល​អាច​ដើរ​បាន ពោល​មិនមែន​ពឹង​តែ​លើ​ផ្លូវពាណិជ្ជកម្ម​របស់​អាមេរិក​តែ​មួយ​ប៉ុណ្ណោះ​ទេ។ ផ្លូវ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដែល​ចិន​ចង់​និយាយ​នេះ គឺ​ផ្លូវពាណិជ្ចកម្ម​ជា​មួយ​អាស៊ី អាហ្វ្រិក និង​ជាមួយ​អឺរ៉ុប។

គួរ​បញ្ជាក់​ថា ជំនួបកំពូល ១៦បូក១ រវាង​ប្រទេស​ចិន និង ១៦ប្រទេស​នៅ​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​ពេល​នេះ គឺ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ជំនួបកំពូល​ប្រចាំ​ឆ្នាំ​រវាង​ចិន និង​សហភាពអឺរ៉ុប។ ជំនួបកំពូល​ចិន សហភាពអឺរ៉ុប​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ ១០ថ្ងៃ​ខាង​មុខ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ចំណោម ១៦ប្រទេសអឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត មាន ១១ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ និយាយ​ពី​កម្មវត្ថុ​នៃ​ជំនួបកំពូល ១៦បូក១ ពេល​នេះ​វិញ គឺ​ជា​ឱកាស​ដែល​ចិន​បាន​បញ្ជាក់​ពី​ការ​បន្ត​គម្រោង​ការងារ​ដែល​បាន​សន្យា​កាល​ពី​ជំនួបកំពូល​លើក​មុន។

ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ

នៅ​ក្នុង​ជំនួបកំពូល​លើកទី៦​ឆ្នាំ ២០១៧ ចិន​បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ជិត ៣ ០០០លានអឺរ៉ូ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​រួម​មាន ផ្លូវ​ហាយវ៉េ កំពង់ផែ តំបន់​ឧស្សាហកម្ម មជ្ឈមណ្ឌល​អគ្គិសនី បណ្តាញ​អ៊ីនធ័រនែត​ល្បឿនលឿន និង​គម្រោង​សំណង់​ជា​ច្រើន​ផ្សេង​ទៀត។ គម្រោង​ទាំង​អស់​នេះ​របស់​ចិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​នយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ចិន​ខ្លួន​ឯង​ក្នុង​ការ​ជួយ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ឲ្យ​បាន​ឆាប់​រហ័ស​រវាង​តំបន់​អឺរ៉ុប និង​តំបន់​ចុងបូព៌ា។ មាន​គម្រោង​មួយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មហា​គម្រោង​បង្កប់​ដោយ​និមិត្តរូប​ខ្ពស់ គឺ​ការ​កសាង​ផ្លូវដែក​ល្បឿនលឿន​ដែល​ត ភ្ជាប់​រវាង​ទីក្រុង​អាថែន ប្រទេស​ក្រិក និង​ទីក្រុង​ប៊ុយតាពែស ប្រទេស​ហុងគ្រី​ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ម៉ាសេដ្វាន និង​ប្រទេស​ស៊ែរប៊ី។

សូម​ជម្រាប​ជូន​ថា ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ស្ថិត​ក្នុង​តំបន់​បាល់កង់ ស៊ែរប៊ី​ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង ៧លាននាក់​ជា​ប្រទេស​ដៃគូ​សំខាន់​ជាង​គេ​របស់​ចិន។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៤ ថ្នាក់ដឹកនាំ​ចិន និង​ស៊ែរប៊ី​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​ថ្មី​មួយ​លើ​ទន្លេ​ដានូប​ដែល​ជា​ទន្លេ​មាន​ប្រវែង​វែង​លំដាប់​ទី២ នៅ​អឺរ៉ុប ពោល​មាន​ប្រវែង​ជិត ៣ ០០០គីឡូម៉ែត្រ។ ពិត​ណាស់​ថា ចិន​តែង​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​បាន​សន្យា តែ​ទន្ទឹម​គ្នា​នេះ មាន​ប្រទេស​អឺរ៉ុបខាងកើត​ភាគ​ច្រើន​ហាក់​នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​កម្រិត​វិនិយោគ​របស់​ចិន​នៅ​ឡើយ​ទេ។ មហិច្ឆតា​របស់​ចិន​កំពុង​មាន​ខ្លាំង តែ​ការ​វិនិយោគ​របស់​ចិន​នៅ​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​នៅ​មាន​កម្រិត​ទាបខ្លាំង ពោល​មាន​ត្រឹម​តែ​៣% ប៉ុណ្ណោះ​ក្នុង​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​ក្នុង​តំបន់។

តែ​មិន​ត្រូវ​ភ្លេច​និយាយ​ថា ក្រៅ​ពី​គម្រោង​វិនិយោគ​ជា​លក្ខណៈ​សមូហភាព​នៅ​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាង ចិន​ក៏​បាន​ចរចា​រកស៊ី​ដាច់​ដោយ​ឡែក​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រទេស​នីមួយៗ​នៅ​ក្នុង​តំបន់​ដែរ។

រូបមន្ត​ចិន​ជា​រូបមន្ត​បំបែកបំបាក់​អឺរ៉ុប?

ចិន​ក៏​ហាក់​មាន​ការ​ទើសទាល់​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ពេល​នេះ​ដែរ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ក្នុង​ចំណោម ១៦ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​ដែល​កំពុង​មាន​ជំនួបកំពូល​ជាមួយ​ចិន​ពេល​នេះ មាន ១១ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ មួយ​វិញ​ទៀត​ពេល​នេះ សហភាព​អឺរ៉ុប​ក៏​កំពុង​ត្រូវ​ការ​ពង្រីក​សមាជិក​ថ្មី​ទៀត​របស់​ខ្លួន​ដោយ​បញ្ចូល​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​ដែល​នៅ​សេសសល់ ពិសេស​ពង្រីក​សមាជិកភាព​ទៅ​កាន់​តំបន់​បាល់កង់។ ការ​តភ្ជាប់​អឺរ៉ុប​ទៅ​កាន់​តំបន់​បាល់កង់​ត្រូវ​បាន​សហភាព​អឺរ៉ុប​គិតគូរ​តាម​រយៈ​ការ​ធ្វើ​វិនិយោគ​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ការ​ដោះដូរ​ក្នុង​វិស័យ​អប់រំ វប្បធម៌ និង​ការ​ពង្រឹង​រួម​គ្នា​ក្នុង​វិស័យ​សន្តិសុខ និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍។

ឃើញ​ថា​ចង់ ឬ​មិន​ចង់ ចិន និង​សហភាពអឺរ៉ុប​ហាក់​កំពុង​ប្រជែង​កម្លាំង​គ្នា​ដណ្តើម​ប្រយោជន៍​ពី​ក្រុម​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត​ដែល​មាន​ខ្លះ​ជា​សមាជិក​អឺរ៉ុប និង​ខ្លះ​ទៀត​មិនមែន​ជា​សមាជិក​អឺរ៉ុប។ មាន​ការ​លើកឡើង​ថា រូបមន្ត​ដែល​ចិន​កំពុង​ប្រើប្រាស់​តាម​រយៈ​ជំនួបកំពូល ១៦បូក១ ពេល​នេះ​ជា​រូបមន្ត​ដែល​ចិន​កំពុង​បំបែកបំបាក់​អឺរ៉ុប​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ព្យាយាម​និយាយ​សម្លេង​តែ​មួយ និង​កំពុង​ត្រូវ​ការ​ឯកភាព​មួយ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន។ ចិន​បាន​យល់​ច្បាស់​ណាស់​នៅ​ត្រង់​ចំណុច​នេះ ហើយ​ចិន​ពិត​ជា​យល់​មិន​ច្រឡំ​ទេ​ថា ក្នុង​ពេល​ដែល​ផ្លូវពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កំពុង​បង្កប់​ដោយ​គ្រាប់មីន ខ្លួន​ចាំ​បាច់​ត្រូវ​រក​ផ្លូវ​វាង​មួយ។

តែ​ផ្លូវវាង​ដែល​ចិន​ប្រយ័ត្នប្រយែង​នោះ គឺ​ការ​ចៀសវាង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ