rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វៀតណាម អ៊ីនធ័រនែត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​វៀតណាម៖​អ្នកប្រើ​បណ្តាញសង្គម​​ច្រើន​ពាន់នាក់​បាន​​​ចេញ​​ពី Facebook ទៅ​​បណ្តាញសង្គម Minds

media
សភា​វៀតណាម​ក្នុង​ការ​បោះឆ្នោត​អនុម័ត​ច្បាប់​ស្តីពី​សន្តិសុខ​អ៊ីនធ័រនែត Vietnam News Agency / AFP

នៅ​ក្នុង​ប្រទេស​វៀតណាម មាន​អ្នក​ប្រើ​បណ្តាញសង្គម​រាប់សិប​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​បណ្តាញសង្គម​មួយ​ទៀត​របស់​អាមេរិក​ឈ្មោះ Minds។ បណ្តាញសង្គម Minds ដែល​ពួក​គេ​ជឿ​ថា​បាន​ឧទ្ទិស និង​លើកដំកើង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ការ​ងាក​ទៅ​រក​បណ្តាញសង្គម Minds បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​អនុម័ត​ច្បាប់​ស្តីពី​សន្តិសុខ​អ៊ីធឺណែត​ដែល​បាន​រឹតបន្តឹង​ការ​ប្រើប្រាស់​អ៊ីនធ័រនែត។ តាម​គម្រោង ច្បាប់​មួយ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មករា ឆ្នាំ ២០១៩។


ច្បាប់​ថ្មី​ស្តីពី​សន្តិសុខ​អ៊ីនធ័រនែត​បាន​បង្ខំ​ម្ចាស់​គេហទំព័រ​អ៊ីនធ័រនែត​ទាំង​អស់​ឲ្យ​ដក​ចេញ​ក្នុង​រយៈពេល ២៤ម៉ោង​នូវ​ព័ត៌មាន និង​បទអត្ថាធិប្បាយ​គ្រប់​យ៉ាង​ដែល​មាន​លក្ខណៈ​គំរាមកំហែង​ដល់​សន្តិសុខជាតិ។ ទន្ទឹម​គ្នា​នេះ ម្ចាស់គេហទំព័រ​អ៊ីនធ័រនែត​ក៏​មាន​កាតព្វកិច្ច​រក្សា​ទុក​នូវ​ព័ត៌មាន និង​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ទាំង​អស់។ ច្បាប់​មួយ​នេះ​បាន​បង្កើត​​ឲ្យ​មាន​រឿង​អាស្រូវ​នៅ​ក្នុង​ចំណោម​សកម្មជន និង​អ្នក​បង្កើត​ប្លុក​អ៊ីធឺណែត។ គួរ​បញ្ជាក់ថា ដោយសារ​តែ​នៅ​វៀតណាម​គ្មាន​មធ្យោបាយ​ឃោសនា​មហាជន​ឯករាជ្យ ក្រុម​សកម្មជន និង​អ្នក​សរសេរ​ក្នុង​ប្លុក​អ៊ីធ័រនែត​បាន​យក​បណ្តាញ​សង្គម Facebook ជា​កន្លែង​ដោះដូរ​ព័ត៌មាន និង​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន។

សព្វថ្ងៃ​នៅ​វៀតណាម មាន​អ្នក​ប្រើ Facebook ចំនួន ៥៣លាននាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប ៩៣លាននាក់។ តែ​អ្វី​ដែល​ពួក​គេ​កំពុង​បារម្ភ​ពេល​នេះ គឺ​ខ្លាច​តែ Facebook លុតជង្គង់​អនុវត្ត​តាម​ច្បាប់​ថ្មី​ស្តីពី​សន្តិសុខ​អ៊ីនធ័រនែត​របស់​រដ្ឋាភិបាល​វៀតណាម។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ មាន​ភាគច្រើន​បាន​ងាក​ទៅ​ប្រើ​បណ្តាញសង្គម​មួយ​ទៀត​របស់​អាមេរិក​ឈ្មោះ Minds ដែល​គេ​ចាត់​ទុក​ថា​មាន​សុវត្តិភាព​ជាង និង​បាន​លើកដំកើង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ លោក Bill Ottman ស្ថាបនិក និង​ជា​អគ្គនាយក​បណ្តាញសង្គម Minds បាន​ថ្លែង​ថា ក្នុង​រយៈពេល​មិន​ដល់ ១សប្តាហ៍​ផង មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ចំនួន ១០០ ០០០នាក់។

គិត​មក​ដល់​ពេល​នេះ មាន​មនុស្ស ១លាន ១សែន​នាក់​បាន​ប្រើ​បណ្តាញ​សង្គម Minds ក្នុង​នោះ​មាន​ជិត ១០% នៅ​ក្នុង​ប្រទេស​វៀតណាម។ ខុស​ពី Facebook បណ្តាញសង្គម Minds មិន​បង្ខំ​អ្នក​ចុះ​ឈ្មោះ​ឲ្យ​ផ្តល់​ទិន្នន័យ​ផ្ទាល់ខ្លួន​ទេ ហើយ​គ្រប់​កិច្ចសន្ទនា​តាម​បណ្តាញ​សង្គម​មួយ​នេះ​ត្រូវ​បាន​លាក់​ជា​សម្ងាត់។ Facebook បាន​អះអាង​ថា ខ្លួន​កំពុង​ពិនិត្យមើល​ឡើង​វិញ​លើ​ច្បាប់​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម ហើយ​កំពុង​ពិចារណា​លើ​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម។ ចំណែក​ក្រុមហ៊ុន Google បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​លើ​ច្បាប់​ថ្មី​នេះ៕