rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក-ជប៉ុន៖​លោក James Matttis សន្យា​ការពារ​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​កូរ៉េខាងជើង

media
លោក​ប្រមុខ​ការពារជាតិអាមេរិក James Mattis (រូបឆ្វេង) និង​សមភាគី​ជប៉ុនលោក Itsunori Onodera Reuters

នៅ​ថ្ងៃ​សុក្រ ទី២៩ មិថុនា​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis បិទបញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​ក្នុង​ប្រទេស​ជប៉ុន។ នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​ជប៉ុន​លោក Itsunori Onodera លោក Mattis បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន រួច​បាន​សន្យា​រក្សា​ជំហរ​ការពារ​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​ប្រឈម​នឹង​កូរ៉េខាងជើង។ ការ​ធានា និង​ការ​បញ្ជាក់​របស់​លោក Mattis យ៉ាង​ដូច​នេះ ជា​ចម្លើយ​ឆ្លើយ​តប​ចំពោះ​ក្តីព្រួយបារម្ភ​របស់​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់ ពិសេស​ជប៉ុន។


អ្វី​ដែល​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ខ្លាច​អាមេរិក​ដក​ខ្លួន​ឈប់​ជួយ​ការពារ​ពួក​គេ​ដូច​ដែល​អាមេរិក​បាន​ធ្វើ​មក​ដល់​សព្វថ្ងៃ។ ការ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​បញ្ឈប់​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ជា​កាយវិការ​មួយ​ដែល​ជប៉ុន​កំពុង​ដេក​មិនលក់ បក់​មិន​ល្ហើយ។ តែ​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​សមភាគី​ជប៉ុន​លោក Onodera លោក Mattis បាន​ធានា​បាន​ថា អាមេរិក​នឹង​មិន​បន្ធូរដៃ​ការពារ​ជបជប៉ុន​ទេ ហើយ​បញ្ជាក់​ថា ការ​ឈប់​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​គឺ​ដើម្បី​ជួយ​សម្រួល​កិច្ចចរចា​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាជើង និង​បង្កើន​ភ័ព្វសំណាង​ក្នុង​ដំណើរ​ការ​ចរចា​ស្វែង​រក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ។

លោក Mattis បាន​បន្ថែម​ទៀត​ថា​បច្ចុប្បន្ន អាមេរិក​កំពុង​ស្ថិត​លើ​ផ្លូវ​ចរចា​មិន​ធ្លាប់​មាន​ជាមួយ​កូរ៉េខាងជើង និង​ថា​ទន្ទឹម​គ្នា​នេះ សម្ព័ន្ធភាព​ដ៏​យូរលង់​រវាង​ជប៉ុន និង​អាមេរិក​នៅ​តែ​ដដែល​គ្មាន​ផ្លាស់ប្តូរ​ទេ។ សម្រាប់​ប្រមុខ​ការពារជាតិ​អាមេរិក​រូប​នេះ​ដដែល លោក​បាន​ចាត់​ទុក​សម្ព័ន្ធភាព​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តូក្យូ​ជា​មូលដ្ឋានគ្រឹះ​នៃ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ជា​ការ​ឆ្លើយ​តប​វិញ ប្រមុខ​ការពារជាតិ​ជប៉ុន​លោក Onodera ក៏​បាន​ចាត់​ទុក​កិច្ចសន្យា​រវាង​អាមេរិក និង​ជប៉ុន​ជា​កិច្ចសន្យា​មិន​អាច​សាបសូន្យ​បាន​ឡើយ រួច​បន្ថែម​ថា លោក និង​លោក Mattis ក៏​បាន​ជជែក​គ្នា​ពី​លទ្ធភាព​ក្នុង​ការ​បង្កើន​សម្ព័ន្ធភាព និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​នៅ​ក្នុង​តំបន់។

បន្ទាប់​មក លោក Onodera ក៏​បាន​យល់​ពី​សារៈសំខាន់​នៃ​ការ​សម្រេចចិត្ត​របស់​អាមេរិក​ក្នុង​ការ​បញ្ឈប់​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​សម្រាប់​តំបន់ ហើយ​សង្ឃឹម​ថា ការ​សម្រេចចិត្ត​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ នៅ​ចុង​បញ្ចប់ ប្រមុខ​ការពារជាតិ​ជប៉ុន​បាន​ក្រើន​រម្លឹក​ថ្នាក់ដឹកនាំ​អាមេរិក​កុំ​ភ្លេច​លើក​យក​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​នូវ​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ចាប់​ក្នុង​ទសវត្ស​ឆ្នាំ ៧០ និង ៨០ ហើយ​ដែល​មក​ដល់​ថ្ងៃ​នេះ ជប៉ុន​គ្មាន​ដំណឹង​ថ្មី​ពី​ពួក​គេ​ទេ៕