rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Amnesty International ​ស្នើ​អោយ​​ប្តឹង​​មេទ័ពភូមា​​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​​

media
រូបភាព​ផ្កាយរណបមួយ​បង្ហាញ​ពី​ភូមិសាស្រ្ត​នៃ​ភូមិ Min Gyi របស់​ប្រទេស​ភូមា​​​ REUTERS ATTENTION EDITORS

អង្គការ​ Amnesty International ទើបចេញរបាយការណ៍មួយ​ ​ចោទ​មេទ័ព​និង​មន្ត្រី​យោធា​ជាន់​ខ្ពស់ភូមា​១២​រូបផ្សេង​ទៀត ពីបទធ្វើ​សកម្មភាពដ៏​​ហិង្សា​​ប្រឆាំង​ទៅ​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា ​ដោយ​​​បាន​ស្នើអោយ​​ប្តឹងពួក​នេះ ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ក្នុង​​បទ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ របាយការណ៍ខាងលើនេះត្រូវ​បានចេ​ញ​​ផ្សាយ​​ ​មួយ​ថ្ងៃ​បន្ទាប់ពី​សហភាព​អឺរ៉ុប​និង​កាណាដា​ ​បាន​​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​​មន្ត្រី​ភូមា​ធំ​ៗ​ចំនួន​៧​នាក់​រួច​មក។​


អង្គការ Amnesty International ដែល​​ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​របស់​​​ខ្លួនក្នុង​​កម្រាស​​​១៨៦​ទំព័រ បាន​ចោទ​​​ជាអាទិ៍​លើ​ក្រុម​អ្នក​ទទួលខុសត្រូវ​ជាន់​ខ្ពស់​​នៃ​កងទ័ព​ភូមា ថា​ជា​អ្នកជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ អំពើ​ហិង្សា​ បោសសំអាត​ពូជសាសន៍​​ទៅ​លើ​សហគមន៍ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​​។​ គឺ​ជា​របាយការណ៍​មួយដែល​​ ​បាន​ផ្អែក​ផង​ដែរ ​ទៅ​លើ​រូបភាពនៃ​​ផ្កាយរណប ​ក៏ព្រមទាំង ​ទៅ​លើ ​ឯកសារ​​សម្ងាត់​នានា​ របស់​កងទ័ព​ភូមា​។

អង្គការ Amnesty International  ថែមទាំង​​បាន​ធ្វើការ​សាកសួរ​សាក្សី​ចំនួន​ជាង ៤០០​នាក់​នៅ​រវាង​​ខែ​កញ្ញា​ឆ្នាំ​២០១៧​និង​ខែ​មិថុនា​ឆ្នាំ ២០១៨​ ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​និង​នៅភូមា​។

លោក Matthew Wells ដែលជា​មន្ត្រីនៃ​​អង្គការ Amnesty International បាន​ចោទ​​ថា​”ការ​កើន​នូវ​អំពើ​ហិង្សា​ដ៏​​ខ្លាំងក្លា​ ដែលមានដូចជា ​ឃាដកម្ម ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ​ឬ ​ក៏ ​​ការ​ធ្វើ​ទារុណកម្ម​នានា​​ ការ​ដុត​បផ្លិចបំផ្លាញ​ទីលំនៅដ្ឋាន​ ប្រឆាំង​​​ទៅ​លើ​សហគមន៍​រ៉ូហ៊ីងយ៉ា គឺ​ពុំមែន​ជា​សកម្មភាព​ដែល​បង្ក​ឡើង​ស្រេចតែ​អំពើ​ចិត្ត ​ដោយ​ពួក​ទាហាន​តូចតាចរបស់​ភូមា​នោះ​ទេ តែ ​គឺ ​ជា ​ការ​បញ្ជា​ចេញ​​ពី​ថា្នក់​លើ​ ​នៃ​កងទ័ព​ភូមា​តែម្តង ​​នៅ​ក្នុង​ការបង្ក​​សកម្មភាព​​​ប្រឆាំង​យ៉ាង​ហិង្សា គ្រប់​បែប​យ៉ាង​​​ទៅ​លើ​សហគមន៍​​រ៉ូហ៊ីងយ៉ា។

ពោល គឺ ​មេ​បញ្ជាការ​ជាន់​ខ្ពស់របស់​កងទ័ព​ភូមា​តែ​ម្តង ដែលបាន​ចេញបញ្ជា ​​​​​​ដាក់​ពង្រាយ​អង្គភាព​ទ័ព​ស្រួច​របស់​ខ្លួន​នៅ​ជួរ​មុខ ទ័ព ​ដែល​ល្បីល្បាញ​ ​ថា​បាន​ប្រព្រឹត្ត ​អំពើ​រំលោភបំពានរួចទៅ​ហើយ។ ចំពោះ Amnesty International “ការ​សម្រេចចិត្​ត​របស់មេទ័ពភូមា​នេះ  បាន​ជះ​ផលវិបាក យ៉ាង​​មហន្តរាយ​ ទៅលើ​​​ប្រជាជន​រ៉ូហ៊ីងយ៉ា ដោយបាន​រំលឹក​ឲ្យ​ដឹង​ដែរ​ថា ​មេទ័ព​ភូមា លោក Aung Hlaing និង​អ្នកទទួលខុសត្រូវ​យោធា​ផ្សេងៗ​ទៀត បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ផ្ទាល់​នៅ​ក្នុង​តំបន់​​​រ៉ូហ៊ីងយ៉ា នៅ​​មុន​ពេល​នឹង​នៅ​ពេលធ្វើ​​យុទ្ធនាការ ​​បោស​សំអាត​ពូជសាសន៍​ ក្នុង​គោលដៅ​ ដើម្បី​ ត្រួតពិនិត្យ​ ​លើ​ប្រតិបត្តិការណ៍មួយចំនួនផង។

គួរបញ្ជាក់ថា ​នៅ​ថ្ងៃ​ពុធ​នេះ អាជ្ញាធរ​ភូមា ពុំមាន​ប្រតិកម្ម​អ្វីបន្តិចទេ​នៅ​លើ​របាយការណ៍​​របស់​ Amnesty International ​ក៏ព្រម​ទាំង​សំណើររបស់​អង្គការនេះ នៅ​​​ក្នុង​​ការ​បញ្ជូន​មេយោធាភូមា​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​៕​​​