rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

ដោយ គួច គន្ធារ៉ា

លោក​នាយរដ្ឋមន្រ្តី​បារាំង​អេឌ័រ ហ្វីលីប​ផ្តើម​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​លោក​បាន​ទៅ​ដល់​នា​ថ្ងៃ​សុក្រ ទី២២ មិថុនា។ ទីក្រុង​ឆិនចិន​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​ចិន​ជា​ទីក្រុង​ដែល​លោក​ហ្វីបលីប​បាន​ទៅ​ដល់​មុន​គេ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​សៀងហៃ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា។ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​ក្នុង​ទឹកដី​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ៦ខែ​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នៅ​ចិន​នា​ដើម​ខែ​មករា។

អ្វី​ជា​ការ​កត់សម្គាល់ តាំង​ពី​កាន់​តំណែង​​ជា​នាយករដ្ឋមន្រ្តី​បារាំង​ជាង ១ឆ្នាំ​មក នេះ​ជា​ទស្សនកិច្ច​ដ៏​ធំ និង​សំខាន់​ជាង​គេ​របស់​លោក​ហ្វីលីប​នៅ​បរទេស។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ ទី២៥ មិថុនា លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង ហ្វីលីប​បាន​ផ្តើម​នៅ​ក្នុង​ទីក្រុង​ឆិនចិន​ដែល​គេ​ហៅ​ថា​ទីក្រុង high tech ឬ​ទីក្រុង​បច្ចេកវិទ្យាខ្ពស់។ បន្ទាប់​មក លោក​ហ្វីលីប​ទៅ​ទីក្រុង​សៀងហៃ​ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​ចិន និង​បន្ត​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដើម្បី​ជួប​សន្ទនា​នយោបាយ​ជាមួយ​សមភាគី​ចិន​លោក​លី ខឺជាំង និង​ជាមួយ​មនុស្សខ្លាំង​ចិន​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។ គួរ​បញ្ជាក់​ជូន​បន្តិច​ថា ចិន​មិន​មែន​ជា​ទឹកដី​ដែល​លោក​ហ្វីលីប​មិន​ដែល​ស្គាល់​សោះ​នោះ​ទេ ព្រោះ​កាល​ពី​លោក​កាន់​តំណែង​ជា​ចៅហ្វាយ​តំបន់ Havre ស្ថិត​ប៉ែក​ខាងជើង​ប្រទេស​បារាំង លោក ហ្វីលីប បាន​ទៅ​ចិន​ប្រមាណ ១០ដង​ជា​លក្ខណៈ​ឯកជន និង​ផ្លូវការ។

ទីក្រុង​ឆិនចិន​ជា​កន្លែង​ដែល​ការ​បើក​ចំហ​សេដ្ឋកិច្ច​ចិន​បាន​ចាប់​ផ្តើម និង​ជា​កន្លែង​ដែល​មាន​កិច្ចសហប្រតិបត្តិការ​ផលិត​រថយន្ត​រវាង​ក្រុមហ៊ុន​ចិន ChangAn និង​ក្រុមហ៊ុន​បារាំង PSA កាល​ពី ៥ឆ្នាំ​មុន។ មាន​បុគ្គលិក​សរុប​ប្រមាណ​ជា ១ ១០០នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ផលិត​រថយន្ត​នោះ និង​ផលិត​បាន​រថយន្ត​ប្រមាណ​ជា ១ ០០០គ្រឿង​ក្នុង​មួយ​ខែ។ ក្រៅ​ពី​វត្តមាន​រោងចក្រ​ផលិត​រថយន្ត ក៏​នៅ​មាន​ក្រុម​អ្នកវិនិយោគ​បារាំង​វ័យក្មេង​ជា​ច្រើន​ដេល​កំពុង​រកស៊ី និង​ធ្វើ​ការ​ក្នុង​ទីក្រុង​ឆិនចិន។ ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀងហៃ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៣ មិថុនា លោក​ហ្វីលីប​បាន​ទៅ​ទស្សនា​កំពង់ផែ​ទំនើប​មួយ​បំពាក់​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ។ ក្នុង​ឆ្នាំ ២០១៧ មាន​ទំនិញ​ចំនួន ៧៥០លានតោន​បាន​ដឹក​ចេញ ចូល​ឆ្លង​កាត់​តាម​កំពង់ផែ​នោះ។

លោក​ប្រមុខ​រដ្ឋាភិបាល​ហ្វីលីប​បាន​ឆ្លៀត​រម្លឹក​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ « ផ្លូវសូត្រ​ថ្មី » តាម​សមុទ្រ ឬ​ហៅ​ថា « ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ » ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ចិន។ អ្វី​ដែល​លោក​ហ្វីលីប​ចង់​បាន គឺ​តម្លាភាព​នៅ​ក្នុង​គម្រោង​នេះ​ដើម្បី​ឲ្យ​រោងចក្រ​សហគ្រាស​បារាំង​អាច​ចូលរួម​បាន​ដោយ​លោក​គូសបញ្ជាក់​ពី​មហា​សក្តានុពល​សម្រាប់​អឺរ៉ុប និង​បារាំង។

ជំរុញ និង​ផ្តល់សន្ទុះ​លើ​សំណុំរឿង​ដែល​មាន​ស្រាប់

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ពេល​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​បារាំង​ហ្វីលីប​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន សហគ្រាស​បារាំង​គ្រាក់ៗ​ប្រមាណ​ជា ៥០នាក់ ដូច​យ៉ាង​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ឬ​ក្រុមហ៊ុន​អគ្គិសនី​ជា​ដើម។ កម្មវត្ថុ​របស់​លោក ហ្វីលីប​នៅ​ចិន​ពេល​នេះ​មិនមែន​ស្វែង​រក​កិច្ចព្រមព្រៀង​អ្វី​ថ្មី​ពី​ចិន​ទេ តែ​ដើម្បី​ជួយ​ជំរុញ និង​ជួយ​ផ្តល់​សន្ទុះ​លើ​សំណុំរឿង ឬ​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​កាល​ពី ៦ខែ​មុន។ មាន​សំណុំរឿង​សំខាន់​ចំនួន ៣ ដែល​លោក​ហ្វីលីប​ត្រូវ​ជំរុញ គឺ​នុយក្លេអ៊ែរ អាកាសចរណ៍វិទ្យា និង​លើក​ទណ្ឌកម្ម​លើ​សាច់គោ​បារាំង។

ទាក់ទង​នឹង​នុយក្លេអ៊ែរ កិច្ចចរចា​កំពុង​បន្ត​ធ្វើ​រវាង​ក្រុមហ៊ុន​បារាំង Orano និង​ក្រុមហ៊ុន​ចិន CNNC ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​មួយ​សម្រាប់​ចំរាញ់​សារធាតុ​បញ្ឆេះ។ កុងត្រា​នេះ​មាន​ទឹកប្រាក់ ១០ ០០០លានដុល្លារ និង​ដែល​ក្រុមហ៊ុន Orano និង​ក្រុមហ៊ុន CNNC ត្រូវ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៨ នេះ។ នៅ​ក្នុង​វិស័យ​អាកាសចរណ៍ ការ​កម្ម៉ង់ទិញ​យន្តហោះ Airbus ប្រភេទ A៣២០ ចំនួន ១៨៤គ្រឿង​ពី​ចិន​ដែល​ប្រកាស​ដោយ​លោក​ម៉ាក្រុង​កាល​ពី ៦ខែ​មុន​នៅ​មិន​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ តែ​លោក ហ្វីលីប សង្ឃឹម​នឹង​បញ្ចប់​ឲ្យ​បាន​នៅ​ពេល​នេះ ពិសេស​ចំ​ពេល​ដែល​ចិន​កំពុង​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ប្រធានរឿង​ចុងក្រោយ​គឺ​ទាក់ទង​នឹង​ការ​លើក​ទណ្ឌកម្ម​លើ​សាច់គោ​បារាំង​នាំ​ចូល​ចិន។ គេ​នៅ​ចាំ​មិន​ភ្លេច​ថា​នា​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង​នៅ​ចិន​នា​ដើម​ខែ​មករា ទីក្រុង​ប៉េកាំង​បាន​សន្យា​លើក​ទណ្ឌកម្ម​លើ​សាច់​គោ​បារាំង​នៅ ៦ខែ​ទៀត តែ​មក​ទល់​ពេល​នេះ ពាក្យ​សន្យា​មាន​តែ​នៅ​លើ​បបូរមាត់​ដដែល។ ដូច្នេះ​លោក​ហ្វីលីប​ត្រូវ​រម្លឹក​ចិន​ជា​ថ្មី​លើ​បញ្ហា​នេះ​ដើម្បី​ឲ្យ​បារាំង​អាច​នាំ​សាច់គោ​ទៅ​លក់​ក្នុង​ទីផ្សារ​ចិន​ជា​ថ្មី។ ដោយឡែក​នា​ឱកាស​នៅ​ចិន​ពេល​នេះ​ដែរ លោក​ហ្វីលីប​អាច​អញ្ជើញ​សមភាគី​ចិន​លោក​លី ខឺជាំង​ឲ្យ​មក​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​វិញ​ម្តង។

បារាំង​មិន​ទទួល​មេរៀន​ពី​គេ ហើយ​ក៏​មិន​ចង់​ឲ្យ​មេរៀន​ទៅ​គេ​ដែរ

រឿងសិទ្ធិមនុស្ស​ប្រហែល​ជា​មិន​ត្រូវ​បាន​លោក​ហ្វីលីប​លើក​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ទេ។ កុំ​ថា​ឡើយ​លោក​នាយករដ្ឋមន្រ្តី​បារាំង សូម្បី​តែ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​កាល​ពី ៦ខែ​មុន ក៏​លោក​ម៉ាក្រុង​មិន​បាន​លើក​យក​ទៅ​និយាយ​ចំៗ​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ដែរ។ នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ព្រោះ​លោក​ម៉ាក្រុង​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​រួច​ហើយ​ថា ដោយ​ខ្លួន​លោក​មិន​ចង់​ទទួល​មេរៀន​ពី​ថ្នាក់ដឹកនាំ​ណា​មួយ​នោះ លោក​ក៏​មិន​ចង់​ឲ្យ​មេរៀន​ទៅ​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ដែរ។

ដូច្នេះ​លោក​ហ្វីលីប​ពិត​ជា​គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​លើក​រឿង​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ទេ ហើយ​ចិន​ក៏​ប្រហែល​ជា​មិន​ចង់​ឮ និង​មិន​ចង់​ស្តាប់​រឿង​សិទ្ធិមនុស្ស​នេះ​ដែរ។ ពិត​ណាស់ ក្រុម​អង្គការ​សិទ្ធិមនុស្ស​តែង​ជំរុញ​ថ្នាក់ដឹកនាំ​បស្ចិមលោក​ដែល​ទៅ​ទស្សនកិច្ច​នៅ​ចិន​ឲ្យ​លើក​យក​រឿង​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​ថ្នាក់​ដឹកនាំ​ចិន។ តែ​ជា​រឿយៗ និង​ដោយ​ខ្លាច​បាត់បង់​ប្រយោជន៍​សេដ្ឋកិច្ច ថ្នាក់ដឹកនាំ​បស្ចិមលោក​ភាគច្រើន រួម​ទាំង​អាមេរិក​ផង​បាន​ត្រឹម​និយាយ​សើៗ​តែ​ប៉ុណ្ណោះ។

គួរ​និយាយ​ថា ថ្នាក់ដឹកនាំ​ចិន​គ្រប់​ជំនាន់​មិន​ថា​ជំនាន់​លោក​ស៊ី ជីនពីង ឬ​ជំនាន់​មុន​លោក​ស៊ី ជីនពីង​ទេ គឺ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​និយាយ​ពី​រឿង​សិទ្ធិមនុស្ស​នៅ​ចិន​ដាច់​ខាត។ អតីត​ប្រធានាធិបតី​ចិន​លោក​ចាង ហ្សេមីន​ហ៊ាន​ទាំង​ព្រមាន​ត្រង់ៗ​ថា នរណា​ក៏​ដោយ​ដែល​ចង់​រកស៊ី​ជាមួយ​ចិន គឺ​មិន​ត្រូវ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​មក​និយាយ​ឡើយ៕

ONUSIDA៖​អ្នកមាន​មេរោគអេដស៍ ៦០% ទទួល​បាន​ថ្នាំពន្យារជីវិត តែ​កង្វះ​ថវិកា​បន្ត​ចោទ​ជា​បញ្ហា

អាយុ២០ឆ្នាំ តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ធ្វើអ្វី​បាន​ខ្លះ ?

ជំនួបកំពូល​ជាលើកទីមួយ​​រវាង​លោក ដូណាល់ ត្រាំ និងលោកពូទីន

ហៃទី៖ នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ក្រោយ​ពី​បាន​ដំឡើង​ថ្លៃសាំង​ ហើយ​ពលរដ្ឋ​ផ្ទុះ​កំហឹង​

អង្គការ​សហប្រជាជាតិ​ រួមគ្នា​ផ្តួចផ្តើម​ កតិកា​​សញ្ញា​សកល ស្តីពី​ជន​អន្តោប្រវេសន៍

លោកដូណាល់ ត្រាំ៖ ផែនការ​Brexit របស់​លោកស្រី មេ អាច​សម្លាប់​កិច្ចព្រមព្រៀង​អាមេរិក អង់គ្លេស

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅ​អង់គ្លេស​ក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​មាន​ការ​ស្វាគមន៍​ពី​ក្បួន​បាតុកម្ម

អូតង់៖​អ្វី​ទៅ​ជា​ហេតុផល​ដែល​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​អឺរ៉ុប​បន្ត​ដំឡើង​សរសៃ ក ដាក់គ្នា​?

រដ្ឋាភិបាល​ចិន​​អនុញ្ញាត​ឲ្យ​លោកស្រី​លៀវ ស្យ៉ា​ចេញ​ពី​​ចិន​ទៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជាប់ឃុំ​ក្នុង​ផ្ទះ​រយៈពេល ៨ឆ្នាំ

រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​Brexit លា​ឈប់ ​ទុកឲ្យ​លោកស្រី​តេរ៉េហ្សា ម៉េ​ តែលតោល

ក្មេងថៃ ៤នាក់ ត្រូវ​បាន​គេ​រំដោះ​ចេញ​រួច​ពី​ក្នុង​រូងភ្នំ

ប៊ុលហ្ការី៖​ចិន​បន្ត​ប្រតិបត្តិការ​ចែចូវ​​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អឺរ៉ុបកណ្តាល និង​អឺរ៉ុបខាងកើត

សង្គ្រាម​ពាណិជ្ជកម្ម​ ចិន​និងអាមេរិក ចាប់​ផ្តើម​ហើយ!

បារាំង៖​សុវត្ថិភាព និង​សន្តិសុខ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កំពុង​បន្ត​ចោទ​ជា​បញ្ហា

ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​អូទ្រីស​កំពុង​បំពុល​ដោយ​ការ​ចាប់​ខ្លួន​មន្រ្តី​ការទូត​អ៊ីរ៉ង់​ម្នាក់

អាជ្ញាធរ​ថៃ៖ ក្មេងទាំង​១២នាក់ និង​គ្រូបង្វឹក នឹង​ស្ថិតនៅ​ជាប់កុន​យូរពេល​ទៀត ក្នុង​រូងភ្នំ

ធនាគារ​ពិភពលោក៖ ការប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា ខាតបង់ប្រាក់​ជាង ១ពាន់​លាន​ដុល្លារ

អឺរ៉ុប​រកឃើញ​កិច្ចព្រមព្រៀងដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍

ហេតុអ្វី​បាន​ជា​រុស្ស៊ី​ប្រឆាំង មិនទទួល​ស្គាល់អំណាច​ថ្មី​របស់​អង្គការ ហាមឃាត់​អាវុធ​គីមី?

កាតា ប្តឹង​អេមីរ៉ាតអារ៉ាប់​រួម នៅ​តុលាការ​ក្រុង​ឡាអេ ពី​បទ​រំលោភ​សិទ្ធិមនុស្ស