rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ថៃ បារាំង សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មេដឹកនាំរបបសឹក​ លោក ប្រាយុទ្ធ ចាន់អូចា បំពេញទស្សនកិច្ច​នៅ​បារាំង​ចំនួន​៤ថ្ងៃ​​

media
នាយករដ្ឋមន្រ្តីអង់គ្លេសTheresa និង​លោក​ប្រាយុទ្ធ​ ចាន់អូចា​ នៅវិមាន​នាយករដ្ឋមន្ត្រីអង់គ្លេស​នៅ Downing Street ក្នុងទីក្រុង Londres ថ្ងៃទី​២០​មិថុនា​២០១៨​ REUTERS/Toby Melville

មេ​ដឹកនាំ​របប​សឹក​និង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក ប្រាយុទ្ធ ចាន់អូចា បាន​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​ម្សិលមិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ចំនួន​៤​ថ្ងៃ។ ​លោក ចាន់អូចា នឹង​ត្រូវជួបប្រាស្រ័យ​​ជាមួយប្រធានាធិបតី​បារាំង​លោក Emmanuel Macron នៅ​​ថ្ងៃ​ចន្ទ​ទី​២៥​មិថុនាខាងមុខ។​ ឧត្តមសេនីយ​​ ប្រាយុទ្ធ ចាន់អូចា បាន​ឡើង​កាន់​អំណាច​កាល​ពី​៤​ឆ្នាំ​មុន​ ​​ដោយ​​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវីល​ថៃ​ដែល​ជាប់​ឆ្នោត​។​ ៤​​ឆ្នាំក្រោយ​​មក​ ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ថៃ បាន​ធ្វើការ​បរិហារ​ ពី​ការ​ដាក់​សម្ពាធឥតស្រាកស្រាន្ត​ពីសំណាក់​​យោធាថៃ ​​ទៅលើ​ សិទ្ធិសេរីភាព​សាធារណៈ។


គឺ​ជា​របាយការណ៍​មួយ​ដែល​​ពិបាក​ទ្រាំទ្រ​​និង​ដែលត្រូវបាន​​ចេញ​​ផ្សាយ​​ដោយ​​អង្គការ​​​​ក្រុម​មេ​ធាវី​​ថៃ​ ខាង​ការពារ​សិទ្ធិ​មនុស្ស ។​ របាយការណ៍នោះ បាន​លើក​ឡើង​អំពី ​ករណី​ផ្សេងៗ​​ជាច្រើន ដែលមាន​ដូច​ជា ការ​​ចាប់​ខ្លួន ការ​គំរាម ​បំភិត​បំភ័យ​និង​ការ​បៀតបៀន​យាយី​ ពីសំណាក់​របបសឹកថៃ​ ទៅ​លើ​ក្រុម​សកម្មជន​​ដែល​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ ឬ ក៏​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ​​ដែល​​គ្រាន់តែ​មាន​គំនិត​​​​រិះគន់​ ជាធម្មតា​ប៉ុណ្ណោះ ។​ និយាយ​ឲ្យ​ចំ ​របប​សឹកថៃ មិន​ដែល​អត់អោន​អោយឡើយ​​ចំពោះ គំនិត​​​ប្រឆាំង​មួយណា​​​ដែលលេច​ចេញ​ពី​​​​​ស្រទាប់​​ប្រជាជនស៊ីវីល​​។

លោកស្រី​ Sirikan Charoensiri ​មេធាវី​មួយ​រូប​នៃ​​អង្គការ​ក្រុម​មេធាវី​ថៃ​​ខាង​ការពារ​សិទ្ធិ​មនុស្ស​  ​បាន​លើក​បញ្ជាក់​​បន្ថែម​​ទៀត​ថា “របប​សឹកថៃ ​មាន​ចេតនា​មួយ​​ ​​ចង់​រៀបចំ សង្គម​ថៃ​​​ ឲ្យ មានលក្ខណៈ​ជារបៀបយោធា​។  ​ ចាប់តាំងពី​​របប​សឹក​​ធ្វើ​​រដ្ឋប្រហារ​​នៅ​ក្នុង​ឆ្នាំ​២០១៤ ​មក​ រដ្ឋាភិបាល​សឹក​ថៃ​ បាន​ជ្រៀត​ជ្រែក​យ៉ាង​ជ្រៅ​ចូល​ទៅ​​ក្នុង​សង្គម​ថៃ​​។

លោកស្រី​មេធាវី ​ថៃ ​​​ដដែល បានអះអាងដែរថា ​” អង្គការ​​របស់​លោកស្រី  បាន​មើល​ឃើញ​យ៉ាងជាក់​​ច្បាស់ណាស់​​​​ថា​”ប្រជាជន​ស៊ីវីល​ឥឡូវនេះ​ បាន​ក្លាយ​ទៅ​ជា​ចំណុច​ផ្ទាំង​ស៊ីប​​​របស់​​​យោធា”។  ពីព្រោះ​​យោធា​ថៃ តែង​តែគិត​ថា​” ការ​បង្ក្រាប​របស់​ពួកគេ​​ដោយ​ជោគ​ជ័យ​​ ទៅ​លើ​ប្រជាជន​ស៊ីវីល​ណា​ម្នាក់ ​​ដែល​​មាន​គំនិត​ ​ផ្ទុយ​​ពីពូួក​​ខ្លួន​នោះ​  អាច​នឹង​ជំរុញ​​​​អោយ​អ្នក​ដទៃ​ផ្សេង​ទៀ​ត បាក់ស្បាត មាន​​ការភិត​ភ័យ​រ​អាល​និង​មិន​ហ៊ានតស៊ូធ្វើ​​​​តាម​គ្នាដែរ។​​  

អង្គការ​​ក្រុម​មេធាវី​ខាង​ការពារសិទ្ធ​មនុស្ស​នៅ​​ប្រទេស​ថៃ ក៏​បាន​លើក​និយាយ​ផងដែរ អំពី​​​ការ​​លួច​ជ្រៀត​​ចូល​​របស់​មន្ត្រីយោធា​ជាច្រើន​ នៅ​​​​​ក្នុងរង្វង់​រដ្ឋបាលស៊ីវីលថៃ។ ហើយ​យោងតាម​យោបល់របស់​អង្គការខាងលើនេះដដែល "ទង្វើរបស់ក្រុម​មន្ត្រីយោធាថៃ​បែប​នោះ​​ ក៏ជាមធ្យោបាយមួយដ៏ប្រសើរ​​ក្នុង​​​ ការត្រួតត្រា​​ជាប់​ជានិរន្ត​​​របស់ពួកគេ​​នៅ​​ក្នុង​ប្រទេស​៕​​​​​