rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប្រជាសាស្រ្ត ជប៉ុន អន្តោប្រវេសន៍ សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

វិបត្តិ​ប្រជាសាស្រ្ត​ធ្វើ​ឲ្យ​ជប៉ុន​សម្រេច​បន្ធូរបន្ថយ​ច្បាប់​អន្តោប្រវេសន៍

media
ប្រជាជន​ជប៉ុន​នៅទីក្រុង​តូក្យូ នៅ​ឆ្នាំ ២០១៣ ©AFP PHOTO / Toru YAMANAKA

រដ្ឋាភិបាល​ជប៉ុន នៅ​ចុងសប្តាហ៍​មុន បាន​សម្រេច​បន្ធូរបន្ថយ​ច្បាប់អន្តោប្រវេសន៍ ដែល​ធ្លាប់​​តែ​តឹងរ៉ឹង មិន​ស្វាគមន៍​ជនបរទេស។ ទៅតាម​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ថ្មី​របស់​លោក​នាយក​រដ្ឋមន្រ្តី​អាបេ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៥ ជប៉ុន​នឹង​បើកទ្វារ​ទទួល​យក​ពលករ​​បរទេស ប្រមាណ ៥​សែននាក់ សម្រាប់​ឆ្លើយតប​នឹង​ការខ្វះខាត កម្លាំង​ពលកម្ម និង​​ក្នុង​បរិបទ​ដែល​ចំនួន​ប្រជាជន​សកម្មជន​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​នៅ​ប្រទេស​ជប៉ុន។

 

 

 


ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ចំនួន​ប្រជាជន​សកម្ម រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​បន្ធូរបន្ថយ​ចំណុច​ខ្លះ​នៃ​ច្បាប់​អន្តោប្រវេសន៍។ សេចក្តីព្រាង​ច្បាប់​ថ្មី នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សភា ពិភាក្សា និង​អនុម័ត នៅ​ចុងឆ្នាំនេះ។

ជារួម រដ្ឋាភិបាល​ជប៉ុន​ចង់​បង្កើត​ទិដ្ឋាការ​ការងារ​ថ្មី ដែល​នឹង​អនុញ្ញាត​ឲ្យ​ពលករ​បរទេស ​មិន​សូវ​មាន​ជំនាញខ្ពស់ អាច​ចូល​ទៅ​ធ្វើការ នៅ​ប្រទេស​ជប៉ុន។ តាមរយៈ​ទិដ្ឋាការថ្មី ជប៉ុន ចង់​បាន​បន្ថែម ពលករ​បរទេស ប្រមាណ ៥សែននាក់ ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៥។ ជប៉ុន​បើកទ្វារ​ទទួល ប៉ុន្តែ ក៏​មិនចំហរ​ធំពេក​ដែរ។ ពលករ​បរទេស​នឹង​ទទួល​បាន​ទិដ្ឋាការ​ការងារ រយៈពេល​តែ ៥ឆ្នាំ មិនអាច​នាំយក​គ្រួសារ ប្រពន្ធកូន​មកជប៉ុន និង​អាច​ធ្វើការ​តែនៅក្នុង​វិស័យ​៥ តែប៉ុណ្ណោះ ដូចជា កសិកម្ម សំណង់ សាធារណៈ ជំនួយ​សុខភាព​របស់​មនុស្សចាស់ សេវា​លក់ទំនិញ និង​សណ្ឋាគារ​ជាដើម។ មុន​នឹង​បាន​ទទួល​បណ្ណការងារ​រយៈពេល​៥​ឆ្នាំ​ទៀតសោត ជនអន្តោប្រវេសន៍ ត្រូវ​ឆ្លងកាត់​ការធ្វើតេស្ត ភាសា​ជប៉ុន និង​បង្ហាញ​សមត្ថភាព​ថា អាច​រស់នៅ​ដោយ​ខ្លួនឯង​នៅ​ប្រទេស​ជប៉ុន។

វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន​ស្តែង​ឲ្យឃើញពី​របត់​នយោបាយ​ថ្មី​មួយ​របស់​ជប៉ុន ព្រោះថា រហូតមក ជប៉ុន​មាន​នយោបាយ​អរិភាព បិទទ្វារ​មិន​ស្វាគម ជនអន្តោប្រវេសន៍​នោះ​ទេ ដោយសារ​តែ​ជប៉ុន​បារម្ភ​ខ្លាច​ថា ជនអន្តោប្រវេសន៍​នឹងអាច​នាំចូល​កាន់តែច្រើន បទឧក្រិដ្ឋកម្ម​នៅ​ជប៉ុន។

កន្លងមក ជប៉ុន​ទទួល​យក​តែ​ជន​បរទេស​ណា ដែល​មាន​ជំនាញខ្ពស់ៗ​ប៉ុណ្ណោះ សម្រាប់​ការងារ​រដ្ឋ។ នៅ​ឆ្នាំ ២០០៨ គេរកឃើញ​មាន​ជនបរទេស ប្រមាណ ៤សែន ៨ម៉ឺននាក់ ប៉ុណ្ណោះ ដែល​មាន​បណ្ណការងារ ជប៉ុន។ ប៉ុន្តែ ជប៉ុន ដែល​ជួប​វិបត្តិ​ខ្វះមនុស្ស​នៅទីផ្សារ​ការងារ ដោយសារ​ការចូលនិវត្តន៍​កាន់តែច្រើន​របស់​បុគ្គលិក​ជប៉ុន និង​កង្វះ​យុវជន​សម្រាប់​បំពេញ​កន្លែងទំនេរ បានប្តូរជំហរ ដោយ​សម្រេច​ទទួល​យក​ច្រើន​ជាងមុន​ពលករ​បរទេស។ នៅ​ឆ្នាំមុន គេរកឃើញ​មាន​ជនបរទេស ជាង ១លាន ២សែននាក់ ធ្វើការ​នៅ​ជប៉ុន។ ប្រជាជន​ចិន នាំមុខគេ (២៩%) បន្ទាប់មក គឺ​វៀតណាម(១៩%) ហ្វីលីពីន(១២%) ប្រេស៊ីល (៩%) និង​នេប៉ាល់ (៥%)៕