អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

រឿងសិទ្ធិមនុស្ស​មិន​ត្រូវ​បាន​លើក​ទៅ​ជជែក​នៅ​ក្នុង​ជំនួបកំពូល​រវាង​លោកត្រាំ និង​លោកគីម

ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ថ្ងៃ​អង្គារ ទី១២ មិថុនា​នៅ​ប្រទេស​សិង្ហបុរី​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​បិទបញ្ចប់​ដោយ​ទទួល​បាន​សេចក្តីថ្លែងការណ៍​រួម​មួយ។ ជាមួយ​នឹង​សេចក្តីថ្លែងការណ៍​រួម​នេះ លោក​គីម​បាន​សាទរ និង​បញ្ជាក់​ពី​ការ​បង្កើត​បាន​នូវ​ចំណង​ទាក់ទង​ពិសេស​ជាមួយ​លោក​ត្រាំ។ ចំណែក​លោក​ត្រាំ​បាន​ធានា​ថា នីតិវិធី​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ចាប់​ផ្តើម​ឆាប់ៗ​ខាង​មុខ។ តែ​រឿង​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ​ហាក់​មិន​ត្រូវ​លើក​យក​ទៅ​និយាយ​នៅ​ក្នុង​ជំនួប​នោះ​ទេ។ នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកការពារសិទ្ធិមនុស្ស​បាន​រម្លឹក​ជា​ថ្មី​ថា កូរ៉េខាងជើង​ជា​គុក​ឥត​ជញ្ជាំង។

លោក​ដូណាល់ ត្រាំ​នៅក្នុងសន្និសីទកាសែត ថ្ងៃទី១២ មិថុនា​នៅ​សិង្ហបុរី
លោក​ដូណាល់ ត្រាំ​នៅក្នុងសន្និសីទកាសែត ថ្ងៃទី១២ មិថុនា​នៅ​សិង្ហបុរី Singapore Ministry of Communications and Information/Handout via
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ការ​ញញឹម និង​ចាប់ដៃ​គ្នា​យ៉ាង​រលាក់​រហូត​ដល់​ក្នុង​ពេល​អង្គុយ​ជជែក​ទល់​មុខ​គ្នា និង​ការ​ស្រស់ស្រូប​អាហារ​រួម​គ្នា លោក​ត្រាំ និង​លោក​គីម​ហាក់​បាន​បំភ្លេច​ចោល​ទាំង​ស្រុង​នូវ​រឿង​រកាំរកូស​ដែល​មាន​រវាង​គ្នា រួម​ទាំង​ព្រឹត្តិការណ៍​ជា​ច្រើន​ដែល​បាន​កើត​មាន​នៅ​កូរ៉េខាងជើង និង​ដែល​លោក​ត្រាំ​ធា្លប់​បាន​រិះគន់ ទិតៀន​វាយបរិហារ​មិន​តម​សម្តី​ទេ ពិសេស​ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ នៅ​ក្នុង​សន្និសីទកាសែត លោក​ត្រាំ​បាន​ធានា​អះអាង​ពី​ការ​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​គីម។ តែ​លោក​ត្រាំ​ហាក់​មិន​បាន​លំអិត​អ្វី​បន្ថែម ហើយ​បែរ​ជា​ឆ្លើយ​ពង្វាង​នឹង​សំណួរ​របស់​អ្នកកាសែត​ម្នាក់​ដែល​សួរ​ពី​រឿង​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ Otto Warmbier។

លោក Otto ជា​និស្សិត​អាមេរិកាំង​ដែល​បាន​ទៅ​លេង​កូរ៉េខាងជើង​ក្នុង​ឆ្នាំ ២០១៦ តែ​ត្រូវ​បាន​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​កាត់ទោស​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ចំនួន ១៥ឆ្នាំ​ក្នុង​បទ​បាន​បំផ្លាញ​ផ្ទាំងបដា​ឃោសនា​ក្នុង​សណ្ធាគារ​ដែល​គាត់​ស្នាក់នៅ។ ទីបំផុត​ក្នុង​ថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៧ លោក Otto ត្រូវ​បាន​រដ្ឋអំណាច​កូរ៉េខាងជើង​បាន​បញ្ជូន​ទៅ​អាមេរិក​ក្នុង​ស្ថានភាព​សន្លប់បាត់​ស្មារតី និង​ទទួល​មរណភាព​នៅ ១សប្តាហ៍​ក្រោយ​មក។ ពេល​នោះ រូប​លោក​ត្រាំ​មិន​ញញើត​នឹង​បរិហារ​របប​សាហាវយង់ឃ្នង​របស់​លោក​គីម​ទេ។ ក្រៅ​ពី​រឿងរ៉ាវ​មួយ​នេះ លោក​គីម​ក៏​ជាប់ចោទ​ក្នុង​រឿង​អូស ក ឱពុកមា​លោក​ចាង សុងថេក​ទៅ​កាត់ទោស​ប្រហារជីវិត​ក្នុង​បទក្បត់ជាតិ​ក្នុង​ឆ្នាំ ២០១២ និង​សម្លាប់​បងប្រុស​ម្តាយទីទែ​លោក​គីម ជុងណាម​នៅ​ព្រលាន​យន្តហោះ​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ២០១៧។

របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​ក្នុង​លោក​របស់​ក្រសួង​ការបរទេស​អាមេរិក​ឆ្នាំ ២០១៧ បាន​ចោទ​កូរ៉េខាងជើង​ពី​បទរំលោភ​សិទ្ធិមនុស្ស​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ចាប់​ញាត់គុក​ដោយ​មិន​បាច់​កាត់ទោស គាបសង្កត់​លើ​សកម្មជនប្រឆាំង និង​ចាប់​ជំរិតមនុស្ស​នៅ​បរទេស។ នៅ​មុន​ជំនួបកំពូល​ត្រាំ គីម មាន​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ជាង ៣០០អង្គការ​បាន​អំពាវនាវ​ឲ្យ​ក្រុង​ព្យុងយ៉ាង​គោរព​សិទ្ធិមនុស្ស។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​កូរ៉េខាងជើង​ជា​គុក​ឥត​ជញ្ជាំង​ដំបូល​ប្រក់មេឃ។ Amnesty International បាន​សម្តែង​ការ​សោកស្តាយ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​ចែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ