rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!

ដោយ គួច គន្ធារ៉ា

ថ្ងៃ​អង្គារ ទី១២ មិថុនា ឆ្នាំ ២០១៨ នេះ​ជា​ថ្ងៃ​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​សិង្ហបុរី។ ក្រៅ​ពី​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​ទាំង​ពីរ ពិភពលោក​ក៏​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​បុគ្គលិកលក្ខណៈ និង​មូលហេតុ​ដែល​បាន​ជំរុញ​បុរស​ទាំង​ពីរ​ឲ្យ​យល់​ព្រម​អង្គុយ​ជជែក​ទល់​មុខ​គ្នា​ពេល​នេះ។

គឺ​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ជឿ និង​ពិត​ជា​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​សោះ​ឡើយ​ថា​ទីបំផុត ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​បុរសជើង​ខ្លាំង​ទាំង​ពីរ​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​អាច​លេច​រូបរាង​ពិត​ក្នុង​ថ្ងៃ​នេះ។ នឹក​ស្មាន​មិន​ដល់ ព្រោះ​លោក​ត្រាំ និង​លោក​គីម​ជា​ឥស្សរជន​ដែល​មាន​ទស្សនវិស័យ​ផ្ទុយ​គ្នា​ស្រឡះ ចេញ​ពី​ប្រភព​ពីរ​ខុស​គ្នា​ដូច​មេឃ និង​ដី ពោល​ម្នាក់​ជា​កំពូល​អ្នកប្រជាធិបតេយ្យ និង​ម្នាក់​ទៀត​ជា​កំពូល​អ្នក​ផ្តាច់ការ។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ និង​លោក​គីម​ក៏​មាន​អាយុ​ខុស​គ្នា​ច្រើន គឺ​អាយុ ៧១ឆ្នាំ​ឈាន​ចូល ៧២ឆ្នាំ​នៅ​ថ្ងៃទី១៥ មិថុនា ឆ្នាំ ២០១៨ សម្រាប់​លោក​ដូណាល់ ត្រាំ និង​អាយុ​ខ្ទង់ ៣០ឆ្នាំ​ប្លាយ​សម្រាប់​លោក​គីម ជុងអ៊ុន។

ក្រៅ​ផ្លូវការ លោក​គីម ជុងអ៊ុន​កើត​ក្នុង​ឆ្នាំ ១៩៨៤ តែ​នៅ​ក្នុង​បញ្ជីជាតិ លោក​ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៨២។ ជម្រើស​ឆ្នាំ​កំណើត ១៩៨២ គឺ​ដើម្បី​តម្រូវ​នឹង​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​កំណើត​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា និង​ខួបគម្រប់ ៤០ឆ្នាំ​នៃ​កំណើត​លោក​គីម ជុងអ៊ីល​ដែល​ជា​ឱពុក។ ក្រៅ​ពី​មាន​អាយុ​ខុស​គ្នា​ពាក់កណ្តាល លោក​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ក៏​មាន​ប្រភព និង​មាន​បទពិសោធន៍​នយោបាយ​មិន​ដូច​គ្នា​ដែរ។ លោក​គីម​បាន​ចាប់​កើត និង​ត្រូវ​បាន​ជីតា និង​ឳពុក​ចិញ្ចឹម​បីបាច់ ថែរក្សា​ឲ្យ​រៀនសូត្រ​ដើម្បី​បន្ត​ស្នងអំណាច​ពី​ត្រកូល​គីម។ រីឯ​លោក​ត្រាំ​ជា​អ្នកជំនួញ​អចលនទ្រព្យ​តាំង​ពី​ទសវត្ស​ឆ្នាំ ៧០ មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី៧០ ក្នុង​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧។

ឃើញ​ថា​រវាង​លោក​គីម និង​លោក​ត្រាំ លោក​គីម​មាន​បទពិសោធន៍​នយោបាយ​មុន​លោក​ត្រាំ​ចំនួន ៥ឆ្នាំ ព្រោះ​លោក​បាន​ស្នង​តំណែង​ពី​ឱពុក​តាំង​ពី​ឆ្នាំ ២០១១។ តែ​នេះ​មិនមែន​មាន​ន័យ​ថា ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ដ៏​វ័យ​ក្មេង​ជាង​គេ​ក្នុង​លោក​រូប​នេះ​ជា​អ្នកនយោបាយ​ចាស់ចិត្ត ចាស់គំនិត​នោះ​ទេ ហើយ​លោក​ត្រាំ​ដែល​ជា​ថ្នាក់ដឹកនាំ​អាមេរិក​មាន​វ័យចំណាស់​ជាង​គេ​ក្នុង​លោក និង​ទើប​មាន​បទពិសោធន៍​នយោបាយ​ថ្មីថ្មោង​ទៀត​សោត ក៏​មិន​អាច​ចាត់​ទុក​ជា​អ្នក​នយោបាយ​ស្ទើរភ្លើង​នោះ​ដែរ។ ក្រៅ​ពី​ភាព​ខុស​គ្នា ក៏​គេ​សង្កេត​ឃើញ​មាន​ភាព​ដូច​គ្នា​រវាង​លោក​ត្រាំ និង​លោក​គីម​ដែរ។ ភាព​ដូច​គ្នា​នោះ គឺ​របៀប​ដឹកនាំ​ដែល​ឥស្សរជន​ទាំង​ពីរ​មិន​ញញើត​នឹង​កំចាត់​អ្នក​ប្រឆាំង​ខ្លួន។

ជាក់ស្តែង មាន​ថ្នាក់ដឹកនាំ​ខ្លះ​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​ត្រូវ​បាន​លោក​ត្រាំ​ដក​ចេញ​ឆៅៗ និង​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ចុះចេញ​ដោយ​ខ្លួន​ឯង។ រីឯ​លោក​គីម​ទើប​បាន​រុះរើ​សមាសភាព​ក្នុង​ជួរ​កងទ័ព និង​មិន​ញញើត​ដៃ​ក្នុង​ការ​សម្លាប់​ឱពុកមា និង​បងប្រុស​ម្តាយទីទៃ​របស់​ខ្លួន។ ងាក​មក​និយាយ​ពី​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និយាយ​ជា​រួម និង​ទំនាក់ទំនង​រវាង​លោក​ត្រាំ និង​លោក​គីម និយាយ​ដោយឡែ​វិញ គឺ​ជា​ទំនាក់ទំនង​មួយ​តានតឹង ស្មុគស្មាញ និង​បង្កប់​ដោយ​ភាព​មិន​ទុកចិត្ត​គ្នា។ កូរ៉េខាងជើង​ជា​ប្រទេស​សត្រូវ​ដុះស្លែ​យូរឆ្នាំ​ជាង​គេ​របស់​អាមេរិក ពោល​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ក្នុង​ឆ្នាំ ១៩៥៣។

តាំង​ពី​ពេល​នោះ​មក ពាក្យពេចន៍​នៃ​ការ​ឆ្លើយឆ្លង​រវាង​ព្យុងយ៉ាង និង​វ៉ាស៊ីតោន​មាន​តែ​ការ​គំរាម និង​ជេរប្រមាថ​គ្នា​ទៅ​វិញ ទៅ​មក។ រវាង​លោក​ត្រាំ និង​លោក​គីម សង្រ្គាម​ពាក្យសម្តី​បាន​ផ្ទុះ​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃទី២ មករា ២០១៧ ពោល​មុន​លោក​ត្រាំ​ចូល​កាន់​តំណែង​ជា​ផ្លូវការ។ លោក​ត្រាំ​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា គ្មាន​ថ្ងៃ​ដែល​កូរ៉េខាងជើង​មាន​លទ្ធភាព​ផលិត​អាវុធនុយក្លេអ៊ែរ​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមរិកាំង​បាន​ឡើយ។ ប៉ុន្មាន​ខែ​ក្រោយ​មក ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ចំនួន ២គ្រាប់។ ក្រុង​វ៉ាស៊ីតោន​បាន​ឆ្លើយ​តប​វិញ​ដោយ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​លោក​ត្រាំ​សន្យា​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយ​ជា​ផេះ។

ការ​គំរាមកំហែង​ដាក់​គ្នា​ក៏​បាន​ឆ្លង​ដល់​ការ​ជេរប្រមាថ ដៀមដាម​ដាក់​គ្នា​រវាង​លោក​ត្រាំ និង​លោក​គីម។ លោក​ត្រាំ​បាន​ចាត់​ទុក​លោក​គីម​ជា​បុរសគ្រាប់មីស៊ីល ជា​បុរសកន្តឿតូច​មាឌធំ ឬ​ជា​ឆ្កែជំទង់​ឈឺ​ជា​ដើម។ ជា​ការ​ប្រមាថ​បក​វិញ លោក​គីម​បាន​ចាត់​ទុក​លោក​ត្រាំ​ជា​មនុស្ស​ឡប់សតិ ឬ​ជា​ឆ្កែបន្លាច​ដែល​មិន​គួរ​ឲ្យ​ខ្លាច​ជា​ដើម។ បន្ទាប់​មក​ទៀត លោក​ត្រាំ​បាន​ឆ្លើយ​នឹង​លោក​គីម​ដែល​បង្ហាញ​ប៊ូតុង​ចុច​គ្រាប់បែកនុយក្លេអ៊ែរ​ថា លោក​ក៏​មាន​ដែរ ហើយ​មាន​ធំ​ជាង​ប៊ូតុង​របស់​លោក​គីម​ទៅ​ទៀត។ គឺ​ទើប​តែ​នា​ឱកាស​ល្បែងកីឡាអូឡាំពិក​រដូវរងា​រៀបចំ​ដោយ​កូរ៉េខាងត្បូង​ក្នុង​ខែ​កុម្ភៈ ដើមឆ្នាំ ២០១៨ នេះ​ទេ​ដែល​អ្វីៗ​ហាក់​បាន​ស្ងប់ស្ងាត់​រហូត​លេច​ពន្លឺ​នៃ​គម្រោង​ជំនួប​រវាង​លោក​គីម និង​លោក​ត្រាំ។

តាម​ពិត​ទៅ អ្នក​ដែល​បាន​ផ្តួចផ្តើមគំនិត និង​រៀបចំ​ឲ្យ​មាន​ការ​រំកិល​រក​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង និយាយ​ជា​រួម និង​រវាង​លោក​ត្រាំ និង​លោក​គីម និយាយ​ដោយឡែក គឺ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ឯណោះ​ទេ។ លោក​មូន ចៃអ៊ីន​ដែល​បាន​ជួប​លោក​គីម ជុងអ៊ុន​ដល់​ទៅ​ពីរ​ដង ហើយ​គឺ​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូប​នេះ​ឯង​ដែល​បាន​បន្ត​ជួយ​សម្រុះសម្រួល​ឲ្យ​មាន​ជំនួបពិត​រវាង​លោក​ត្រាំ និង​លោក​គីម​ក្នុង​ថ្ងៃ​នេះ។ ចូរ​កុំ​ភ្លេច​ថា ក្រោយ​ពី​បាន​ព្រមព្រៀង និង​កំណត់​ថ្ងៃ​ជួប​គ្នា​ហើយ​ក៏​ដោយ ក៏​ភាព​រកាំរកូស និង​ការ​គំរាមកំហែង​លុបចោល​ជំនួប​បាន​បន្ត​កើត​មាន​ជា​ហូរហែ​រហូត​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ថា​ទីបំផុត លោក​ត្រាំ និង​លោក​គីម​សុខចិត្ត​ចាប់ដៃ និង​អង្គុយ​ជជែក​គ្នា​ដោយ​ទុក​ចោល​រឿង​អតីតកាល​មួយ​អន្លើ៕

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?

បំណុល​របស់​រដ្ឋាភិបាលបារាំង​កើន​ជិត​១០០ភាគរយ

Brexit អាច​គំរាម​ដល់​ប្រសិទ្ធិភាព ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ​នៅ​អឺរ៉ុប

តុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីឱ្យបូលីវី​ចាញ់​ស៊ីលី​ក្នុង​ជម្លោះ​ព្រំដែន

អេស្ប៉ាញ៖​អ្វី​ទៅ​ជា​ស្ថានការណ៍​ពិត​នៅ​តំបន់​កាតាឡូញ៉ា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ឯករាជ្យ​កាល​ពី ១ឆ្នាំមុន?

អ៊ីស្រាអែល-រុស្ស៊ី ៖ ទំនាក់ំ​ទំ​​​​​​​​​​​​​​​​​​​​​នងសាំញ៉ាំ ​តាំង​ពី​ឆ្នាំ​ ១៩៤៧​ មក​

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

តើគេ​អាច​ធ្វើជំនួញ​ជាមួយ​អ៊ីរ៉ង់ បាន ដោយ​មិនឲ្យ ជាប់​ទណ្ឌកម្ម​របស់​អាមេរិក​ដែរឬទេ?

បោះឆ្នោតប្រធានាធិបតីម៉ាល់ឌីវ៖​បុរសខ្លាំង​លោក​អាប់ឌូឡា យ៉ាមីន​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី

បំណុល​សាធារណៈ​សាកល​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​ជាង​ពី​មុន​វិបត្តិ​ហិរញ្ញវត្ត​ឆ្នាំ​២០០៨​

អឺរ៉ុប៖ កំណែទម្រង់​ច្បាប់​កម្មសិទ្ធិបញ្ញា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត?

តើ​ហេតុដូចម្តេច​បាន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​​អូស្លូ នាំ​​វិបត្តិ​អ៊ីស្រាអែល​​ប៉ាឡេស្ទីន​ឱ្យ​​ទ័ល​ច្រក ?!

ហេតុអ្វី​បាន​ជា​មាន​ប្រទេស​អាហ្រ្វិ​ក​កាន់​តែ​ច្រើន​ចង់​បំពាក់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ?

សេដ្ឋកិច្ចសាកល៖ ១០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុ

ជំនួប​​កំពូល​ចិន-រុស្ស៊ី​ និង​សមយុទ្ទ​រួម​ គូស​បញ្ជាក់​ពី​ មហិទ្ធិ​ឫទ្ធ​បន្ទាត់​នយោបាយ​ម៉ូស្គូ-ប៉េកាំង​

ហេតុអ្វី​បានជា​មហាអំណាច​នាំគ្នា​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​ជីប៊ូទី

តើ​អាមេរិក​ពិតជា​ហ៊ាន​ដាក់​ទណ្ឌកម្មលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ?