rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សិង្ហបុរី កូរ៉េ​ខាង​ជើង សហរដ្ឋអាមេរិក សន្តិសុខ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សិង្ហបុរីរឹត​បន្តឹង​សន្តិសុខ​ខ្ពស់​បំផុត​មុន​ជំនួប​កំពូល​រវាង​លោកត្រាំ​និង​លោក​គីម

media
ប៉ូលិស​សិង្ហបុរី​ ល្បាត​នៅ​ជុំ​វិញ​សណ្ឋាគារ​ Shang-ri La ទី​ដែល​មាន​ជំនួប​កំពូល​រវាង​លោក​ត្រាំ​និង​លោក​គីម REUTERS/Edgar Su/File Photo

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើងលោក គីម ជុងអ៊ុន ទាំង​ពីរ​រូប បាន​អញ្ជើញ​ទៅ​ដល់​សិង្ហបុរី​ ​នៅ​ថ្ងៃអាទិត្យ​ទី​១០ មិថុនា​នេះ។ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណិត នៅជិត​បង្កើយ​នឹង​គ្នា (អាច​ដើរ​ដល់​​ក្នុង​​ប្រមាណ​តែ​​១០​នាទី​) ប៉ុន្តែគេត្រូវ​រង់ចាំ​ដល់​ថ្ងៃអង្គារ​ទើប​ឃើញ​បុរសខ្លាំង​ទាំងពីរ​ជួប​គ្នា​ជា​លើកទី​មួយ។ ក្រៅ​អំពីជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​សិង្ហបុរី​និង​លោក​ដូណាល់ត្រាំ​គេ​មិន​ដឹង​ថា​តើ​ មេដឹកនាំ​ទាំង​ពីរ​ធ្វើអ្វី​ខ្លះ​ទេ ក្នុង​មួយ​​ថ្ងៃ​ចន្ទ​នេះ។ ប៉ុន្តែអ្វី​​ដែល​ច្បាស់ គឺ​ពេល​នេះ សិង្ហបុរី​ស្ថិត​ក្រោម​ការ​​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​បំផុត​។​ ប៉ូលិស​បាន​ដាក់​បម្រាម​ឱ្យ​ប្រជាពលរដ្ឋ​ និងអ្នក​សារព័ត៌មាន​គោរព​តាម​បទ​បញ្ជា​​សន្តិសុខ​ បើ​ពុំ​នោះ​ទេ​ពួកគេ​នឹង​អាច​រង​ការ​ផាក​ពិន័យ។


ការ​ផាក​ពិន័យ​អាច​មាន​តម្លៃ​ដល់​ទៅ​១ម៉ឺន​ដុល្លារ និង​ជាប់​ពន្ធនាគារ​៦​ខែ ប្រសិន​បើ​ប្រជាពលរដ្ឋ​ ​ហ៊ាន​ល្មើស​នឹង​​បទ​បញ្ជា​សន្តិសុខ។ ​អ្នក​សារព័ត៌មាន​ជាង​បី​ពាន់​នាក់ ដែល​មក​តាមដានព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​​នេះ ក៏​ត្រូវប្រកាន់​ខ្ជាប់​តាមបទ​បញ្ជា​សន្តិសុខ​របស់​ប៉ូលិស​ដែរ បើ​ពុំ​នោះ​ទេ នឹង​ត្រូវ​​រក​ការ​ផាក​ពិន័យ​ដូច​គ្នា ព្រមទាំង​ត្រូវ​ដក​សិទ្ធិ​មិន​ចូល​យក​ព័ត៌មាន​និង​បណ្តេញ​ចេញ​សិង្ហបុរី​ទៀត។ នេះ​ជា​សំណើ​ចំៗ​របស់​ប្រធានាធិបតី​សិង្ហបុរី​។ ជាក់ស្តែង​អ្នកកាសែត​កូរ៉េខាង​ត្បូង​ពីរ​នាក់ ដែល​ល្បី​ខាង​ស្វិត​ស្វាញ​យក​ព័ត៌មាន ទើប​ត្រូវ​បាន​បញ្ចេញ​ពី​សិង្ហបុរី​មុន​ដំណើរ​មក​ដល់​របស់​លោក​គីមជុងអ៊ុនបន្តិច ពី​បទ​បាន​ប៉ុនប៉ង​ចូល​ស្ថានទូត​កូរ៉េខាង​ជើង​ដោយ​ខុស​ច្បាប់។

សិង្ហបុរី​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​​ខាង​មាន​​សណ្តាប់​ធ្នាប់ គោរព​ច្បាប់ និង​មាន​សន្តិសុខ​បំផុត​នោះ បាន​ប្រើ​មធ្យោបាយ​ការពារ​យ៉ាង​សន្ធឹង​សន្ធាប់​ខ្លាំង​ណាស់ នា​ឱកាស​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម​ជុងអុន។ កោះ​សិនតូហ្សា ដែល​មាន​ន័យ​ជា​ភាសា​ម៉ាឡេស៊ី​ថា​កោះ​សន្តិភាពនិង​ស្ងប់ស្ងាត់ និង​ដែល​​ជាក្រុង​ធំ​ទី​បួន ជា​កន្លែងទទួល​​រៀប​ចំជំនួប​ពិសេសនេះ។ សង្កាត់​នេះ​ត្រូវ​ស្ថិត​ក្រោម​ព័ទ្ធ​ការពារ​ស្ទើរ​ជិត​ឈឹង ដោយ​កម្លាំង​ប៉ូលិស​ជា​ច្រើន​ ​​ពង្រាយបណ្តាក់គ្នា​ ​ យាម​ នៅ​តាម​គ្រប់​ច្រក​ ចាំ​ចម្រោះ​អ្នក​ដំណើរ ​ឆែក​ឆេរគ្រប់​មនុស្ស​ គ្រប់​រថយន្ត។ អាជ្ញាធរ​សិង្ហបុរីបាន​ដាក់​បម្រាម​​ហាម​ឃាត់​ដាច់​ខាត​មិន​ឱ្យ​មាន​ការ​បង្ហោះ​យន្តហោះ​ដ្រូន ដាក់​កំរិត​រឹង​បន្តឹង​ចរាចរណ៍​ នាវា យន្តហោះ និង​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​គ្មាន​ការ​អនុញ្ញាតឡើយ។

កាលពី​ឆ្នាំ​២០១៥ ប៉ូលិស​សិង្ហបុរី​បាន​សម្លាប់​បុរសម្នាក់​ដែល​សាក​ល្បង​បើក​ឡាន​បុក​រនាំង​សន្តិសុខ​ នៅ​ក្បែរសណ្ឋាគារ​Sangri-La នា​ឱកាស​ជំនួប​កំពូល​ស្តី​អំពី​សន្តិសុខ​ដោយ​មាន​វត្តមាន​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ផង។ បើ​តាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី លី សៀនឡង Lee Hsien Loong ​សិង្ហបុរី​បាន​ចំណាយ​ថវិកា​២០​លាន​ដុល្លារ​សម្រាប់​ជំនួប​នេះ ក្នុង​នោះ ៥​លាន​ដុល្លារ​ចំណាយ​សុទ្ធ​តែ​ទៅលើ​ការ​ចាត់​ចែង​សន្តិសុខ​និង​សុវត្ថិភាព។