rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សិង្ហបុរី កូរ៉េ​ខាង​ជើង សហរដ្ឋអាមេរិក នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​​ដឹកនាំ​​កូរ៉េខាង​ជើង លោក​ គីមជុងអ៊ុន បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី

media
លោក Kim Jong Unស្វាគមន៍​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan នៅ​ព្រលាន​យន្តហោះ © Reuters

ជំនួបជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ដូណាល់ ត្រាំ និង​ លោក គីម​ជុងអ៊ុន គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១២​មិថុនា ប៉ុន្តែ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ រួច​ទៅ​ហើយ នៅ​ថ្ងៃអាទិត្យ​នេះ ក្រោម​ទិដ្ឋភាព​នៃ​ការ​ការពារ​សន្តិសុខ​យ៉ាង​សន្ធឹកសន្ធាប់​​ពុំ​ធ្លាប់​មាន​ឡើយ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហបុរី។


ធ្វើ​ដំណើរ​តាម​យន្តហោះប៊ូអ៊ីង៧៤៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​ Airchina លោក គីម ​ជុង​អ៊ុន​ ចុះ​ជាន់​ទឹក​ដី​សិង្ហបុរី កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយមាន​ការ​​ស្វាគមន៍​និង​ធ្វើ​គារវកិច្ច​ទទួល​​នៅ​ព្រលាន​យន្តហោះ​ ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​សិង្ហបុរី​។ ចំណែក​យន្តហោះ​របស់​លោក​ប្រធានាធិបតី​អាមេរិក ​នឹង​ត្រូវ​ចុះ​ចត​នៅ​លើ​កោះ​សិនតូហ្សា​សិង្ហបុរី​នៅថ្ងៃអាទិត្យ​នេះ​ដែរ នៅ​វេលា​ម៉ោង​ ៨​កន្លះ​យប់​ ម៉ោង​នៅ​សិង្ហបុរី។​

នៅ​ក្នុង​ពេល​រង់ចាំ​​ជំនួប​ជាប្រវត្តិសាស្ត្រ រវាង​ប្រមុខ​ដឹកនាំកូរ៉េខាង​ជើង និង​ប្រធានាធិបតី​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃអង្គារ​ទី ១២ មិថុនា វេលា​ម៉ោង​ ១ ម៉ោង​សកល ​ លោក គីម ជុងអ៊ុន ​ត្រូវ​បាន​ទទួល​ជួប​ដោយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡង Lee Hsien Loong នា​ថ្ងៃអាទិត្យ​នេះ​តែ​ម្តង។ ហើយ​នៅ​ថ្ងៃចន្ទ​​ស្អែក​ ជា​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​និង​លោក​ដូណាល់ ត្រាំ។

នេះ​ជា​លើកទី​មួយ​ គិត​ចាប់​ពី​បាន​ឡើង​កាន់​អំណាច​គ្រប់គ្រង​ប្រទេស​បន្ត​ពី​ឪពុក​នៅ​ឆ្នាំ​២០១១មក ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​វ័យ៣៥​ឆ្នាំ គីម ជុងអ៊ុន បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ (ក្រៅ​ពី​ប្រទេស​ចិន​និង​កូរ៉េខាង​ត្បូង)។ លោក គីម អ៊ីលស៊ុង និង​ លោក គីមជុងអ៊ីល ប្រមុខ​ដឹកនាំ​កុម្មុយនិស្ត​កូរ៉េខាង​ជើង​មុនៗដែល​ត្រូវ​ជា​ជីតា និង​ជា​ឪពុក​ កំរិត​ការ​ធ្វើ​ដំណើរ​ ត្រឹម​ប្រទេស​ជិត​ខាង ឬ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​​ប៉ុណ្ណោះ និង​ដោយត្រឹម​ប្រើ​​មធ្យោបាយធ្វើ​ដំណើរ​ជា​​រថភ្លើង​ប៉ុណ្ណោះ (ព្រោះ​ខ្លាច​យន្តហោះ)។

ដូច​ជា​រៀង​រាល់​ការ​ធ្វើ​ដំណើរមុន​ៗ ការ​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង មាន​លក្ខណៈសន្ធឹកសន្ធាប់​​ខ្លាំងពុំ​ធ្លាប់​មាន​ទេ ៖ មាន​ទាំង​ការ​ការពារ​​លើ​ដី ក្នុង​ទឹក និង​លើ​អាកាស ពោល​គឺ​ខ្លាំង​​ជាង​ការ​ទាមទារ​របស់​ភាគី​អាមេរិក​ទៅ​ទៀត៕