rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តៃវ៉ាន់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តំណាង​ជាន់ខ្ពស់ក្រសួង​ការបរទេស​​អាមេរិក​ទៅ​តៃវ៉ាន់ ដើម្បី​បើក​សម្ពោធ “វិទ្យាស្ថាន”

media
វិទ្យាស្ថាន​អាមេរិក​ប្រចាំ​តៃវ៉ាន់ 中央社记者韦枢传真

អាមេរិក​នឹង​បើក​សម្ពោធ​វិទ្យាស្ថាន​អាមេរិក​ប្រចាំ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃអង្គារ​ទី ១២​មិថុនា ខាង​មុខ ដោយ​មាន​តំណាង​ជាន់​ខ្ពស់​អាមេរិក​ នឹង​អញ្ជើញ​ទៅ​ចូល​រួម​ធ្វើ​ជាអធិបតីផង។​ ​វិទ្យាស្ថាន ដែល​ក្នុង​ការ​​ពិតជាក់ស្តែង​ មាន​​​​ស្ថានទូត​អាមេរិកប្រចាំ​តៃវ៉ាន់​ តាំង​នៅខាង​ក្នុង​មួយ​ចំណែក​​ផង។ កម្មវិធីបែប​នេះ នឹង​អាច​ធ្វើ​ឱ្យ​ចិន​ ផ្ទុះ​កំហឹង​មិន​តិច​ទេ។


មាន​ព័ត៌មាន​លេច​ឮ​ជា​ច្រើន​ថា លោក John Bolton ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ អាច​នឹង​អញ្ជើញ​មក​ចូល​រួម​បើក​សម្ពោធ​​វិទ្យាស្ថាន​អាមេរិក​ប្រចាំ​តៃវ៉ាន់ American Institute of Taiwan ​នេះ​ផង។ ប្រសិនបើ​ជា​ការពិត លោក ប៉ុលតុន ជា​ឥស្សរជន​ជាន់​ខ្ពស់​បំផុត​របស់​អាមេរិក​ដំបូងគេ ដែល​មក​ជាន់​ទឹក​ដី​តៃវ៉ាន់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៧៩៧៩​មក។ ការ​នេះ​នឹង​ពិត​ជា​ធ្វើ​ប៉េកាំង​ច្រឡោត​ខឹង​ខ្លាំង​ជាក់​ជាពុំ​ខាន។

សារព័ត៌មាន​តៃវ៉ាន់ បាន​លើក​បន្ថែម​ទៀត​ថា សមាជិក​រដ្ឋាភិបាល​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក៏​នឹង​បង្ហាញ​វត្តមាន​នៅ​ថ្ងៃ​អង្គារ​នោះ​ដែរ។ ប៉ុន្តែ បើ​តាម​ប្រភព​របស់​វិទ្យាស្ថាន​អាមេរិក​ប្រចាំ​តៃវ៉ាន់ គឺ​តំណាង​​ជាន់​ខ្ពស់នៃ​ក្រសួង​ការបរទេស​​ទទួល​បន្ទុក​កិច្ចការ​វប្បធម៌​ លោក ស្រី ម៉ារី រ៉យ្ស​ Marie Royce ទេ​ដែល​ជា​អ្នក​មក​ចូល​រួមបើក​កម្មវិធី​​និង​បំពេញ​ទស្សនកិច្ច​នៅលើ​កោះ​ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៤​មិថុនា​នោះ។

លោកស្រី​ Royce ក៏​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់ ដើម្បី​ជជែកអំពី​​ប្រធានបទ​ជា​ច្រើន​ ដូច​ជា​ការ​ផ្តោះប្តូរ​ និង​បង្កើត​ភាព​ជា​ដៃគូ​រវាង​អាមេរិក​និង​តៃវ៉ាន់​។ នេះ​បើ​តាម​ប្រភព​ពី​វិទ្យាស្ថានដដែល។ លោកស្រី Royce ជាភរិយា​របស់លោក Ed Royce ​ប្រធាន​គណៈកម្មការ​សភា​អាមេរិក​ ទទួល​កិច្ចការ​បរទេស​គាំទ្រ​តៃវ៉ាន់។

ទាក់ទង​នឹង​វិទ្យាស្ថានអាមេរិក​នៅតៃវ៉ាន់​​វិញ ការិយាល័យ​នេះ​ត្រូវ​បានសាងសង់រួច​ស្រេច​បាច់ ក្នុង​រយៈ​ពេល​តែ​៩​ឆ្នាំ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​២៥០​លានដុល្លារ។ វិទ្យាស្ថាន​នេះ ក៏​នឹង​ទទួល​បើក​ការិយាល័យ​មួយ​ដែល​ការងារ​ជាក់​ស្តែង​ជា​ស្ថានទូត​អាមេរិក​ប្រចាំ​អាមេរិក។

សូម​បញ្ជាក់​វ៉ាស៊ីនតោន បាន​ផ្តាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩ ដើម្បី​ទទួល​ស្គាល់​របប​ក្រុង​ប៉េកាំង ប៉ុន្តែ​អាមេរិក​នៅ​តែ​រក្សា​ភាព​ជាសម្ព័ន្ធ​មិត្ត​ជា​មួយកោះ​ដ៏​មាន​អំណាច និង​​​ជា​អ្នក​ផ្គត់ផ្គង់លំដាប់​លេខមួយ​ខាង​​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​។ តាំងពី​ពេល​នោះ​មក​ រាល់​គ្រប់​ទំនាក់ទំនង​អាមេរិក-តៃវ៉ាន់ ត្រូវ​ធ្វើ​ឱ្យ​លាក់​លៀម ដើម្បី​កុំ​ឱ្យ​ចិន​រង្គាស​ចិត្ត។ សម្រាប់​ប៉េកាំង តៃវ៉ាន់​ជា​ចំណែក​មួយ​របស់​ចិនដែល​គេ​ចង់​ក្រសោប​យក​ពេល​ណា​ក៏​បាន៕