អានតួអត្ថបទ
ចិន-រុស្ស៊ី-អ៊ីរ៉ង់

ជំនូបកំពូល​រវាង​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​បើក​ធ្វើ​ក្នុង​បរិបទ​នៃ​ភាពតាន​តឹង​ជាមួយ​អាមេរិក

នៅ​ថ្ងៃ​សៅរ៍ ទី៩ មិថុនា​នេះ ជំនួបកំពូល​រវាង​ប្រមុខរដ្ឋ​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​គីងដាវ​ស្ថិត​ប៉ែក​ខាង​កើត​ប្រទេស​ចិន។ ជំនួបកំពូល​ត្រីភាគី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួបកំពូល​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ និង​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​ជាមួយ​អាមេរិក ពិសេស​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម និង​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​អាមេរិក​បាន​សម្រេច​ដក​ខ្លួន​ចេញ។

កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​នា​ជំនួបកំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ ថ្ងៃទី៩ មិថុនា ២០១៨
កិច្ចសន្ទនា​រវាង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​នា​ជំនួបកំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ ថ្ងៃទី៩ មិថុនា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​រៀងរាល់​ឆ្នាំ អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ​តែង​រៀបចំ​ជំនួបកំពូល​របស់​ខ្លួន​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​សមាជិក​ទាំង​អស់។ ក្រៅ​ពី​រុស្ស៊ី និង​ចិន នៅ​មាន​ប្រទេស​សមាជិក​ជា​ច្រើន​ទៀត​មក​ពី​អាស៊ីកណ្តាល និង​អាស៊ីខាងជើង។ តែ​លក្ខណៈពិសេស​នៅ​ក្នុង​ជំនួបកំពូល​ឆ្នាំ​នេះ គឺ​ការ​អញ្ជើញ​ភ្ញៀវពិសេស​ម្នាក់​ឲ្យ​ចូលរួម នោះ​គឺ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី។ នេះ​ជា​លើកទី២ ដែល​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ដែល​អ៊ីរ៉ង់​គ្រាន់​ជា​ប្រទេស​អ្នកសង្កេតការណ៍។ បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មិន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ជំនួបកំពូល​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ​ពេល​នេះ​ទេ តែ​វា​ជា​ឱកាស​សម្រាប់​លោក​រ៉ូហានី​ដែល​ត្រូវ​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​សមភាគី​របស់​លោក ពិសេស​សមភាគី​ចិន​លោក​ស៊ី ជីនពីង និង​សមភាគី​រុស្ស៊ី​លោក​ពូទីន។

សូម​ជម្រាប​ជូន​ថា ចិន​ក៏​ដូច​ជា​រុស្ស៊ី​ដែរ​គឺ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជាមួយ​នឹង​ប្រទេស​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​សហរដ្ឋអាមេរិក។ ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​បាន​យល់ព្រម​កាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ តែ​តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ក្នុង​ថ្ងៃទី៨ ឧសភា​មក អ៊ីរ៉ង់​ក៏​ដូច​ជា​ក្រុមហ៊ុន សហគ្រាស​បរទេស​នៅ​អ៊ីរ៉ង់​កំពុង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ជា​ថ្មី​ពី​រដ្ឋបាល​អាមេរិកាំង។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​ដែល​លោក​រ៉ូហានី​បាន និង​កំពុង​បន្ត​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង ពិសេស​ចិន​ដែល​ជា​ប្រទេស​ទិញ​ប្រេងឆៅ​អ៊ីរ៉ង់​ច្រើន​ជាង​គេ។

ចំណែក​ចិន​បាន​ឆ្លៀត​ឱកាស​ជំនួបកំពូល​ឆ្នាំ​នេះ​ដើម្បី​ផ្តល់​សន្ទុះ​លើ​មហាគម្រោង​នៃ​រចនាសម្ព័ន្ធ​ផ្លូវសូត្រ​ថ្មី​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​ទទួល​រង​គំនាប​ពាណិជ្ជកម្ម​ពី​អាមេរិក។ ចាប់​ពី​ពេល​នេះ​ទៅ រុស្ស៊ី​ក៏​ដូច​ចិន​បាន​ប្រើ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ​ជា​មធ្យោបាយ​មួយ​ដើម្បី​ទប់​នឹង​ឥទ្ធិពល​អាមេរិកាំង និង​អង្គការ​អូតង់។ គួរ​រម្លឹក​ជូន​ថា អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀហៃ​ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ ២០០១ មាន​គោលដៅ​សម្រាប់​ដោះស្រាយ​តែ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ក្រុម​ប្រទេស​សមាជិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ