អានតួអត្ថបទ

ចិន​ស្នើ​​ទិញ​ផលិតផល​អាមេរិក​បន្ថែម ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម

ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ​ចិន​បាន​ស្នើត្រៀម​​កញ្ចប់​ថវិកា​៧០ពាន់​លាន​ដុល្លារ សម្រាប់​​​ទិញ​ផលិតផល​អាមេរិក​បន្ថែម​ទៀត។ ប៉ុន្តែសំណើ​នេះ​មាន​អម​ដោយ​លក្ខខណ្ឌ​មួយ​ គឺរដ្ឋបាល​អាមេរិក​ត្រូវ​​ ​បោះបង់​គំនិត​ឈប់​គំរាម​កំហែង​ដាក់ទណ្ឌកម្ម​ តម្លៃ​៥០ពាន់​លាន​ដុល្លារ​លើផលិតផល​របស់ចិន។ នេះ​បើ​តាម​សារព័ត៌មាន Wall Street Journal​ ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross (ឆ្វេង) និង​លោក ឧបនាយក​រដ្ឋមន្ត្រី Liu He ក្នុងជំនួប​ចរចា​ពាណិជ្ជកម្មនៅ​ប៉េកាំង​
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross (ឆ្វេង) និង​លោក ឧបនាយក​រដ្ឋមន្ត្រី Liu He ក្នុងជំនួប​ចរចា​ពាណិជ្ជកម្មនៅ​ប៉េកាំង​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​២០១៧​ ជញ្ជីង​ពាណិជ្ជកម្ម​ផ្អៀង​ខ្លាំងណាស់​មក​ខាង​អាមេរិក។ អាមេរិក​នាំ​ចូល​ផលិតផល​មក​ពីចិន ក្នុង​ទំហំ​៣៧៥​ពាន់​លាន​ដុល្លារ ឯ​ចិន​វិញ​នាំ​ផលិតផល​អាមេរិក​ចូល​ត្រឹម​តែ ១៣០​ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ អាមេរិក​តែង​ទាមទារ​ឱ្យ​ប៉េកាំង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​២០០ពាន់​លាន​ដុល្លារ​នេះ ប៉ុន្តែ​ចិន​តែង​តែ​បដិសេធ​ជា​រៀង​រហូតមក។

ទើប​តែ​នៅ​ថ្ងៃ​នេះ បើ​តាម​កាសែត Wall Street Journal ​ ភាគី​ចិន​ បាន​ធ្វើ​សំណើ​ថ្មី ទិញ​បន្ថែម​ផលិតផល​អាមេរិក ​ក្នុង​តម្លៃ ៧០ពាន់​លាន​ដុល្លារ នា​ឱកាស​ជួប​ចរចាពាណិជ្ជកម្ម​​ នៅទីក្រុង​ប៉េកាំង រវាង​លោក​ លីវ ហេ Liu He ទីប្រឹក្សាសេដ្ឋកិច្ច​របស់ប្រធានាធិបតី​ចិន និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross។ តំណាងភាគី​ចិន បាន​បង្ហាញ​កញ្ចប់​វិធានការ​ ដែលគ្រោង​ទិញ​បន្ថែម​ផលិត​ផលមួយ​ចំនួន​ ដូច​ជា ​ផលិតផល​សណ្តែក​បាយ ឧស្ម័ន​ធម្មជាតិ ប្រេង​ឆៅ និង​ធ្យូងថ្ម នៅ​​មួយ​ឆ្នាំដំបូង។

​ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មានដដែល​ លោក​ លីវ ហេ បាន​ព្រមាន​ប្រាប់​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​អាមេរិក​ទៀត​ថា កញ្ចប់​សំណើបន្ថែម​នេះ អាច​​ដំណើរការ​ទៅ​បាន​ ដរាប​ណា​តែ​ភាគី​អាមេរិកបញ្ឈប់​គម្រោង​ទណ្ឌកម្ម ៥០ពាន់​លាន​ដុល្លារ​ ប្រឆាំង​នឹង​​ផលិតផល​នាំ​ចូល​របស់​ចិន​តែ​ប៉ុណ្ណោះ។

គម្រោងដាក់​ទណ្ឌកម្ម ចង់​យក​ពន្ធ​បន្ថែម​ចំនួន​២៥% លើ​រាល់​ផលិតផល​ផ្នែក​បច្ចេកវិទ្យា​ជឿន​លឿន​សំខាន់ៗ​នាំ​ចូលមក​ពី​ចិន ដែល​​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ បញ្ជាក់​ជា​ថ្មី និង​កំពុង​រៀប​ផែនការ​ដាក់​ឱ្យ​ដំណើរការ​ ​កាលពី​សប្តាហ៍​មុន។ បញ្ជី​ឈ្មោះ​ផលិតផល​ជាប់​ទណ្ឌកម្ម​នោះ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី ១៥​មិថុនា​ខាង​មុខ​នេះ។ ហើយ​វិធានការ​បន្ថែម​ប្រឆាំង​នឹង​ចិន ដោយ​បង្កើន​ការ​ត្រួត​ពិនិត្យ​​លើ​ការ​នាំ​ចេញ​ផលិត​ផល​អាមេរិក​ទៅ​ចិន និងការ​​វិនិយោគ​ចិន​នៅ​លើ​ទឹក​ដី​អាមេរិក នឹង​ត្រូវ​បង្ហើប​បង្ហាញ​ឱ្យដឹង​យ៉ាង​យូរ​នៅ​ថ្ងៃទី ៣០​មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ