rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទីសុខភាពនិងអនាម័យ
rss itunes

តើត្រយូងចេក មានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងណា ?

ដោយ អៀង សុខម៉ិញ

ចេក​ជា​ផ្លែ​ឈើ​ ដែល​មាន​ថាមពល​ខ្ពស់ ងាយ​រក​ទិញ ស្រួល​ទទួល​ទាន និង​ផ្តល់​គុណ​ប្រយោជន៍​ប្រពៃ​ណាស់​សម្រាប់​សុខភាព។ គុណប្រយោជន៍​របស់​ផ្លែ​ចេក​មាន​ច្រើនណាស់ ! កម្មវិធី​សុខភាព​យើងក៏​ធ្លាប់​បាន​រៀប​រាប់​ជូន​រួច​មក​ហើយ​ដែរ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ ចំណែក​ផ្សេង​ទៀត​នេះ​ចេក ក៏​អាច​ផ្តល់​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដែរ ! មិន​មែន​តែ​ដើម ឬ​ស្លឹកទេ គឺ​ផ្កា ត្រយូង !

មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់ និង​ដឹង​យ៉ាង​ច្បាស់ ថា​ផ្លែ​ចេក​ជា​ប្រភព​ផ្តល់​ថាមពល ញ៉ាំ​ទៅ​មិន​ធ្វើ​ឱ្យ​ធាត់ ការពារ​និង​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​តម្រង់​នោម និង​ពោះ​វៀន​ធំ កាត់​បន្ថយគ្រោះ​មាន​ខ្លាញ់​ក្នុង​ឈាម កាត់​បន្ថយ​គ្រោះកើត​ជំងឺ​ទឹកនោម​ផ្អែម បើចូល​ចិត្ត​ទទួល​ទាន​ចេក​ខ្ចី ... តាមការ​ពិត គ្រប់​ចំណែក​នៃ​ចេក មិន​ថា​ជា​ផ្លែ ជា​ស្លឹក ជា​ដើម ជា​ផ្កា សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ យ៉ាង​ធំ​ធេង​ចំពោះ​សុខភាព។

​ស្លឹក ត្រូវ​បាន​យក​មក​ប្រើ​សម្រាប់​​ទ្រាប់​ខ្ចប់​ម្ហូប លើក​តម្កើង​ទាំង​រសជាតិ ទាំង​សុខភាព ព្រោះគ្មាន​ជាតិពុល​ដូច​ផ្លាស្ទិក ដើម​យក​មក​ស្ល​ដើម្បី​ទាញ​យក​សារជាតិ​សរសៃ ... ឯ​ផ្កាវិញ ក៏​មិន​អន់ ! សម្បូរ​ដោយ​វីតាមីន A-C-E និង​ប៉ូតាស្យូម ព្រមទាំង​សារធាតុ​សរសៃ​យ៉ាង​សន្ធឹក​សន្ធាប់ ត្រយូង​ចេក មាន​ផ្ទុកសារធាតុ ហ្វ្លាវូណូអ៊ីត ដែល​ជា​សារធាតុ​​ដ៏​សំខាន់ និង​ដ៏មាន​​គុណប្រយោជន៍​​ជា​ពិសេស​សម្រាប់​សុខភាពខ្លាំង​ណា​ស់។

ជា​ពន្លក​ផ្កា មាន​ព៌ណ​ស្វាយ ត្រយូងចេក​ត្រូវ​បានប្រជាពលរដ្ឋ​នៅ​អាស៊ី អាស៊ី​អាគ្នេយ៍ អាស៊ី​ខាង​ត្បូង តំបន់​កោះ ​យក​មក​ប្រើប្រាស់​ ធ្វើ​ជា​ម្ហូប​ច្រើន​មុខ​ ស្ងោ ឆា ចំហុយ​ ហូប​ឆៅ ... និងដោយ​សារ​តែ​ភាព​សម្បូរ​បែប​ផ្នែក​អាហារូបត្ថម្ភ ត្រយូង​ចេក​ត្រូវ​បាន​ពលរដ្ឋ​ប្រទេស​ខ្លះ ប្រើ​ជា​ឱសថធម្មជាតិ។ បើ​តាម​ទស្សនាវដ្តី​បច្ចេកវិទ្យាជីវសាស្ត្រអាហ្វ្រិក ត្រយូង​ចេក ១០០​ក្រាម (មួយ​ខាំ) ​មាន​ផ្ទុក​ ៖

  • ថាមពល ៥១​ kcal
  • ប្រូតេអ៊ីន ១,៦ក្រាម
  • ជាតិ​ខ្លាញ់​ ០,៦ ក្រាម
  • ជាតិ​ស្ករ ៩,៩​ក្រាម
  • សរសៃ ៥,៧ fgof
  • កាល់ស្យូម ៥៦មីល្លីក្រាម
  • ហ្វូស្វ័រ ៧៣,៣ម.ក្រាម
  • ដែក ៥៦,៤ ម.ក្រាម
  • ស្ពាន់ធ័រ ១៣ ម.ក្រាម
  • ប៉ូតាស្យូម ៥៥៣,៣ ម.ក្រាម
  • ម៉ាញេស្យូម ៤៧,៧ មីល្លីក្រាម
  • វីតាមីន E ១,០៧មីល្លីក្រាម

លោក​អ្នក​បាន​ជ្រាប​អំពី​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹងសារធាតុទាំង​ឡាយ​ដែល​មាន​ផ្ទុក​ក្នុង​ផ្លែត្រយូង​ចេក​ហើយ ចុះ​សួរ​ថា​ត្រយូង​ចេក​នេះ​មាន​គុណប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​។ គុណប្រយោជន៍​មាន​ច្រើន​ដូច​ជា ៖ សម្រួល​រដូវ​ស្ត្រី បង្កើន​ទឹកដោះ ព្យាបាល​ជំងឺ​ខ្វះ​ឈាម​ ជំងឺ​ដំបៅ​ក្រពះ ធានារ៉ាប់រង​ជួយ​​តម្រង​នោម សម្រួល​ការ​ទល់​លាមក បញ្ចុះ​សម្ពាធ​ឈាម ពង្រឹង​ស្បួន …

 

ត្រយូង​ចេក​និងស្ត្រី

ត្រយូងចេក​ជា​អាហារ​ដ៏​ល្អ​ជាង​គេ​បំផុត​សម្រាប់​អ្នក​ជា​ម្តាយ​ដែល​បំបៅ​ដោះ​កូន ! ស្ត្រី​ខ្លះ​សម្បូរ​ទឹក​ដោះ​ណាស់ តែ​ស្ត្រី​ខ្លះ​ទៀត​បញ្ហា​ខ្សត់​ទឹក​ដោះ មិន​អាច​ផលិត​ទឹក​ដោះ​បំបៅ​កូន​បាន​គ្រប់​គ្រាន់​ឡើយ។ ពេល​ខ្លះ​ទៀត នៅ​ក្នុង​​ដំណាក់កាល​​នៃ​ការ​បំបៅ​ដោះ​កូន មាន​រយៈ​ពេល​ណា​មួយ​ស្ត្រី​​អាច​ជួប​ករណីចុះថយបរិមាណ​ទឹកដោះ ក្នុង​ករណី​បែប​នេះ សូម​ជ្រើសរើស​ទទួល​ទាន​ត្រយូងចេក។ សារធាតុ​បន្សំ​ដ៏​សម្បូរ​បែប​របស់​ត្រយូង​ចេក អាច​ជួយ​បង្កើន និង​បំប៉ន​​សមត្ថភាព​នៃ​ក្រពេញ​ទឹក​ដោះ​ឱ្យ​​ផលិត​​​ទឹក​ដោះ ក្នុង​បរិមាណ​ច្រើន​ជាង​មុន។

ត្រយូង​ចេក​ជា​ឱសថ​បូរាណ​ផ្សំ​បាន​ដោយ​ខ្លួន​ឯង ដើម្បី​ទប់​កាត់​កុំ​ឱ្យ​ស្ត្រី​មាន​ការ​ធ្លាក់​រដូវ​ច្រើន​ជ្រុល​ហួសហេតុ​ ព្រោះ​ត្រយូង​មាន​សារធាតុ​ម្យ៉ាង​ដែល​បង្កើន​អ័រមូន​ប្រូស្ហេស្តេរ៉ូន នៅ​ក្នុង​ខ្លួន​ស្ត្រី។ ហើយ​គឺ​អ័រមូន ប្រូស្ហេស្តេរ៉ូន​នេះ​ឯង ដែល​មាន​ឥទ្ធិពល​កាត់​បន្ថយ​ការ​ចេញ​ឈាម ការ​ធ្លាក់​រដូវ។ ដើម្បី​បង្កើន​កំរិត​អ័រមូន​នេះ សូម​ទទួល​ទាន​ ​ផ្លែ​ត្រយូង​ចេក​ឆ្អិន​ជាមួយ​ទឹក​ដោះ​គោ​ជូ ឬ​ហ្វ្រូម៉ាស្រស់​ មួយ​កែវ​ ក្នុង​មួយ​ថ្ងៃ នោះ​រដូវ​របស់​អ្នក​នឹង​ធ្លាក់​ក្នុង​កំរិត​សម​រម្យ​ មិន​ច្រើន​ហួស​ហេតុ។

ជាមួយ​នឹង​សមត្ថភាព​ជួយ​​បង្កើន​ជាតិ​អ័រមូន​ប្រូស្ហេស្តេរ៉ូន ត្រយូង​បាន​ចូល​ចំណែក​យ៉ាង​ច្រើន នឹង​ធ្វើ​ឱ្យ​សុខភាព​ស្បូន​របស់​ស្ត្រី​មាន​ភាព​រឹង​មាំ និង​បញ្ចៀស​មិន​ឱ្យ​មាន​រោគសញ្ញា​​ដុះ​Kyste ហៅ​ជា​ភាសា​បច្ចេកទេស​ថា SOPK នៅ​ក្នុង​ស្បូនបាន​ទៀត។

ត្រយូង​ចេក​និង​ជំងឺ​ទឹក​នោម​ផ្អែម

បើ​តាម​ការ​សិក្សាពិសោធន៍​លើ​សត្វ​កណ្តុរ បោះផ្សាយ​​ក្នុង​ទំព័រ​កាសែត « Phytotherapy Research » កាលពី​ឆ្នាំ ២០០០ ការ​ទទួល​ទាន​សម្រង់​សារធាតុ​ត្រយូង​ចេក​ បាន​ជួយ​កាត់​បន្ថយ​​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បាន​បង្កើន​​កំរិត​គ្រាប់​ឈាម​ក្រហម hémoglobine។ តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាង​ដូចម្តេច ? នេះ​គឺ​មក​ពី​ត្រយូង​ចេក​មាន​ផ្ទុក​សារធាតុ​ដែក​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ៥៦,៤ក្រាម​ ក្នុង​ត្រយូង​ចេក​១០០​ក្រាម។ ដូច្នេះ​ការ​ទទួល​ទាន​ត្រយូង​ចេក​អាច​ជួយ​យើង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ខ្វះ​ឈាម anémie។

ការ​សិក្សា​មួយ​ទៀត បាន​បង្ហាញ​ថា ​កំរិត​​អាំង​ស៊ុយលីនរបស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម បាន​​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ​ នៅ​ពេល​អ្នក​ជំងឺ​នោះ​​ទទួល​ទាន​សារធាតុ​ចម្រាញ់​ចេញ​ពី​ត្រយូង​ចេក។ ថ្វី​បើ​ពេល​នេះ​គេ​ត្រូវ​ការ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជា​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ​ ក្រុម​អ្នក​ស្រាវជ្រាវ បាន​លើក​ទឹក​ចិត្ត​និង​ផ្តល់​អនុសាសន៍​ឱ្យ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​ ឧស្សាហ៍ និង​ជ្រើសរើស​ទទួល​ទាន​ត្រយូង ជា​អាហារ​ ឱ្យ​កាន់​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ត្រយូង​ចេក និង​ការ​បង្ក​រោគ

ទល់​លាមក​ជា​បញ្ហា​ដែល​​មនុស្ស​គ្រប់​រូប​ គ្រប់​វ័យ​ អាច​ជួប​ប្រទះ។ ជា​អាការៈ​ដែល​លំបាក​បរិយាយ​បំផុត ហើយ​បើ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​ ការ​ទល់​លាមក​អាច​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង។ ដូច្នេះ សូម​ទទួល​ទាន​ត្រយូង​ចេក ព្រោះ​វា​ជា​ជំនួយ​​អាចការពារ​ប្រព័ន្ធ​រំលាយ​អាហារ។ ​សារធាតុសរសៃ​ផងដ៏​​សម្បូរ​បែបរបស់​ត្រយូង​ចេក ជា​សារធាតុ​ដ៏​សំខាន់​និង​ចាំ​បាច់​សម្រាប់​សុខភាព​រំលាយ​អាហារ​ ពោល​គឺ​ សម្រួល​ការ​​​បន្ទោរ​បង់ ការ​បត់​ជើងតូច ជើង​ធំ។ ត្រយូង​ចេក​ ក៏​អាច​ជួយ​យើង​ផង​ដែរ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ការ​កើត​ជំងឺ​ដោយ​ការ​បង្ករោគ។ បើ​តាមការ​សិក្សា​មួយ​ចុះ​ផ្សាយ​លទ្ធផល​នៅ ក្នុង​ ទស្សនាវដ្តី Journal of Chemical and Pharmaceutical search សារធាតុ​ចម្រាញ់​ចេញ​ពី​ត្រយូង​ចេក​ មាន​ផ្ទុក​បន្សំ​ជាតិ​អេតាណុល ​ អាច​ស្រូប​យករាល់គ្រប់​ពពួក​បាក់តេរី ដែល​ពូកែ​ឆ្លង​និង​​​ពង្រីក​ខ្លួន​ នៅ​ពេល​​ចូល​ទៅក្នុង​ខ្លួនមនុស្ស​ ដូច​ជា​ពពួក​បាក់តេរី E.Coli, Bacillus cereusនិង Bacillus subtilis ជា​ដើម​។ល។ មាន​ន័យ​ថា ត្រយូង​អាច​មាន​សមត្ថភាព​​ការពារ​កុំ​ឱ្យ​មាន​ការ​បង្ក​រោគ អាច​ព្យាបាល​​ដំបៅ​ និយាយ​រួម​គឺជួយ​​ការ​ពារ​និ​ងព្យាបាល ​ដំបៅ​ ឬការ​រលាក​នៅ​ក្រពះ ពោះវៀន​ ដែល​បង្ក​ឡើយ​ដោយ​មេរោគ​។

ដូច​បាន​បង្ហាញ​មក​ពី​ខាង​លើ ថា​ត្រយូង​ក៏​មាន​ផ្ទុកយ៉ាង​ច្រើន​​នូវ​សារធាតុ​ម្យ៉ាង​ទៀត ដែល​មាន​ឈ្មោះ​ថា ផ្លាវ៉ូនណូអ៊ីត។ សារធាតុ​នេះ ​ជា​អង់ទី​អ៊ុកស៊ីដង់ ដ៏​មាន​សក្តានុពល​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​កោសិកាសំយោគ​​​ របាត់​របាយ​អនាថា Radicaux libre ​ និង​អាចជួយ​ការ​ពារ​កោសិកា​ខ្លួន​ប្រាណ​យើង ប្រឈម​​នឹង​ពពួក​កោសិកា​សំណល់​ឯកា​ទាំង​នោះ។

សូ​ម​បញ្ជាក់​ថា ពពួក​កោសិកា​សំយោគ​នោះ ជា​សំណល់​​​​មូលេគុល​គីមី​​គ្មានលំនឹង ដែល​​សកម្មខ្លាំងណាស់។ ប្រតិកម្ម​ខ្លះ​អាច​បំផ្លាញ​កោសិកា​ល្អៗ​ក្នុង​ខ្លួន​យើង​ផង។ ប្រសិន​បើ​​មាន​ពពួក​កោសិកា​សំយោគ​នេះ​ច្រើន នៅ​ក្នុង​សរីរាង្គ​កាយ ឥទ្ធិពល​របស់​វា​អាច​បង្ហាញ​ឱ្យ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ដោយ​មនុស្ស​នោះ​ នឹង​ឆាប់​ចាស់ ស្បែក​ឆាប់​ជ្រីវជ្រួញ។ ចំណែក​ឥទ្ធិពល​មើល​មិន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​វិញ កោសិកាសំយោគ​ជា​​ភ្នាក់ងារ​បង្ក​ជំងឺ​ដ៏​កាច​សាហាវ ដូច​ជា​ជំងឺ​មហារីក ជំងឺ​​បេះដូង ជំងឺ​ប្រព័ន្ធ​ប្រសាទ​ធ្លាក់​ចុះ​ខ្យោយ ជំងឺ​វង្វេងវង្វាន់ ឬងាយ​មាន​ប្រតិកម្ម​ពុល​នឹង​ថ្នាំពេទ្យ។

ហេតុ​ដូច្នេះហើយ​បាន​ជាការ​ទទួល​ទាន​​ត្រយូង​ចេក​ច្រើន អាច​ជួយ​ការ​ពារ​អ្នក​ពី​ជំងឺ​មហារីក ពីជួយ​បញ្ចុះ​​សម្ពាធ​ឈាម​ខ្ពស់ឱ្យ​មក​នៅទាប។ ជា​ចុងក្រោយ ​ជាមួយ​នឹង​កំរិត​ជាតិ​ម៉ាញេស្យូម ជាង​​៤៧,៧​ក្រាម​ក្នុង​ត្រយូងចេក​១០០​ក្រាម ត្រយូង​ចេក​ក៏​អាច​មាន​ឥទ្ធិពល​ល្អ​លើ​អារម្មណ៍​របស់​អ្នក។ ​​ត្រយូង​ចេក ជា​អាហារ​ដ៏​ប្រពៃ​សម្រាប់​អ្នក​មាន​​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ឬ​ចង់​បាន​​អារម្មណ៍​​ធូរ​ស្បើយ​។

តើ​ត្រូវ​ទទួល​ទាន​ត្រយូង​ចេក​យ៉ាង​ដូចម្តេច ?

សូម​ទទួល​ទាន​តាម​ការ​ចូល​ចិត្ត ស្ងោ ឆា ម្ជូរ ញាំភ្លា តាម​ទម្លាប់​ប្រពៃណី ឬ​តាម​បែប​បរទេស​ ជា​ការី ជា​ល្បាយ​ជាមួយ​ទឹក​ដោះគោ​ជូរ កាន់​តែ​ញឹក​ញាប់​កាន់​តែ​ប្រសើរ៕

បរ៉ាក់ ឬ ទឹកបន្សារ បង្កគ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងណា ?

គុណភាព​អង្ករ​អន់​ ប៉ះពាល់​ដល់សុខភាព​យ៉ាងណា ?

សារៈសំខាន់​នៃ​ការ​ពិនិត្យ​អេកូសាស្ត្រ​ពេល​កំពុង​មាន​ផ្ទៃពោះ

មួយ​កែវ​ក្នុង​មួយ​ថ្ងៃ គឺ​ច្រើន​ជ្រុល សម្រាប់​បំផ្លាញ​សុខភាព

ខោក្នុង​មាន​ឥទ្ធិពល​លើ​សុខភាព​បន្ត​ពូជ​បុរស​មែន​ឬ ?

តើការ​គេង​ច្រើន​ជ្រុល​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាង​ណា ?

គុណប្រយោជន៍ និង​គ្រោះថ្នាក់​នៃ​ប្រទាលកន្ទុយក្រពើ

តើ​ស្ករ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មែន​ឬ ?!

ក្រចក​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ទូទៅមែនឬ ?

អ្នកចង់ថែសុខភាពបេះដូង សូមសម្រកក្បាលពោះ

Aspirine, ibuprofène, paracétamol: តើត្រូវជ្រើសរើសប្រើមួយណា ?

ទម្លាប់ចូលគេងយប់ជ្រៅ អាយុខ្លី ?

គ្រុនចាញ់ នៅតែបន្តសម្លាប់មនុស្ស ភាពស៊ាំកាន់​តែ​រីករាលដាល

តើ​ការ​កាច់​ម្រាម​ដៃ​នឹង​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​ឬ ?