អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមពាណិជ្ជកម្ម៖​ចិន​ព្រមាន​អាមេរិក​ក្នុង​រឿង​ដំឡើង​ពន្ធថ្មី​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អាទិត្យ ទី៣ មិថុនា​នេះ​ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក Wilbur Ross ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក Ross គឺ​ដើម្បី​បញ្ជៀស​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​ទាំង​ពីរ។ ពី​ទីក្រុង​ប៉េកាំង លោក Ross បាន​សាទរ​កិច្ចចរចា​អាមេរិក ចិន​ថា​មាន​លក្ខណៈ​មិត្តភាព និង​ស្មោះត្រង់។ តែ​ចិន​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​គំរាម​យក​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី​សំណាក់​រដ្ឋបាល​វ៉ាស៊ីន​តោន។

រូបភាព​នៃ​កិច្ច​ចរចា​ក្នុង​ទីក្រុង​ប៉េកាំង​រវាង​អាមេរិក និង​ចិន​ស្តីពី​សំណុំរឿង​ពាណិជ្ជកម្ ថ្ងៃទី៣ មិថុនា ២០១៨
រូបភាព​នៃ​កិច្ច​ចរចា​ក្នុង​ទីក្រុង​ប៉េកាំង​រវាង​អាមេរិក និង​ចិន​ស្តីពី​សំណុំរឿង​ពាណិជ្ជកម្ ថ្ងៃទី៣ មិថុនា ២០១៨ Andy Wong/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចចរចា ឬ​កិច្ចសន្ទនា​រវាង​អាមេរិក និង​ចិន​ក្នុង​រឿង​ពាណិជ្ជកម្ម​ពេល​នេះ ភាគី​អាមេរិក​ដឹកនាំ​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម Wilbur Ross តែ​នៅ​ខាង​ភាគី​ចិន​បាន​ដឹក​នាំ​ដោយ​លោក Liu He ឧបនាយករដ្ឋមន្រ្តី។ ជម្រើស​យក​លោក Liu He ព្រោះ​លោក​ជា​អ្នកសេដ្ឋកិច្ច​ម្នាក់​ដែល​បាន​សិក្សា​នៅ​សាលា Harvard ជា​មនុស្សជំនិត​ជាង​គេ​ម្នាក់​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ជា​តួអង្គ​ដ៏​សំខាន់​នៃ​ការ​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​ចិន។

ទាក់ទង​នឹង​លទ្ធផល​នៃ​ជំនួប​រវាង​លោក Ross និង​លោក He ត្រូវ​បាន​កាសែត​ផ្លូវការ​ចិន​ស៊ីនហួរ​ផ្សព្វផ្សាយ​នូវ​សេចក្តីប្រកាស​ព័ត៌មាន​ខ្លី​មួយ តែ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចព្រមព្រៀង​ថ្មី​ណា​មួយ​ដែល​ទទួល​បាន​ពី​ជំនួប​រវាង​ដែល​លោក Ross និង​លោក He ទេ។ អ្វី​ដែល​កាសែត​ស៊ីនហួរ​បាន​លើក​ឡើង​នោះ​គឺ​ថា ការ​ពិភាក្សា និង​ដោះដូរ​រវាង​ភាគី​ទាំង​ពីរ​បាន​ប្រពឹត្តិ​ទៅ​ក្នុង​បរិយាកាស​ល្អ និង​បង្កប់​ដោយ​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។ នៅ​ត្រង់​ចំណុច​នេះ កាសែត​ស៊ីនហួរ​បាន​ចុះ​ផ្សាយ​សម្តី​របស់​លោក He ដែល​សាទរ និង​ចាត់ទុក​កិច្ចពិភាក្សា​ប្រកប​ដោយ​លក្ខណៈ​វិជ្ជមាន និង​ជាក់ស្តែង។ ពាក្យ​សាទរ​ដូច​គ្នា​នេះ​ក៏​មាន​ពី​លោក Ross ដែល​ចាត់​ទុក​កិច្ចចរចា​ថា​ពោរពេញ​ដោយ​មិត្តភាព និង​ភាព​ស្មោះត្រង់។

ចិន​ព្រមាន​ទុក​ជា​មោឃៈ​រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការ​ដោះដូរ

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​មហាសេដ្ឋកិច្ច​ក្នុង​លោក​ទាំង​ពីរ​បាន​ជួប​ជជែក​គ្នា​ដើម្បី​និយាយ​ពី​រឿង​ពាណិជ្ជកម្ម ពិសេស​បញ្ជៀស​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​គ្នា។ គួរ​រម្លឹក​ជូន​ថា អ្វីៗ​បាន​ចាប់​ផ្តើម​ចេញ​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​ចង់​ដំឡើង​ពន្ធ​កម្រិត ២៥% លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក ពោល​ក្នុង​ទឹកប្រាក់​សរុប ៥០ ០០០លានដុល្លារ។ តាម​គម្រោង ការ​ដំឡើង​នេះ​ត្រូវ​ចាប់​ផ្តើម​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ តែ​សេណារីយ៉ូ​មួយ​នេះ​ត្រូវ​បាន​ពន្យា ក្រោយ​ពី​មាន​កិច្ចចរចា​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ខែ​ឧសភា។

គួរ​ឲ្យ​ភ្ញាក់ផ្អើល លោក​ត្រាំ​បែរ​ជា​ចេញ​មុខ​ប្រកាស​គំរាម​ជា​ថ្មី​ពី​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​នាំ​ចូល​អាមេរិក ព្រម​ទាំង​ដាក់​កម្រិត​លើ​អ្នក​វិនិយោគ​ចិន​នៅ​ក្នុង​ទឹកដី​អាមេរិកាំង។ ការ​ព្រមាន​ជា​ថ្មី​របស់​លោក​ត្រាំ និង​ការ​ប្តូរ​ជំហរ​របស់​រដ្ឋបាល​វ៉ាស៊ីតោន​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ និង​ព្រមាន​សងសឹក​ចាស់ដៃ​ដាក់​អាមេរិក​វិញ​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន។ គឺ​ភាព​ចម្រូងចម្រាស​ថ្មី​នេះ​ហើយ​ដែល​បាន​ជំរុញ​ឲ្យ​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម Wilbur Ross ទៅ​ជួប​ចិន​ផ្ទាល់​ក្នុង​ទីក្រុង​ប៉េកាំង។

អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ព្យាយាម​ចៀសវាង គឺ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​ទើប​ផ្ទុះ​ឡើង​រវាង​អាមេរិក និង​អឺរ៉ុប ឬ​រវាង​អាមេរិក និង​កាណាដា។ នៅ​ក្នុង​ន័យ​នេះ ចិន​បាន​សន្យា​ពី​ការ​ត្រៀម​ខ្លួន​ដើម្បី​សហការណ៍​ជាមួយ​អាមេរិក​នៅ​ក្នុង​វិស័យ​ជា​ច្រើន ពិសេស​វិស័យ​កសិកម្ម និង​ថាមពល។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​ត្រៀម​ខ្លួន​ដើម្បី​បើក​ទីផ្សារ​បន្ថែម និង​បង្កើន​ការ​ទិញ​ផលិផល​ពី​អាមេរិក។ ក្រៅ​ពី​រឿង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក លោក​ត្រាំ​ក៏​បាន​លើក​ឡើង​ពី​ឱនភាព​ថវិកា​ដែល​អាមេរិក​មាន​ជាមួយ​ចិន​យ៉ាង​ច្រើន​សម្បើម និង​បាន​ទាមទារ​ឲ្យ​កាត់​បន្ថយ​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រធានបទ​មួយ​នេះ​មិន​ត្រូវ​បាន​លោក He លើក​ទៅ​និយាយ ឬ​ផ្តល់​ចំណាប់អារម្មណ៍​អ្វី​ទេ។ យ៉ាង​ណា​ក៏​ដោយ ចិន​បាន​ព្រមាន​ទុក​ជា​មុន​នៅ​ថ្ងៃ​អាទិត្យ ទី៣ មិថុនា​ថា បើ​អាមេរិក​បន្ត​រក្សា​ជំហរ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក ចិន​នឹង​ទុក​ជា​មោឃៈ​រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ដោះដូរ​ដែល​ប៉េកាំង និង​វ៉ាស៊ីនតោន​បាន​ចុះ​ហត្ថលេខា​រួម​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ