ទិវាគ្មានថ្នាំជក់ ៖ ពិភពលោកនិងថ្នាំជក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២២
ថ្នាំជក់ឬបារី ជាឧស្សាហកម្មដែលមានទំហំដល់ទៅជិត៧០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ប៉ុន្តែ បារីឬថ្នាំជក់ ជាដើមហេតុបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងដោយសារសង្គ្រាមលោកទីមួយ និងទីពីរ ទាំងពីរបូកបញ្ចូលគ្នានៅទៀត នៅក្នុងសតវត្សរ៍ទី ២០។ បច្ចុប្បន្ននេះ នៅលើភពផែនដី គេសង្កេតឃើញថា ជារៀងរាល់មួយនាទី មានមនុស្សប្រមាណជិត១១លាននាក់ អុជបារីជក់ និង១០នាក់បានស្លាប់ដោយសារបារី។ ក្នុងឱកាសខួបលើកទី២១នៃទិវាពិភពលោកគ្មានថ្នាំជក់ ថ្ងៃនេះ អង្គការសុខភាពពិភពលោកបានអំពាវនាវ ឱ្យមានចំណាត់ការនយោបាយប្រកបដោយប្រសិទ្ធិភាពប្រឆាំងការជក់បារី។
អង្គការសុខភាពពិភពលោកបានឧទ្ទិស ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០១៨ លើប្រធានបទ “គ្រោះថ្នាក់នៃថ្នាំជក់ចំពោះសុខភាពបេះដូង” ព្រោះបារីមិនមែនធ្វើឱ្យខូចតែសួតទេ បារីជាកត្តាគ្រោះថ្នាក់នាំឱ្យកើតជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល សរសៃឈាមបេះដូង ឡើងឈាម និងជំងឺជាច្រើនផ្សេងទៀត។
បារី សម្លាប់មនុស្សប៉ុន្មាននាក់ ?
បារីឬថ្នាំជក់ គឺជាមូលហេតុមរណៈដំបូងគេ ដែលអាចបញ្ចៀសបាន។ នៅលើភពផែនដីបច្ចុប្បន្ននេះ គេរាប់ឃើញថាមានមនុស្សម្នាក់ស្លាប់រៀងរាល់៦វិនាទី ម្តង ដោយសារបារី និងជំងឺបង្កឡើងដោយបារី។ នេះបើតាមតួលេខរបស់អង្គការសុខភាពពិភពលោកOMS។ ជាសរុប បារីបានសម្លាប់មនុស្សជា អ្នកជក់ និងជាអ្នកស្រូបផ្សែងបារីពីគេ ក្នុងមួយឆ្នាំៗ ចំនួនជាង៧លាននាក់ (៩សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេ ដោយមិនដឹងខ្លួន)។
ជំងឺមហារីក មហារីកបំពង់ដង្ហើម មាត់បំពង់ក និងពិសេសមហារីកសួត រលាកសួតរ៉ាំរៃ ស្លោកបេះដូង គ្រោះថ្នាក់ដាច់ឬស្ទះសរសៃឈាមក្នុងខួរក្បាល សុទ្ធជាជំងឺសំខាន់ៗដែលបង្កឡើយដោយបារី។
ក្នុងសតវត្សរ៍ទី ២០ ថ្នាំជក់ឬបារី បានសម្លាប់ជីវិតមនុស្សអស់ជាង១០០លាននាក់ ពោលគឺច្រើនជាងចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ បូកបញ្ចូលគ្នាទៅទៀត (ចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមមានប្រមាណពី៦០ទៅ៨០លាននាក់)។ ថ្នាំជក់ជាឃាតករសម្លាប់មនុស្សច្រើនខ្លាំងជាង ការស្លាប់ព្រោះជំងឺរបេង ជំងឺស៊ីដា មរណភាពកុមារ គ្រោះថ្នាក់ចរាចរណ៍ ការសម្លាប់ខ្លួន និងការធ្វើឃាតបូកបញ្ចូលទៅទៀត។
ប្រសិនបើនិន្នាការនៃការជក់បារី មិនប្តូរផ្លាស់ទេ នោះបារីនឹងអាចសម្លាប់មនុស្សដល់ទៅ១ពាន់លាននាក់ នៅសតវត្សរ៍ទី២១យើងនេះ។
តើមានអ្នកជក់បារីប៉ុន្មាននាក់នៅលើពិភពលោក ?
ក្នុងកំរិតពិភពលោក ដែលមនុស្សម្នារស់នៅចំនួនជាង ៧៥០០លាននាក់ អង្គការសុខភាពពិភពលោក ប៉ាន់ស្មានថាមានអ្នកជក់បារីដល់ទៅ ប្រមាណ ១ពាន់លាននាក់។
ក្នុងមួយឆ្នាំៗ អ្នកជក់បារីនេះ បានអុជបារីចំនួនប្រមាណជាង ៥៧០ម៉ឺនលានដើម ព្រមទាំងបានចោលកន្ទុយបារីជាង១លានតោន លើដី។ នេះបើតាមស្ថិតិរបស់សមាគមប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ The Tabacco Atlas។
ស្នោកន្ទុយបារី ជាសារធាតុដែលមិនងាយរលាយសាបសូន្យក្នុងធម្មជាតិឡើយ។ កន្ទុយបារីនេះជាសម្រាម ដែលរាយប៉ាយខ្លាំងនៅតាមឆ្នេរ បំពុលទឹកបំពុលដីខ្លាំងណាស់។
ចំណែកការដាំដុះថ្នាំជក់វិញ លាតសន្ធឹងលើផ្ទៃដីប្រមាណ៤,3លានហិចតារ។ ជាមួយសមត្ថភាពផលិតស្លឹកថ្នាំជក់ដល់ទៅ៤០% ចិនត្រូវបានគេចាត់ទុកជាប្រទេសអ្នកផលិតថ្នាំជក់លំដាប់លេខមួយ។
ទីណាមានអ្នកជក់បារីច្រើនជាងគេ ?
ដោយគ្មានការភ្ញាក់ផ្អើល គឺនៅក្នុងប្រទេសចិនដែលគេរាប់ឃើញមានចំនួនអ្នកជក់បារីច្រើនជាងគេ។ ចិនមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក១៣០០លាននាក់ ក្នុងនោះ៣១៥លាននាក់ជាអ្នកជក់បារី។ នេះបើតាមរបាយការណ៍អង្គការសុខភាពពិភលោកឆ្នាំ២០១៧។
ចំនួនអ្នកជក់ក៏ច្រើន ចំនួនបារីជក់បើគិតជាដើម ក៏មានច្រើនជាងគេនៅចិន (ជាងមួយភាគបីនៃបារី ត្រូវបានជក់នៅចិន)។ ប៉ុន្តែបើគិតពីសមមាត្រអ្នកជក់និងចំនួនប្រជាជនវិញ គឺឥណ្ឌូណេស៊ីទេដែលជាអ្នកជាប់លេខ ជាប្រទេសមានអ្នកជក់បារីច្រើនជាងគេ ៖ បុរសឥណ្ឌូណេស៊ីចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ចំនួនដល់ទៅ៧៦%ជាអ្នកជក់បារី។
ជាទូទៅ ៨០%នៃអ្នកជក់បារីរស់នៅក្នុងប្រទេសដែលប្រាក់ចំណូលមធ្យមនិងទាប ក្នុងនោះ២២៦លាននាក់ជាអ្នកក្រ។
បារីធ្វើឱ្យខាតចំណាយផ្នែកសុខភាព យ៉ាងណា ?
បើបារីបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ចំណាយផ្នែកសេវាសុខភាពសាធារណក៏ត្រូវតែអស់ច្រើនជាប្រាកដ! ការសិក្សាអំពីផលប៉ះពាល់របស់បារីចំពោះវិស័យសុខាភិបាលទើបត្រូវបានធ្វើជាលើកមួយ កាលពីខែមករាឆ្នាំ២០១៧ បានបង្ហាញថា ពិភពលោកបានចំណាយច្រើនណាស់ ដល់ទៅប្រមាណ៦% នៃចំណាយទូទៅសរុប សម្រាប់សេវាសុខភាពបង្កឡើងដោយបារី។ ការចំណាយលើបារីតំណាងឱ្យ២%នៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោក។
ការវិភាគនេះ ស៊ីចង្វាក់ខ្លាំងទៅនឹងរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១២ ដែលថាពិភពលោកបានចំណាយច្រើនលើវិស័យសុខភាពប្រឆាំងនឹងថ្នាំជក់ ក្នុងទំហំដល់ទៅ ១៤៣៦ពាន់លានដុល្លារ ក្នុងនោះ៤០%ជាបន្ទុករបស់ក្រុមប្រទេសអ្នកមាន។
តើទីផ្សារបារីនៅលើពិភពលោកមានការថយចុះដែរឬទេ ?
តាមការពិត អត្រាអ្នកជក់បារី បានចាប់ចុះថយតាំងពីឆ្នាំ១៩៩៥មក។ ដោយសារនយោបាយប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ ហាមឃាត់មិនឱ្យជក់តាមទីសាធារណៈ ដំឡើងថ្លៃបារី ផ្សព្វផ្សាយអំពីគ្រោះថ្នាក់បង្កឡើងដោយបារី និងការបង្កើតបារីអេឡិចត្រូនិក ចំនួនអ្នកជក់បារីបានធ្លាក់ចុះនៅតាមបណ្តាប្រទេសជឿនលឿនជាច្រើន ដូចជា នៅអង់គ្លេស អូស្ត្រាលី ប្រេស៊ីល និងបារាំងជាដើម។ ចិនដែលជាទីផ្សារពិភពលោកលំដាប់ទីមួយ ក៏ការលក់បារីបានធ្លាក់ចុះបានជិត១០%។ កម្ពុជាយើងក៏ថយអស់ច្រើនគួរឱ្យកត់សម្គាល់ដែរ។
កំណើននៃការជក់បារីសម្គាល់ឃើញមានច្រើនតែនៅក្នុងបណ្តាប្រទេសក្រីក្រនិងមធ្យមមួយចំនួន នៅតំបន់អាហ្វ្រិកខាងត្បូងជាពិសេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ