rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូរ៉េ​ខាង​ជើង នុយក្លេអ៊ែរ ចិន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឧត្តមសេនីយ៍​ជាន់ខ្ពស់​កូរ៉េខាងជើង​ចេញ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក

media
រដ្ឋមន្រ្តីការបរទេស Mike Pompeoបាន​ជួប លោក Kim Yong Chol នៅទីក្រុង​ព្យុងយ៉ាងនៅ​ថ្ងៃទី ៩​ឧសភា ២០១៨ ©The Presidential Blue House /Handout via REUTERS

ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង​កំពុង​ចេញ​ដំណើរ​ទៅ​ទឹកដី​អាមេរិក។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហាប់ លោក គីម យុងចុល ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​កូរ៉េខាងជើង បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃ​អង្គារនេះ មុន​ធ្វើដំណើរ​បន្ត​ទៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃពុធស្អែក។ នៅ​ថ្ងៃ​នេះដែរ មន្រ្តីជាន់ខ្ពស់​ម្នាក់ទៀត​របស់​កូរ៉េខាងជើង បាន​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី ជួប​ពិភាក្សា​ជាមួយ អគ្គលេខាធិការ​រង​របស់​សេតវិមាន ក្នុង​ក្របខ័ណ្ឌ ត្រៀម​រៀបចំ ជំនួបកំពូល ជា​ប្រវត្តិសាស្រ្ត រវាង​លោកដូណាល់ ត្រាំ ហើយ​និង​លោក​គីម ជុងអ៊ុន នៅ​ថ្ងៃទី ១២​មិថុនា ខែក្រោយ។

 


ដំណើរទស្សនកិច្ច​ដ៏កម្រ របស់​ឧត្តមសេនីយ៍​កូរ៉េខាងជើង ទៅ​សហរដ្ឋអាមេរិក ធ្វើឡើង នៅក្នុង​កាលវេលា ដែល​កូរ៉េខាងជើង និង​អាមេរិក​កំពុង​សម្រុក​សកម្មភាព​ការទូត ដើម្បី រៀបចំ​ជំនួបកំពូល អាមេរិក និង​កូរ៉េខាងជើង ដែល​តាម​គម្រោង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ១២​មិថុនា ខែក្រោយ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​យុនហាប់ មុន​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​ពុធ ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង លោក គីម យុងចុល ត្រូវចុះ​ជួប​ពិភាក្សា ជាមួយ​មន្រ្តីជាន់ខ្ពស់​ចិន នៅទីក្រុង​ប៉េកាំង ជាមុនសិន នៅថ្ងៃ​អង្គារនេះ។

ឧត្តមសេនីយ៍ គីម យុងចុល ជា​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង ទី២ ដែល​ធ្វើដំណើរ​ទៅជាន់​ដី​អាមេរិក បន្ទាប់​ពី​លោក ចូ ម្យ៉ុង រ៉ុក Joe Myong Rok សេនាប្រមុខរង​កូរ៉េខាងជើង ដែល​បាន​ទៅ​ជួប​លោក​ប្រធានាធិបតី​ប៊ីល គ្លីនតុន នៅទីក្រុងវ៉ាស៊ីនតោន កាលពី ១៨ឆ្នាំមុន (ឆ្នាំ២០០០)។

នៅអាមេរិក ឧត្តមសេនីយ៍ កូរ៉េខាងជើង គីម យុងចុល ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​អាមេរិក លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ដែល​លោក​គីម យុងចុល​ផ្ទាល់ បាន​ទទួល​ជួប ដោយ​សម្ងាត់ នៅ​ទីក្រុង​ព្យុងយ៉ាង កាលពី ចុងខែ​មីនា​កន្លងទៅ។ តាម​លោក​ជុង ស៊ុង យុន អ្នកជំនាញ​របស់​វិទ្យាស្ថាន ដើម្បី​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក​ឧត្តមសេនីយ៍​គីម យុងជុល ដែល​ជា​មនុស្ស​ដ៏ជំនិត និង​មាន​មុខ នៅ​ជាប់​ជានិច្ច​ក្បែរ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​ដើរតួនាទី​សំខាន់ ជំរុញ​ឲ្យ​មាន​ភាពធូរស្រាល​ការទូត ឡើងវិញ ជាមួយ កូរ៉េខាងត្បូង និង​អាមេរិក។ ប៉ុន្តែ លោក​ឧត្តមសេនីយ៍ គីម យុងចុល ដែល​មាន​តួនាទី ជា​អនុប្រធាន​កម្មាធិការ​កណ្តាល​របស់​បក្ស​កុម្មុយនិស្ត កូរ៉េខាងជើង ត្រូវ​បាន​កូរ៉េខាងត្បូង​ចោទ ថា​ជា​មេគំនិត ឲ្យ​មាន​ការបាញ់​ពន្លិច​កប៉ាល់ចម្បាំង​របស់​កូរ៉េខាងត្បូង ដែល​បាន​សម្លាប់​ទាហាន​កូរ៉េខាងត្បូង​៤៦​នាក់ កាល​ពី​ឆ្នាំ ២០១០។

លោកធ្លាប់​ធ្វើ​ជា​ប្រធាន​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់ ដែល​ធ្វើការ​ទៅលើ​សង្រ្គាមព័ត៌មានវិទ្យា ចន្លោះ​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៦ ជាអំឡុង​ពេល​ដែល​កូរ៉េខាងជើង​រងការចោទប្រកាន់​ថា បាន​វាយប្រហារ បណ្តាញ​កុំព្យូរទ័រ ចូលលួច​ទិន្នន័យ របស់​ក្រុមហ៊ុន​ភាពយន្ត​សូនី ក្នុង​ការប៉ុនប៉ង ទប់ស្កាត់​កុំ​ឲ្យ​មាន​ការចេញផ្សាយ​ខ្សែភាពយន្ត​ដែល​និយាយ​មាន​ចំអក​មេដឹកនាំ​កូរ៉េខាងជើង។