rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង ចិន ប្រជាធិបតេយ្យ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហុងកុង​នាំគ្នា​ធ្វើ​បាតុកម្មមុន​ខួប២៩​ឆ្នាំ​នៃ​ការបង្ក្រាប​នៅ​ធានអាន់មេន

media
បដានិង​សកម្មជន​ប្រជាធិបតេយ្យនៅទីលាន​Tiananmen កាលពី​ថ្ងៃទី​១​មិថុនា ១៩៨៩ មុន​ការ​បង្ក្រាប​របស់​អាជ្ញាធរ Crédits : Peter Charlesworth / Contributeur

ដូច​ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ជិត​ដល់​ខួប​​នៃ​ការ​បង្ក្រាប​បាតុករ​នៅ​ទីលាន​ធានអាន់​មេន ​សកម្មជន​ប្រជាធិបតេយ្យហុងកុង ​តែង​នាំ​គ្នា​រៀបចំ​ដង្ហែ​ក្បួន និង​ធ្វើ​ពិធី​​ឧទ្ធិស​ដល់​ជន​រងគ្រោះ។ នៅ​ថ្ងៃអាទិត្យនេះ សកម្មជន​ហុង​កុង​រាប់​ពាន់​នាក់ បាន​ចាប់​ផ្តើម​ប្រារព្វ​ខួប​២៩​ឆ្នាំនៃ​ការ​បង្ក្រាប​នៅ​ធានអាន់មេន ដោយ​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ ស្រែក​ទាមទារ​សុំ​សេរីភាព​ឱ្យ​លោក​ស្រី លីវ ស្យ៉ា ភរិយាមេម៉ាយ​របស់​ម្ចាស់​លាភី​ណូបែល​សន្តិភាព​ លីវ ស៊ាវប៉ូ។


ក្រោម​ការ​អំពាវនាវ​របស់​​សកម្មជន​ប្រជាធិបតេយ្យ​ និងសម្ព័ន្ធ​គាំទ្រ​ចលនា​ជាតិ​និយម​និង​ប្រជាធិបតេយ្យ​ចិន បាតុករហុងកុង​​ជាង​មួយ​ពាន់​នាក់ បាននាំ​គ្នា​ដើរ​ដង្ហែ​ក្បួន ចេញ​ពី​​សង្កាត់​ពាណិជ្ជកម្ម​នៅកណ្តាល​ក្រុង​ ទៅ​ដល់​ដល់​មុខ​ទីស្នាក់ការ​ការិយាល័យ​ទំនាក់ទំនង​ចិន។ កម្មវត្ថុ​នៃ​បាតុកម្ម គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ ​នៅ​ក្នុង​ការ​បង្ក្រាប​បាតុករ​នៅ​ទីលាន​ធានអាន់មេន កាលពី ២៩​ឆ្នាំ​មុន និង​ទាមទារ​ឱ្យ​បិទ​បញ្ចប់​​ប្រព័ន្ធ​ឯកបក្ស​នៅ​ចិន ជាមួយ​នឹង​សម្រែក​ព្រម​ទាំង​បដាថា “កាន់​ទុក្ខ​ថ្ងៃទី​៤មិថុនា តស៊ូ​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ” !

យប់​ថ្ងៃ​ទី ៣ មិថុនា​ឆ្លង​ចូល​៤​មិថុនា ឆ្នាំ​១៩៨៩ នៅ​ទីក្រុង​ប៉េកាំង យោធា​ចិន​បាន​បញ្ចេញ​រថពាល​ដែក​បើក​កិន​សម្លាប់​បាតុករ​ដែល​នាំ​គ្នា​​ធ្វើ​បាតុកម្ម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ បណ្តាល​ឱ្យ​ស្លាប់​រាប់​សិប​ពាន់​នាក់។ នៅ​ចុង​ឆ្នាំ​២០១៧ អង់គ្លេស​បាន​ទម្លាយ​ឯកសារ​សម្ងាត់​មួយ ​ជា​សាធារណៈ​ ថា​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​មាន​ចំនួន​យ៉ាង​ហោច ១​ម៉ឺន​នាក់។

ជា​មួយ​គ្នា​នេះ ចលនា​បាតុកម្ម​ក៏​បាន​ឆ្លៀត​ទាមទារ​ផង​ដែរ សុំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដោះលែង​លោកស្រី លីវ ស្យ៉ា កវី​តែង​កំណាព្យ​ចំណាស់​៥៧​ឆ្នាំ ដែលបើតាម​ធាតុ​ពិត កំពុង​​ជាប់​ឃុំ​ឃាំង​ក្នុងគេហដ្ឋាន​តាំ​ងពី​ជាង​៨​ឆ្នាំ មក​ដោយ​គ្មាន​ការ​កាត់​​ទោស​និងជាប់​ចោទ​​អ្វី​ទាំងអស់។ ប៉ុន្តែ​មក​ពី​លោក​ស្រី​ជា​ភរិយា​របស់​លោក លីវ ស៊ាវប៉ូ ជ័យ​លាភី​រង្វាន់​ណូបែ​ល​សន្តិភាព ដែលកាលពី​នៅ​រស់ ក្នុង​ឆ្នាំ​២០០៩ លោក​ត្រូវ​បាន​​តុលាការ​ចិន​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១១​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលចិន។​

ហុងកុង​ជាដែន​ដី​ចិន​តែ​មួយគត់ ដែលពលរដ្ឋ​នៅ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​បង្ក្រាប​នៅ​​ធានអាន់មេន នៅឧទ្យាន​​វិចតូរីយ៉ា។ ប៉ុន្តែ​ចំនួន​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​ចាប់​ថយ​ចុះ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ហេតុ​តែ​យុវជន​ហុងកុង​ និ​ងសកម្មជន​ប្រជាធិបតេយ្យ​ព្រួយ​បារម្ភ​នឹង​ការ​ធ្វើ​កំណែទម្រង់​នយោបាយ​នៅ​ហុងកុង​ ជាង​ការ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ចិន។ ចិន ដែល​បាន​និង​កំពុង​ពង្រឹង​អំណាច​​ ច្បាម​គាប​​រាល់​គ្រប់​ទម្រង់​នៃ​ការ​ប្រឆាំងនៅហុងកុង។ កាលពី​ឆ្នាំ​២០១៦ ប៉េកាំង​បាន​ថែម​ទាំង​បណ្តេញ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ចេញ​ពី​អាសនៈ​បាន​ទៀត និង​ហាមឃាត់​មិន​សកម្មជន​ប្រជាធិបតេយ្យ​ណា​ម្នាក់​ឈ​រឈ្មោះ​ក្នុង​សម័យ​បោះឆ្នោត​សភា​មួយ​ភាគ​​ទៀត៕