អានតួអត្ថបទ
ចិន បួគីណាហ្វាសូ

បួគីណាហ្វាសូ​បាន​រត់​ទៅ​ឱប​ចិនដីគោក​វិញ​ម្តង បន្ទាប់​ពី​លែងលះ​ជាមួយ​ចិនតៃវ៉ាន់​បាន ២ថ្ងៃ

ក្រោយ​ពី​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ចិនតៃវ៉ាន់​បាន ២ថ្ងៃ​មក ប្រទេស​បួគីណាហ្វាសូ​បាន​ទៅ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិនដីគោក​វិញ​ម្តង។ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ចិន និង​ប្រទេស​អាហ្រ្វិក​មួយ​នេះ​បាន​ធ្វើ​ឡើង​នា​ឱកាស​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​បួគីណាហ្វាសូ​លោក​អាល់ហ្វា បារី​ក្នុង​ទីក្រុង​ប៉េកាំង​នា​ថ្ងៃ​សៅរ៍ ទី២៦ ឧសភា។ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់​មហាយក្ស​ចិន​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​កោះ​តែវ៉ាន់​ដែល​ចិន​បន្ត​ចាត់​ទុក​ជា​កោះ​ឧទ្ទាម។ តែ​ក្រុង​តៃប៉ិក​បាន​ចោទ​ក្រុង​ប៉េកាំង​ពី​បទ​ប្រើ​ការទូត​ប្រាក់ដុល្លារ​ដើម្បី​អូសទាញ​ប្រទេស​ផ្សេង​ឲ្យ​ស្ថិត​នៅ​ខាង​ខ្លួន។

លោក​ប្រមុខ​ការទូតបួគីណា​ហ្វាសូ ​Alpha Barry (រូបឆ្វេង) និង​​សមភាគី​ចិន​​លោក​ Wang Yi ក្នុង​ទីក្រុង​ប៉េកាំង​ថ្ងៃទី២៦ ឧសភា ២០១៨
លោក​ប្រមុខ​ការទូតបួគីណា​ហ្វាសូ ​Alpha Barry (រូបឆ្វេង) និង​​សមភាគី​ចិន​​លោក​ Wang Yi ក្នុង​ទីក្រុង​ប៉េកាំង​ថ្ងៃទី២៦ ឧសភា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​ប្រទេស​ចិន និង​ប្រទេស​បួគីណាហ្វាសូ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី និង​សមភាគី​បួគីណាហ្វាសូ​លោក​អាល់ហ្វា បារី។ « មានចិន​តែ​មួយ​គត់​នៅ​ក្នុង​លោក » នេះ​ជា​ការ​ថ្លែង​របស់​លោក​វ៉ាង យី​នៅ​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​លើ​សេចក្តីប្រកាស​ព័ត៌មាន​រួម។ លោក​អាល់ហ្វា បារី​បាន​ឆ្លើយ​បក​វិញ​ដោយ​ចាត់​ទុក​ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុង​លោក និង​សង្ឃឹម​ថា បួគីណាហ្វាសូ​អាច​នឹង​ទាញ​បាន​ប្រយោជន៍​ចេញ​ពី​ទំនាក់ទំនង​ថ្មី​មួយ​នេះ។

ពី​ប្រទេស​បួគីណាហ្វាសូ ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​អៅហ្គាឌូហ្គូ​បាន​ទទួល​ការ​សាទរ​ពី​លោក​ប្រធានាធិបតី Roch Marc Christian និង​ពី​រដ្ឋាភិបាល។ លោក Marc Christian បាន​គូសបញ្ជាក់​នៅ​ក្នុង​បណ្តាញសង្គម Twitter ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ពលរដ្ឋ​ចិន និង​ពលរដ្ឋ​បួគីណាហ្វាសូ​នឹង​ប្រឹងប្រែង​រួម​គ្នា​នៅ​លើ​ឆាកអន្តរជាតិ។ ចំណែក​រដ្ឋាភិបាល​ក្រុង​អៅហ្គាឌូហ្គូ​បាន​អះអាង​​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ទំនាក់ទំនង​ការទូត​ដែល​ប្រទេស​ទាំង​ពីរ​មាន​តាំង​ពី​ឆ្នាំ ១៩៧៣ មិន​ដែល​បាន​ព្យួរចោល​ម្តង​ណា​ទេ។

គួរ​រម្លឹក​ជូន​ថា បួគីណាហ្វាសូ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៦១ មុន​នឹង​កាត់ផ្តាច់​វិញ​ក្នុង​ឆ្នាំ ១៩៧៣ ទៅ​ភ្ជាប់​ជាមួយ​ចិនដីគោក​ម្តង។ តែ​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​បួគីណាហ្វាសូ​ក្នុង​ឆ្នាំ ១៩៨៧ ប្រធានាធិបតី​ថ្មី​ក៏​ងាក​ទៅ​ភ្ជាប់​ការទូត​ឡើង​វិញ​ជាមួយ​ក្រុង​តៃប៉ិក​ដោយ​ផ្តាច់​ពី​ក្រុង​ប៉េកាំង។ គឺ​ទើប​តែ​នៅ ២ថ្ងៃ​មុន​នេះ​ទេ​ដែល​បួគីណាហ្វាសូ​បាន​សម្រេចចិត្ត​ផ្តាច់​ពី​ចិនតៃវ៉ាន់​ទៅ​ឱប​ចិនគោក​ជា​ថ្មី។

សូម​ជម្រាប​ជូន​ថា​តាំង​ពី​ឆ្នាំ ២០០០ មក មាន​ប្រទេស​អាហ្រ្វិក​ជា​ច្រើន​ដូច​ជា​សេណេហ្កាល់ និង​ឆាដ​ដែល​ធ្លាប់​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​ចិនតៃវ៉ាន់​បាន​នាំ​គ្នា​ងាក​ទៅ​រឹតចំណង​ជាមួយ​ចិនដីគោក​វិញ​ម្តង។ សម្រាប់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃអ៊ីង វេន លោកស្រី​មិន​ញញើត​នឹង​ចោទ​ចិន​ពី​បទ​ប្រើ​ការទូត​ប្រាក់ដុល្លារ​ដើម្បី​អូសទាញ​អ្នក​ផ្សេង​ឲ្យ​នៅ​ខាង​ខ្លួន។ សព្វថ្ងៃ​នេះ មាន ១៨រដ្ឋ បាន​ទទួល​ស្គាល់​ដែនដី​តៃវ៉ាន់​ស្របច្បាប់​ដែល​ផ្តាច់​ពី​ចិនដីគោក​ក្នុង​ឆ្នាំ ១៩៤៩។ តែ​សម្រាប់​ប៉េកាំង តែវ៉ាន់​នៅ​ជា​កោះ​ឧទ្ទាម​ដែល​ខ្លួន​មិនខ្លាច​នឹង​ប្រើ​កម្លាំងបាយ​ទេ បើ​កោះ​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ