rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឧបទ្វីបកូរ៉េ៖​លោកមូន ចៃអ៊ីន និង​លោកគីម ជុងអ៊ុន​បាន​ជួបគ្នា​លើក​ទី២

media
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ក្នុង​ជំនួប​ថ្ងៃទី២៦ ឧសភា ២០១៨ក្នុង​ស្រុក Panmunjon Reuters

នៅ​ឧបទ្វីប​កូរ៉េ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​គ្នា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​រសៀល​ថ្ងៃ​សៅរ៍ ទី២៦ ឧសភា។ ជំនួប​ស្ងាត់ៗ​ដោយ​ឥត​ប្រៀង​ទុក​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អាគារសន្តិភាព​ខាង​ភាគី​កូរ៉េខាងជើង​ស្ថិត​ក្នុង​ស្រុក Panmunjom។ នេះ​ជា​លើកទី២ ក្នុង​ឆ្នាំ ២០១៨ ដែល​មេដឹកនាំ​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​ជួប​សន្ទនា​គ្នា និង​ដែល​ជំនួប​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្តូរ​ជំហរ​ដោយ​ចង់​បន្ត​ជំនួបកំពូល​ជាមួយ​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។


គឺ​វិមានប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នូវ​ព័ត៌មាន និង​រូបភាព​ស្តីពី​ជំនួប​ស្ងាត់ៗ ឥតប្រៀង​ទុក​រវាង​លោក​មូន ចៃអ៊ីន និង​លោក​គីម ជុងអ៊ុន។ នៅក្នុង​​ជំនួប​រយៈពេល ២ម៉ោង​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​អាគារសន្តិភាព​ខាងភាគី​កូរ៉េខាងជើង​ស្ថិត​ក្នុង​ស្រុក Panmunjom មេដឹកនាំ​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ជជែក​ពី​មធ្យោបាយ​ដាក់​ឲ្យ​ដំណើរការ​​នូវ​សេចក្តីថ្លែងការណ៍ Panmunjom ដែល​ភាគី​ទាំង​ពីរ​បាន​អនុម័ត​នា​ឱកាស​ជួប​គ្នា​លើកទី១ កាល​ពី​ថ្ងៃទី២៧ មេសា។ ទន្ទឹម​គ្នា​នេះ លោក​មូន និង​លោក​គីម​ក៏​ជជែក​ពី​ការ​ធានា​ឲ្យ​មាន​ភាព​ជោគជ័យ​នៃ​គម្រោង​ជំនួបកំពូល​អាមេរិក កូរ៉េខាងជើង។

ក្រៅ​ពី​ចាប់ដៃ​រាក់ទាក់ និង​ឱបរឹត​ស្និទ្ធស្នាល​ជាមួយ​មនុស្សខ្លាំង​កូរ៉េខាងជើង លោក​មូន ចៃអ៊ីន​ក៏​បាន​ចាប់ដៃ​ជាមួយ​លោកស្រី​គីម យ៉ូជុង​ដែល​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​លោក​គីម ជុងអ៊ុន​ដែរ។ លោកស្រី​គីម យ៉ូជុង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៃ​ការ​រំកិល​រក​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ដោយ​បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមកីឡាករ​កូរ៉េខាងជើង​ទៅ​ចូលរួម​កីឡាអូឡាំពិក​រដូវរងារ​រៀបចំ​ដោយ​កូរ៉េខាងត្បូង​ក្នុង​ខែ​កុម្ភៈ។ គឺ​លោកស្រី​គីម យ៉ូជុង​រូប​នេះ​ឯង​ដែល​បាន​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​លើកទី១ រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃទី២៧ មេសា។ កាល​ណោះ ជំនួបកំពូល​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អាគារសន្តិភាព​ក្នុង​ស្រុក Panmunjom ដែរ តែ​ស្ថិត​ប៉ែក​កូរ៉េខាងត្បូង។

តាម​ក្រុម​អ្នកវិភាគ ជំនួប​លើកទី២ រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​អាច​ជា​ការ​ផ្តល់​សន្ទុះ និង​ជួយ​បង្កើន​លទ្ធភាព​នៃ​គម្រោង​ជំនួបកំពូល​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​នា​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ គឺ​ជា​គម្រោង​ជំនួប​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​លុបចោល​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ឧសភា មុន​នឹង​ប្រកាស​ត្រឡប់​វិញ​នា​ថ្ងៃ​សុក្រ ទី២៥ ឧសភា​ថា ជំនួប​រវាង​លោក និង​លោក​គីម​អាច​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​ដូច​ដែល​បាន​កំណត់​ទុក៕