rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក-កូរ៉េខាងជើង៖​តើ​លោក​ដូណាល់ ត្រាំ និង​លោកគីម ជុងអ៊ុន​កំពុង​លេងល្បែង​អ្វី?

ដោយ គួច គន្ធារ៉ា

នៅ​សហរដ្ឋអាមេរិក ២៤ម៉ោង​ក្រោយ​ពី​បាន​ប្រកាស​លុបចោល​គម្រោង​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នា​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ត្រឡប់​មក​និយាយ​នា​យប់​ថ្ងៃ​សុក្រ ទី២៥ ឧសភា​ថា ជំនួប​រវាង​លោក និង​លោក​គីម​អាច​នឹង​មាន ហើយ​អាច​នឹង​រៀបចំ​នៅ​ថ្ងៃទី១២ មិថុនា​ដូច​ដែល​បាន​កំណត់។

ប្រតិកម្ម​សាទរ និង​ក្តីសង្ឃឹម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពិសេស​ពី​កូរ៉េខាងត្បូង​ដែល​បញ្ជាក់​ថា រងើកភ្លើង​នៃ​ជំនួប​រវាង​ត្រាំ និង​គីម​នៅ​មិន​ទាន់​រលត់​ឈឹង​នៅ​ឡើយ​ទេ។ ចំណែក​រុស្ស៊ី​ក៏​ដូច​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​អាមេរិក និង​កូរ៉េខាងជើង​ឲ្យ​បន្ត​កិច្ចសន្ទនា​រវាង​គ្នា។

២៤ម៉ោង ក្រោយ​ពី​បាន​ប្រកាស​លុបចោល លោក​ដូណាល់ ត្រាំ​បែរ​ជា​ត្រឡប់​មក​និយាយ​ថា ជំនួប​ជាមួយ​លោក​គីម ជុងអ៊ុន​អាច​នឹង​មាន​នៅ​ថ្ងៃ​ដូច​ដែល​បាន​កំណត់។ ការ​ប្រកាស​របស់​លោក​ត្រាំ​ជា​រឿង​ដែល​គ្រប់​គ្នា​បាន​រង់ចាំ​ព្រោះ​ជាមួយ​លោក​ដូណាល់ ត្រាំ គាត់​អាច​ផ្លាស់ប្តូរ​ចិត្ត​គ្រប់​ពេល។ ថ្ងៃ​នេះ គាត់​ថា​ដូចនេះ តែ​ថ្ងៃ​ស្អែក គាត់​ថា​មិន​មែន​អ៊ីចឹង​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​អាច​ធ្វើ​អ្វី​មួយ​ដែល​លោក​មិន​បាន​សន្យា​ធ្វើ ឬ​មួយ​ក៏​មិន​បាន​ធ្វើ​អ្វី​មួយ​ដូច​ដែល​លោក​បាន​សន្យា​ធ្វើ។ ជាមួយ​លោក​ត្រាំ អ្វីៗ​អាច​មាន​ការ​ផ្លាស់ប្តូរ​គ្រប់​ពេល​ដែល​គេ​ពិបាក​នឹង​ទាយ​ទុក​មុន។

អ៊ីចឹង​ហើយ​បាន​ជា​មាន​សំណួរ​ចោទ​ឡើង​ថា តើ​នេះ​ជា​នយោបាយ​ការទូត​របស់​អាមេរិក ឬ​មួយ​ក៏​ជា​ទម្លាប់​ធ្វើ​ការ​របស់​លោក​ត្រាំ?

ចំណែក​លោក​គីម ជុងអ៊ុន​ក៏​មិន​ធម្មតា​ដែរ ពោល​ធ្លាប់​បាន​ប្តូរ​ជំហរ​ស្រេច​តែ​នឹង​ចិត្ត។ ខណៈ​នេះ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​ល្បែង​ដែល​លោក​ត្រាំ និង​លោក​គីម​ចង់​លេង​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​នរណា​មាន​ប្រៀប​ជាង​នរណា ហើយ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ម៉េច​នៅ​ទីបញ្ចប់។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ ភាគី​ទាំង​ពីរ​កំពុង​បន្ត​ស្ទាបស្ទង់​ទឹកចិត្ត​គ្នា និង​កំពុង​បន្ត​វាស់កម្លាំង​គ្នា។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​នៅ​ត្រង់​ថា តើ​ភាគី​ទាំង​ពីរ​ពិត​ជា​មាន​ឆន្ទៈ​ចង់​ជួប​ចរចា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រវាង​គ្នា​ដែរ ឬ​ទេ?។ លោក​ត្រាំ​ថា​ពិត​ជា​មាន ហើយ​លោក​គីម ជុងអ៊ុន​ថា គាត់​ក៏​មាន​ដែរ។

តែ​បញ្ហា​នៅ​ត្រង់​ថា រឿង​យល់ព្រម​ជួប​ជាមួយ​លោក​គីម រឿង​លុបចោល​ឈប់​ជួប​លោក​គីម​វិញ ហើយ​ឥឡូវ​នេះ រឿង​ចង់​ត្រឡប់​ទៅ​ជួប​លោក​គីម​ជា​ថ្មី គឺ​ចេញ​តែ​ពី​បបូរមាត់​លោក​ត្រាំ​តែ​ម្នាក់​ឯង​ដោយ​គេ​មិន​ដឹង​ថា តើ​លោក​ត្រាំ​កំពុង និង​ចង់​លេងល្បែង​អ្វី​ជាមួយ​លោក​គីម​ទេ។

ក្រោយ​ពី​សារ​ទន់ភ្លន់​របស់​កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ​ទន់ចិត្ត

នៅ​ក្នុង​សំបុត្រ​មួយ​សរសេរ​ប្រមាណ​ជា ២០បន្ទាត់​ផ្ញើ​ទៅ​កាន់​លោក​គីម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ឧសភា លោក​ត្រាំ​បាន​ប្រកាស​លុប​ចោល​ជំនួប​ជាមួយ​លោក​គីម។ ហេតុផល​ត្រូវ​បាន​លោក​ត្រាំ​លើក​ឡើង​ថា មក​ពី​លោក​គីម​បាន​ប្រើ​សម្តី​ដែល​បង្កប់​ដោយ​កំហឹង និង​ការ​គំរាម។ បន្ទាប់​មក​នៅ​ក្នុង​សំបុត្រ​ដដែល លោក​ត្រាំ​ថែម​ទាំង​ដំឡើង​សាច់ដុំ​ដាក់​លោក​គីម​ថា លោក​មាន​កម្លាំង​អាវុធនុយក្លេអ៊ែរ​ខ្លាំងក្លា និង​មាន​ប្រព័ន្ធអាវុធ​ដ៏​ទំនើប​ដែល​លោក​ជឿជាក់​ថា គ្មាន​នរណា​ម្នាក់​នឹង​បង្ខំ​លោក​ឲ្យ​ប្រើ​អាវុធ​ទាំង​នោះ​ដាក់​កូរ៉េខាងជើង​ឡើយ។

ជាមួយ​នឹង​សំបុត្រ​របស់​លោក​ត្រាំ​នេះ កូរ៉េខាងជើង​មិន​បាន​សម្តែង​កំហឹង​អ្វី​ដាក់​លោក​ត្រាំ​ទេ តែ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​មាន​ការ​ថ្លឹងថ្លែង​ទៅ​វិញ។ អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងជើង​លោក​គីម យេវ៉ាន​បាន​ត្រឹម​ចាត់​ទុក​ការ​សម្រេច​លុប​ចោល​ជំនួប​របស់​លោក​ត្រាំ​ថា គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់។ ទន្ទឹម​គ្នា​នេះ លោក​គីម យេវ៉ាន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ទ្វារ​នៃ​កិច្ចចរចា​នៅ​បើក​ចំហ ហើយ​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​អង្គុយ​ចរចា​មួយ​ទល់​មួយ​ជាមួយ​អាមេរិក​នៅ​គ្រប់​ពេល និង​គ្រប់​កាលៈទេសៈ​ទាំង​អស់។ គឺ​ផ្តើម​ចេញ​សារ​ទន់ភ្លន់​របស់​កូរ៉េខាងជើង​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​ត្រាំ​ទន់ចិត្ត​វិញ។

លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter នា​យប់​ថ្ងៃ​សុក្រ ទី២៥ ឧសភា​ដោយ​ចាត់​ទុក​សេចក្តីថ្លែងការណ៍​របស់​ព្យុងយ៉ាង​ថា មាន​ភាព​កក់ក្តៅ និង​មាន​លក្ខណៈ​ស្ថាបនា។ តាម​លោក​ត្រាំ ជំនួបកំពូល​ជាមួយ​លោក​គីម​អាច​នឹង​មាន​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ទឹកដី​សិង្ហបុរី​ដូច​ដែល​បាន​កំណត់ ហើយ​ក៏​អាច​នឹង​បន្ត​មាន​នៅ​ក្រោយ​ថ្ងៃទី១២ មិថុនា​ទៀត។ ក្រៅ​ពី​លោក​ត្រាំ ក៏​គេ​ឃើញ​មាន​ប្រតិកម្ម​វិជ្ជមាន​ពី​ថ្នាក់ដឹកនាំ​អាមេរិក​ផ្សេង​ទៀត​ដែរ ពិសេស​រដ្ឋមន្រ្តី​ការពារជាតិ​លោក James Mattis ដែល​អះអាង​ថា ក្រុម​មន្រ្តីការទូត​កំពុង​ធ្វើ​ការ​ក្នុង​រឿង​ជំនួបកំពូល​នេះ។ ចំណែក​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បាន​បញ្ជាក់​ថា អាមេរិក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ជំនួប​ថ្ងៃទី១២ មិថុនា។

តើ​មាន ឬ​មិន​មាន​ជំនួបកំពូល​ត្រាំ គីម?

ជា​ចម្លើយ​សុទិដ្ឋិនិយម​ខ្លាំង​ពេក បើ​ឆ្លើយ​ថា​មាន តែ​បើ​ឆ្លើយ​ថា​គ្មាន​វិញ វា​ជា​ចម្លើយ​ទុទិដ្ឋិនិយម​ខ្លាំងជ្រុល។ អ្វី​ដែល​គេ​អាច​និយាយ​បាន​គឺ​ថា គ្រប់​ភាគី​ទាំង​អស់ រួម​ទាំង​អាមេរិក និង​កូរ៉េខាងជើង​ផង​សុទ្ធ​តែ​ចង់​ឲ្យ​មាន​ជំនួប​រវាង​លោក​ដូណាល់ និង​លោក​គីម ជុងអ៊ុន។ ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​បង្ហាញ​ចេញ​នូវ​ឆន្ទៈល្អ។ អនុប្រធានាធិបតី​ចិន​បាន​យល់​ឃើញ​ថា ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​ជា​រឿង​ចំាបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ធានា​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​សិង្ហបុរី ជប៉ុន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។

ចំណែក​កូរ៉េខាងត្បូង​ដែល​ជា​តួអង្គ​នៃ​ការ​សម្របសម្រួល​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​សាទរ​លើ​គំនិត​នៃ​ការ​រក្សាទុក​ជំនួបកំពូល​របស់​លោក​ដូណាល់ ត្រាំ។ តែ​ក្រុង​សេអ៊ូល​មិន​ភ្លេច​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត​ពី​ការ​ប្រែប្រួល​នៃ​ស្ថានការណ៍​នា​ពេល​ខាង​មុខ។ នៅ​អាមេរិក ព័ត៌មាន​លើ​គេហទំព័រ Politico បាន​ឲ្យ​ដឹង​ថា សេតវិមាន​បាន​បញ្ជូន​មន្រ្តី​ចរចា​ប្រមាណ​ជា ៣០នាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​ទៅ​សិង្ហបុរី​ដើម្បី​រៀបចំ​ការងារ​ជាមួយ​ក្រុម​មន្រ្តីចរចា​កូរ៉េខាងជើង។ គួរ​រម្លឹក​ជូន​ថា ជំនួប​ការងារ​រវាង​ក្រុម​ទាំង​ពីរ​នេះ​គ្រោង​ធ្វើ​តាំង​ពី​សប្តាហ៍​មុន តែ​ភាគី​កូរ៉េខាងជើង​បាន​អវត្តមាន។

ឃើញ​ថា ពន្លឺ​នៃ​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​នៅ​ថ្ងៃទី១២ មិថុនា​កំពុង​បន្ត​មាន នោះ​បើ​ទោះ​បី​ជា​គ្មាន​នរណា​ម្នាក់​ហ៊ាន​ធានា​អះអាង​ថា នឹង​មាន ឬ​នឹង​គ្មាន​ពិតប្រាកដ​ឡើយ។ ចូរ​កុំ​ភ្លេច​ថា ក្រៅ​ពី​រឿង​នុយក្លេអ៊ែរ អធិករ​រវាង​អាមេរិក និង​កូរ៉េខាងជើង​ក៏​កំពុង​បន្ត​មាន​លើ​ការ​មិន​ទុក​ចិត្ត​គ្នា​ដែរ។ នេះ​នៅ​មិន​ទាន់​រាប់បញ្ចូល​ពី​ការ​លូកដៃ​អន្តរាគមន៍​របស់​ប្រទេស​ផ្សេង ពិសេស​ពី​ប្រទេស​ចិន​ដែល​មិន​ចង់​ឃើញ​ការ​រួបរួម​រវាង​កូរ៉េ​ទាំងពីរ និង​ការ​ល្អូតល្អឺន​រវាង​កូរ៉េខាងជើង និង​អាមេរិក៕

ព្រឹត្តិការណ៍ និង​ស្នាដៃ​នៃ​ការ​កាន់​តំណែង​ប្រមុខ​អង្គការ​ពិលោក​រយៈពេល ១០ឆ្នាំ​របស់​លោក​កូហ្វី អាណាន់

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត