rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ភូមា សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភូមា៖ Amnesty International ស៊ើបអង្កេត​​​លើ​​​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​​​ពួក​ឧទ្ទាម​​រ៉ូហ៊ីងយ៉ា​​

media
Amnesty International flag Reuters

អង្គការ​​ ការពារ​សិទ្ធ​មនុស្ស​អន្តរជាតិ Amnesty International ទើប​បាន​ចេញ​ផ្សាយ​របាយការណ៍​​​មួយ​នៅ​ថ្ងៃ​ពុធ​ទី ២៣​ឧសភា​នេះ​ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេតរបស់ខ្លួន​​នៅ​លើ​អំពើ​ឧក្រឹដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​​ដោយ​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​នៅ​ភូមា​។


នៅ​ក្នុង​របាយការណ៍​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​២៣​ឧសភា​នេះ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ Amnesty International បាន​សរសេរ​ថា “លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ចុង​ក្រោយ​មួយ​របស់​ខ្លួន បាន​ផ្តល់​នូវ​ពន្លឺ​​ដ៏​សំខាន់​មួយ​​ពាក់ព័ន្ធ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​-។ គឺ​ជា​ការរំលោភ​បំពានមួយ​​ដែល​គេ​ពុំ​សូវ​បាន​​បរិហារ។

Amnesty International  ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Londres  ​ក្នុង​ប្រទេស​អង់គ្លេស បាន​បញ្ជាក់​ទៀត​ថា ពុំមែន​មាន​តែ​ខាង​យោធា​ភូមា​ប៉ុណ្ណោះ​នោះ​ទេ​ដែល​បាន​​ប្រព្រឹត្ត​អំពើ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ តែ​ខាង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​ ​ក៏​បាន​លូក​ដៃ​នៅ​​ក្នុង​​អំពី​ឃោរឃៅ​នេះដែរ។​

អង្គការ​ការពារ​សិទ្ធ​មនុស្ស​ Amnesty International  ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​លើ​ការ​ហេតុការណ៍​កាប់​សម្លាប់​រង្គាល​ចំនួន​ពីរ​ប្រឆាំង​ទៅ​លើ​ប្រជាជន​ភូមិ​អ្នកកាន់​សាសនា​ហ៊ិនឌូ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​អារ៉ាខាន់​។  ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​ដែល​ធ្វើការ​ប្រយុទ្ធ​ការពារ​លើ​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់សាសនាអ៊ីស្លាម​ដែល​​ភូមា​ដាក់​អោយ​នៅ​ក្រៅ​សង្គម។​​​​

គួររំលឹកថា នៅ​ខែ​កញ្ញា ២០១៧ អាជ្ញាធរ​ភូមា បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង បន្ទាប់ពី​បាន​រក​ឃើញ​សាកសព​មនុស្ស​ចំនួន​៥២​នាក់​នៅ​ក្នុង​​រណ្តៅ​​កប់​ខ្មោច​រួម​មួយ​​នៅ​ក្នុង​ភូមិ​របស់​​អ្នក​កាន់​សាសនា​ហ៊ិនឌូ​ ក្នុង​ភាគ​ពាយ័ព្យ​ភូមា។

យោងតាម​​កងទ័ព​ភូមា សាក​សព​ទាំង​នោះ គឺ​ជា​ប្រជាជន​ហ៊ិនឌូ​ដែល​ត្រូវ​បាន​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​កាប់​សម្លាប់​ នៅ​​ឱកាស​នៃ​ការ​វាយប្រហារ​នានា​កាលពី​ចុង​ខែ​សីហា​ឆ្នាំ ​២០១៧ និង​​ជាបន្ទាប់មក ការ​បង្ក្រាប​របស់​កងទ័ព​ភូមា​​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

តែ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​លើ​ការ​ចោទ​ប្រកាន់​នេះ។ ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​បានបញ្ជាក់​ផងដែរ​ដោយ​អង្គការ Amnesty International ​ រួមទាំង​​​សក្ខីភាព​នានា​របស់​ប្រជាជន​ហ៊ិនឌូ ​បន្ទាប់ពី​អង្គការការពារសិទ្ធមនុស្ស​​នេះ បាន​ធ្វើការ​សាកសួរ​ដោយ​ផ្ទាល់​នៅ​ឱកាស​បេសកកម្ម​មួយ​របស់​ខ្លួន​កាលពី​ខែ​មេសា​មុន​នៅ​ក្នុងតំបន់ហ៊ិនឌូ​ក្នុង​​រដ្ឋរ៉ាឃីន​។

ជាសរុប ប្រជាជន​ហិនឌូ​ចំនួន​ជិត​១០០​នាក់ ប្រហែល​ជា​ត្រូវ​បាន​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងុយ៉ា សម្លាប់​។​

ការ​ចេញ​ផ្សាយ​របាយការណ៍​ស្តី​ពី​ការ​រំលោភ​បំពាន​របស់​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​​ប្រឆាំង​ទៅ​លើ​ប្រជាជនហ៊ិនឌូ​គឺ បើយោងតាម Amnesty International ​ គឺ​ដោយសារ​ការ​បារម្ភ​ពី​តុល្យភាព​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ បើទោះបី​ជា​ទំហំ​នៃ​បាតុភូត​នេះ គ្មាន​ពាក់ព័ន្ធ​អ្វី​ឡើយ​ជាមួយ​នឹង​ទំហំ​នៃ​ការ​សង្ស័យ​ទៅ​លើ​កងទ័ព​ភូមា​នៅ​ក្នុង​​ការ​ប្រហារ​ជីវីត​លើ​បណ្តា​ជន​រងគ្រោះ​រ៉ូហ៊ីងយ៉ា​ក្នុងចំនួនដ៏ច្រើនសម្បើមនោះទេ​៕​