ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ីកោះហៅ អតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ីបានរាយការណ៍ថា អតីតមេដឹកនាំលោក ណាជីប រ៉ាហ្សាក់ ត្រូវបានកោះហៅឱ្យចូលបង្ហាញខ្លួន នៅចំពោះមុខ អាជ្ញាធរប្រឆាំងអំពើពុករលួយ នៅសប្តាហ៍ក្រោយ។ ការកោះហៅនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពីការប្រព្រឹត្តិអំពើពុករលួយ នៅពេលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៩
អាជ្ញាធរប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានកោះហៅអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ឲ្យចូលខ្លួនបំភ្លឺ ទាក់ទងនឹងរឿងអាស្រូវអំពើពុករលួយ បន្ទាប់ពីប៉ូលីសបានឆែកឆែររកឃើញលុយ ព្រមទាំងគ្រឿងអលង្ការមានតម្លៃជាច្រើន នៅក្នុងផ្ទះរបស់លោក កាលពីរំលងអធ្រាតថ្ងៃពុធ សប្តាហ៍នេះ។ លោកណាជីប នឹងត្រូវឆ្លើយសំណួរ ដែលផ្តោតលើការចោទប្រកាន់លើរូបលោក ទាក់ទិននឹង ការលួចលុយរដ្ឋប្រមាណជា ៧០០លានដុល្លារអាមេរិក។
គួរជម្រាបថា លោក ណាជីប បានបរាជ័យក្នុងបោះឆ្នោតកាលពីថ្ងៃទី ៩ ខែឧសភា ហើយសម្ព័ន្ធគណបក្សប្រឆាំង ដែលមាននិន្នាការនយោបាយមុតមាំ ក្នុងការប្រឆាំងនឹងអំពើពុករលួយ បានឈ្នះការបោះឆ្នោតជាតិជាប្រវត្តិសាស្ត្ររបស់ខ្លួននាអាណត្តិនេះ។
បន្ទាប់ពី លោកណាជីប បាត់បង់អំណាច លោកម៉ាហាធា ម៉ូហាម៉េដ ដែលជានាយករដ្ឋមន្រ្តីថ្មី បានស្នើឲ្យប៉ូលីស បើកការស៊ើបអង្កេតលើសំណុំរឿងអំពើពុករលួយប្រព្រឹត្តដោយលោកណាជីប និងបក្សពួក ដើម្បីរឹបអូសយក លុយពុករលួយរាប់លានដុល្លារ ត្រឡប់មកវិញ។ មួយវិញទៀត ដោយសារជាប់ពាក់ព័ន្ឋនឹងការលួចថវិការជាតិ នេះ លោកណាជីប ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ដាក់បម្រាមមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីឡើយ។
គួររំឭកថា រឿងអាស្រូវពុករលួយ របស់លោកណាជីប បានផ្ទុះឡើងតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ប៉ុន្តែមិនមានចំណាត់ការក្តៅណាមួយប្រឆាំងលើរូបលោកដូចពេលនេះឡើយ នៅពេលដែលរូបលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ