អានតួអត្ថបទ
បង់ក្លាដែស-តុលាការ

តុលាការ​​​​កំពូល​​​បង់ក្លាដែស​​​បង្គាប់​​​ឲ្យ​ដោះលែង​​​លោកស្រី​​ Khaleda ​​ដោយ​​មូលហេតុ​​សុខភាព​​​​

នៅ​​បង់ក្លាដែស ​លោកស្រី​​ Khaleda ZIA ​អតីត​​នាយក​​រដ្ឋមន្ត្រី​​ដែល​​ជាប់​​ទោស​ពី​​បទ​​ពុក​​រលួយ ​​ត្រូវ​​បាន​​តុលាការ​​កំពូល​​បញ្ជា​​នៅ​​ថ្ងៃ​​ពុធ​​នេះ​ បញ្ជា​​អោយ​​ដោះលែង​​​ដោយ​​មូលហេតុ​​បញ្ហា​​សុខភាព​-នេះ​បើយោង​តាម​​ការ​​ជូន​​ដំណឹង​​របស់​​មេធាវី​​របស់​លោកស្រី​ Khaleda ZIA។ ​​​

អតីត​នាយករដ្ឋមន្ត្រី​​និងប្រធានគណបក្សជាតិនិយម​បង់ក្លាដែស​(BNP) Khaleda Zia នៅ​ទីក្រុង​​ Dacca ​២​ មិថុនា​២០១៦​
អតីត​នាយករដ្ឋមន្ត្រី​​និងប្រធានគណបក្សជាតិនិយម​បង់ក្លាដែស​(BNP) Khaleda Zia នៅ​ទីក្រុង​​ Dacca ​២​ មិថុនា​២០១៦​ STR/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ទី​១៦ ឧសភា​នេះ តុលាការ​កំពូល​បង់ក្លាដែស​ បាន​បង្គាប់​អោយ​​​​ដោះលែង​អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី Khaleda Zia ដោយ​មូលហេតុ​សុខភាព​។

នៅ​ខណៈ​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ ​ថា​តើ ​​អតីត ​នាយក​រដ្ឋមន្រ្តី​បង់ក្លាដែស​​នេះ  ​អាច​នឹង​ចេញ​ពី​ពន្ធនាគារ​ពិសេស​នៅ​ទីក្រុង​ដាក់កា (Dacca) ​​នៅ​​ពេល​ណា​ទៅ​ ? ​ក្នុង​ពន្ធនាគារ​ពិសេស​នេះដែល​អ្នកទោស ​​​មាន​តែ​រូប​គាត់ ​ម្នាក់​​គត់​ប៉ុណ្ណោះ។

ក្រុម​មេធាវី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស បាន​ទាមទារ​សុំ​ឲ្យ​លោកស្រី ​Khaleda Zia ដែល​មាន​អាយុ ៧២​ឆ្នាំ​ហើយ​នោះ ​បាន​ចេញ​ពី​ពន្ធនាគារ​​ក្នុង​​ពេល​ឆាប់ៗ​ ដោយ​មូលហេយតុ ការ​​បារម្ភ​​ខ្លាច​សុខភាព​របស់​គាត់​​ធា្លក់​ចុះ​ដុនដាប​​ប្រសិន​បើ​​ជាប់​នៅ​ក្នុង​ពន្ធនាគារ​​ជាយូរពេល។ សូមបញ្ជាក់ថា អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​​នេះ គឺ​ជា​ភរិយា​របស់​សព​អតីត​ប្រធានាធិបតី​បង់ក្លាដែស​លោក​ Ziaur  Rahman ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ឆ្នាំ​១៩៨១​ ។

 

ទន្ទឹមនេះ មេធាវី​របស់​​លោកស្រី Khaled Zia បាន​ថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​ថា កូន​ក្តី​របស់​គាត់ នៅ​ជាប់​ឃុំ​ខ្លួន​ក្នុង​​សំណុំរឿង​ចំនួន​៥​ផ្សេងទៀត។  ដូច្នេះ ការ​ពិនិត្យ​លើ​សំណើរ​សុំការ​​ដោះលែង​នៅ​ក្នុង​សំណុំរឿង​ទាំងអស់​នេះ អាច​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​រហូតដល់​ ជា​ច្រើន​ថ្ងៃ​ឬ​ក៏​ជា​ច្រើន​​សប្តាហ៍​ទៀតផង​។​

 

គួររំលឹកថា ការ​ជូន​ដំណឹង​អំពី​ការ​ផ្តន្ទាទោស​រូប​អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​កាល​ពី​ខែ​កុម្ភៈ​មុន បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​ជាច្រើន​​នៅ​តាម​ទីក្រុង​ធំៗ​ក្នុង​ប្រទេស​បង់ក្លាដែស​ ​រវាង​ក្រុម​សកម្មជន​នៃ​គណបក្ស​ជាតិ​និយម​បង់ក្លាដែស​(BNP)​ដែល​ដឹកនាំ​ដោយ​លោកស្រី  Khaleda  Zia ​ជាមួយ​នឹង​កង​ប៉ូលីស​ក៏​ព្រមទាំង​​សមាជិក​នៃ​គណបក្ស​កាន់​អំណាច​បង់ក្លាដែស។​

ម្យ៉ាងទៀត​ ​អតីត​នាយក​រដ្ឋមន្រ្តី​បង់ក្លាដែស​ Khaled Zia ​ត្រូវ​បាន​ជាប់​ចោទ​ប្រកាន់​ជា​ផ្លូវការណ៍ ​ពី​បទ​ពុករលួយ​នៅ​ក្នុង​ការ​​បង្វែរ​ប្រាក់​​ចំនួន ​២១ ​លាន​តាកាស​បង់ក្លាដែស​ឬ​ស្មើ​នឹង​២​សែន​៦០០០​ អ៊ឺរ៉ូ ​ពី​​មូលនិធិ​​សម្រាប់​មណ្ឌល​កុមារ​កំព្រា​មួយ​។ ការ​ចោទប្រកាន់​ពី​បទ​ពុករលួយ​នេះ​ គឺ​ជា​ទោស​មួយ​ដែល​អាច​រារាំង​លោកស្រី Khaleda Zia មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​​បាន​ទៀត​ទេ​​នៅ​ក្នុង​​ការ​បោះឆ្នោត​ជាតិ​នានា​នាពេលខាងមុខនៅ​ក្នុងប្រទេស​បង់ក្លាដែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ