rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាស៊ី ពាណិជ្ជកម្ម សន្និសីទ​អាកាសធាតុ​ប៉ារីស២០១៥ ឧស្ម័ន ប្រេងកាត ចិន ឥណ្ឌា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ការសិក្សា៖ ការដោះដូរ​ពាណិជ្ជកម្ម​នៅ​ភាគខាងត្បូង​ផែនដីកំពុង​​ជំរុញ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​

media
កម្មករ​ចិន​នៅ កំពង់ផែ​ស្តុក​ធ្យូងថ្ម នៅ​ខេត្ត​Liaoning របស់​ចិន នៅ​ខែ​ធ្នូ ឆ្នាំ ២០១០ ©REUTERS/Stringer

ដំណាក់កាល​ថ្មី​នៃ​សកលភាវូបនីយកម្ម​អាច​ធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅក្នុង​បរិយាកាស​កើនឡើង ដែល​ជា​ឧបសគ្គ​ចំបង​នៃកិច្ចខិតខំ​ប្រឹងប្រែង​ ទប់ស្កាត់​ការឡើង​កំដៅ​ផែនដី។ នេះ​បើតាម​វាយតម្លៃ​របស់​អ្នកជំនាញ នៅក្នុង​ការសិក្សាមួយ ដែល​ចេញផ្សាយកាលពី​ថ្ងៃ​ចន្ទ ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​មួយ ឈ្មោះ Nature Communications។ ការសិក្សា​របស់​អ្នកជំនាញ​អង់គ្លេស​ផ្តោតសំខាន់​ទៅលើ​ការប៉ះពាល់​ដោយ​ផ្ទាល់​នៃ​មហិច្ឆតា​​ពាណិជ្ជកម្ម​​របស់​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី ទៅលើ​​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស។

 


ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ថ្មីមួយ ដែលនៅក្នុងនោះ ​មហាយក្ស​​សេដ្ឋកិច្ច​អាស៊ី ​បាន​​បង្កើន​ការបោះទុន​វិនិយោគ នៅ បរទេស ក្នុង​​វិស័យ​ឧស្សាហកម្ម​ ដែល​​ប្រើ​ថាមពល​ បាន​មក​ពី​ធ្យូងថ្ម។ ចិន និង ឥណ្ឌា ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ ធ្លាប់​បាន​សន្យា កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្មនៅក្នុង​ស្រុក តាមរយៈ ការលុបចោល គម្រោង​បង្កើត​រោងចក្រ ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ដល់​ទៅ៥០ភាគរយ។ ប៉ុន្តែ ផ្ទុយទៅវិញ អ្នកជំនាញខាង​​អាកាសធាតុ បាន​រកឃើញថា ដើម្បី​សម្រេច​មហិច្ចតា​​សេដ្ឋកិច្ច​​របស់ខ្លួន ចិន និង​ឥណ្ឌា បាន​ប្តូរ​ទីតាំង​រោងចក្រ វាយនភណ្ឌ និង​អេឡិចត្រូនិក​ របស់ខ្លួន ទៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​កម្លាំង​ពលកម្ម​ថោក ដូចជា ​ឥណ្ឌូណេស៊ី វៀតណាម និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ដទៃទៀត ដែលនៅទីនោះ រោងចក្រ​​ឧស្សាហកម្មសឹងភាគច្រើន ដើរដោយ​​ថាមពល​ បាន​មក​ពី​ធ្យូងថ្ម។

ការសិក្សា​របស់​អ្នកជំនាញ​អាកាសធាតុ​អង់គ្លេស បាន​រកឃើញដែរថា ប្រទេស​ចិន កំពុ​ងបង្កើន​ការវិនិយោគទៅ​​លើ​ការសាងសង់​រោងចក្រអគ្គិសនី ដែល​ដើរ​ដោយ​ថាមពល​បានមក​ពី​ធ្យូងថ្ម នៅក្នុង​ទឹកដីបរទេស។

 

សូមបញ្ជាក់ថា នៅ​ឆ្នាំ ២០១៤ ការដោះដូរ​​ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅ​​តំបន់​ភាគខាងត្បូងផែនដី បាន​​កើនឡើងខ្ពស់​គួរ​ឲ្យ​កត់សំគាល់ រហូត​ដល់​ទៅ ៩ពាន់ ពាន់​លាន​ដុល្លារ។ ការកើនឡើង​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​​​រវាង​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ថាមពល​បាន​មកពី​ធ្យូងថ្ម កំពុង​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ពី​​ការកើនឡើង​នៃ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់​ដែលជា​ប្រភព​នៃ​ការ​ឡើងកំដៅផែនដី។

តាមការសិក្សា ដែល​ចេញផ្សាយ​នៅក្នុង​លិខិត​ស្រាវជ្រាវ​បរិស្ថាន ការដំឡើង​រោងចក្រ​ដើរ​ដោយថាម​ពល​ធ្យូងថ្ម នៅ​តួកគី និ​ងវៀតណាម​ជាដើម​ កំពុង​ធ្វើ​ឲ្យបរិមាណ​នៃ​​ការបញ្ចេញ​​ឧស្ម័ន​កាបូនិក​របស់​ប្រទេសទាំងនោះ កើនឡើង បួន ដប់ដង ពី​ឆ្នាំ ២០១២ រហូត​ដល់​ឆ្នាំ ២០៣០។ ​

អ្នកវិទ្យាសាស្រ្ត​បាន​រកឃើញថា ចាប់តាំង​ពី​មាន​បដិវត្ត​ឧស្សាហកម្ម កំដៅ​លើ​ភពផែនដី​បាន​កើនឡើងជាងមុន ដោយសារ​តែ​​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ចេញមកពីការប្រើប្រាស់​ដុត​ប្រេង ឧស្ម័ន ហើយ​និង​ជាពិសេស​ធ្យូងថ្ម។ កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ នៅ​ឆ្នាំ ២០១៥ដែល​នឹង​ចូល​ជា​ធរមាន នៅ​ឆ្នាំ២០២០ មាន​គោលដៅ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ទប់ស្កាត់​កុំ​​ឲ្យ​កំដៅលើ​ផែនដីកើនឡើង​ខ្ពស់​ជាង ២អង្សាសេ៕