អានតួអត្ថបទ
ចិន

ចិន៖ ផលិតផល​ឧស្សាហកម្ម​កើនឡើង នៅពេល​ការចំណាយ​ក្នុងស្រុក​ធ្លាក់ចុះ

ផលិតផល​ឧស្សាហកម្ម​ចិន​បាន​កើនឡើង​ហួស​ពីការព្យាករ​ទុក ដល់​ទៅ ៧ភាគរយ នៅ​ខែ​មេសា។ នេះ​បើតាម​តួលេខ​របស់​ការិយាល័យស្ថិតិ​ជាតិ​ចិន ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ។ វិស័យ​​ឧស្សាហកម្ម​របស់​ចិន​មាន​កំណើន​កើនឡើង​មែន ប៉ុន្តែ ​ការប្រើប្រាស់​ក្នុង​ស្រុកវិញ​កំពុង​​ធ្លាក់ចុះ ដែល​ជា​ដំណើរ​វិវឌ្ឍ​ផ្ទុយ​ពីការចង់​បាន​​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ 

ទង់ជាតិ​ចិន​នៅលើ​ត្រាក់ទ័រ​ដែល​ដាក់​តាំងពិព័រណ៌​លក់ នៅ​ខេត្ត​ក្វាងចូវ ប្រទេស​ចិន នៅ​ខែ​មេសា ២០១៨
ទង់ជាតិ​ចិន​នៅលើ​ត្រាក់ទ័រ​ដែល​ដាក់​តាំងពិព័រណ៌​លក់ នៅ​ខេត្ត​ក្វាងចូវ ប្រទេស​ចិន នៅ​ខែ​មេសា ២០១៨ ©REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

វិស័យ​​ឧស្សាហកម្មចិន នៅ​ខែ​មេសា​នេះ មាន​កំណើន ដល់​៧% គឺ​កើនឡើង​ថែម ១ភាគរយ​ទៀត បើប្រៀបធៀប​នឹង​​ខែ​មីនា។ វិស័យ​ឧស្សាហកម្ម​ចិន​បាន​ស្គាល់​កំណើនលឿន ហួស​ពីការគ្រោងទុក ដោយសារ​កត្តាពីរយ៉ាង។ ទីមួយ រោងចក្រ​ឧស្សាហកម្ម​ចិន​​បាន​ចាប់ផ្តើមសម្រុក​សកម្មភាព​ផលិត​របស់ខ្លួន​ បន្ទាប់​ពី​បាន​បិទ អស់​ប៉ុន្មាន​ខែ ដោយសារ​តែ​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការ​រឹតបន្តឹង ការបញ្ចេញ​ផ្សែងពុល នៅ​រដូវ​រងា​កន្លងទៅ។ ទី២ រោងចក្រ​ឧស្សាហកម្ម​ចិន​បាន​បង្កើន​ការផលិត​របស់ខ្លួន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ ​ការនាំចេញ ដែល​បាន​កើនឡើង​​ប្រមាណ ១៣​ភាគរយ ​នៅ​ខែ​មេសា។

សម្រាប់​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​ Bloomberg កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​​នឹង​មិន​ផ្តល់​ប្រយោជន៍​​ដល់​សេដ្ឋកិច្ច​ចិន​ភ្លាម​នោះទេ ព្រោះ​វា​កើតឡើង​នៅ​ខណៈពេល​​​ដែល​ការចំណាយ​​ក្នុង​ស្រុក​​​បាន​ធ្លាក់ចុះ បើប្រៀបធៀប​នឹង​ខែ​មីនា។ រដ្ឋាភិបាល​ក្រុង​ប៉េកាំងធ្លាប់​បាន​ប៉ង ចង់​ពឹងផ្អែក​លើ​​ការចំណាយ​ក្នុង​ស្រុក ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃគំរូ​​សេដ្ឋកិច្ច​ចិន ប៉ុន្តែ វិធានការ​​​របស់​​រដ្ឋាភិបាល​ ដើម្បី​​កាត់បន្ថយ​ប្រាក់បំណុល តាមរយៈ​ ការរឹតបន្តឹង​លើ​ប្រាក់កម្ចី​​ពី​ធនាគារ កំពុង​​ទៅ​រំខាន​ បន្ទុចបង្អាក់ ការវិនិយោគ​ក្នុងស្រុក ជាពិសេស ​វិស័យសំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​ក្បាលម៉ាស៊ីន​សំខាន់​នៃ​សេដ្ឋកិច្ច។

ការបញ្ចេញ​តួលេខ​នៃ​ការកើនឡើងហួសលឿន​នៃ​​វិស័យ​ឧស្សាហកម្ម​ចិន កើតមានឡើង នៅ​ចំ​ពេល​ដែល​ការនាំចេញរបស់​ចិន​កំពុង​ប្រឈម​នឹង​អនាគត​មិនច្បាស់លាស់ ដោយសារ​តែ​ការដាក់​សម្ពាធ​ពី​ទីក្រុង​វ៉ាស៊ីនតោន។ នៅ​ថ្ងៃ​ទី ២២​ឧសភា​ខាងមុខ ​រដ្ឋាភិបាល​លោកដូណាល់​ត្រាំ នឹង​អនុវត្ត លើ​ការដាក់​កំហិត បង្កើន​តម្លៃ​​ពន្ធលើ​ផលិតផល​​​នាំចូលពី​​ចិន ដែល​មាន​តម្លៃ ៥០ពាន់​លាន​ដុល្លារអាមេរិក។

លោក​លីវ ហេ Liu He ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​នឹង​ធ្វើ​ដំណើរ​នៅថ្ងៃ​អង្គារ​នេះ ទៅក្រុង​វ៉ាស៊ីតោន ដើម្បី​បើកការចរចា​ពាណិជ្ជកម្ម​ ​ជាមួយ​ភាគីអាមេរិក រហូត​ដល់​ថ្ងៃ​សៅរ៍។ ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​ព្យាករ កំណត់​កំណើន​សេដ្ឋកិច្ច​ជាតិ ប្រមាណ ៦,៥%​​សម្រាប់​ឆ្នាំ ២០១៨ ពោល​គឺ​ធ្លាក់​ចុះ​​បន្តិច បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៧ (៦,៩%)។ កំណើន​សេដ្ឋកិច្ច​របស់​ចិន​ នៅ​ឆ្នាំនេះ នឹង​អាច​ប្រែប្រួល រងប៉ះពាល់​ខ្លាំង បើសិនមហាអំណាច​សេដ្ឋកិ​ច្ច​ចិន និង​អាមេរិក​ អាច​​នឹង​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​ណាមួយជាមួយ​គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ