rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី ភេរវកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឥណ្ឌូណេស៊ី៖​ភេរវកម្ម​អត្តឃាតប្រឆាំង​វិហារកាតូលិក​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជា​ច្រើន​នាក់

media
នៅ​ឥណ្ឌូណេស៊ី ​ភេរវកម្ម​អត្តឃាតប្រឆាំង​វិហារកាតូលិក​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជា​ច្រើន​នាក់ JUNI KRISWANTO / AFP

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១១នាក់ និង​របួស​ប្រមាណ ៤០នាក់​ផ្សេង​ទៀត​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី១៣ ឧសភា​ទៅ​លើ​វិហារកាតូលិក​ចំនួន ៣ ស្ថិត​ក្នុង​ទីក្រុង​ស៊ូរ៉ាបាយ៉ា។ ប្រភព​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា អំពើ​ភេរវកម្ម​អត្តឃាត​ទាំង ៣ បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​គ្រិស្តសាសនិកជន​បាន​ចូលរួម​នៅ​ពិធី​សូត្រធម៌​ថ្ងៃ​អាទិត្យ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​សារភាព​ថា​ជា​ស្នាដៃ​របស់​ខ្លួន។


នៅ​ក្នុង​ការ​វាយប្រហារ​លើ​វិហារ​សាសនា​កាតូលិក​ទាំង ៣ ក្នុង​ទីក្រុង​ស៊ូរ៉ាបាយ៉ា​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​ភេរវជន​បាន​ប្រើ​វិធី​វាយប្រហារ​ខុសៗ​គ្នា។ សម្រាប់​វិហារ​សាសនា​កាតូលិក​ទី១ ភេរវជន​បាន​ជិះ​ម៉ូតូ​គប់​គ្រាប់បែក​ទៅ​លើ​ក្រុម​គ្រិស្តសាសនិកជន​ដែល​ទើប​ចេញ​ពី​សូត្រធម៌ និង​ចំ​ពេល​ដែល​ក្រុម​ថ្មី​ត្រៀម​ចូល​ទៅ​សូត្រធម៌​ម្តង។ ចំណែក​ការ​វាយប្រហារ​ទៅ​លើ​វិហារ​សាសនា​កាតូលិក​ទី២ ត្រូវ​បាន​ក្រុម​ភេរវជន​បញ្ជា​បំផ្ទុះ​គ្រាប់​នៅ​ក្នុង​ឡាន​មួយ​ដែល​កំពុង​ចត​ចោល​លើ​ចំណត​ស្ថិត​ក្បែរ​វិហារ​នោះ។ ការ​បំផ្ទុះ​រថយន្ត​មួយ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ទៅ​លើ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ចត​ក្បែរ​នោះ​ដែរ។

រីឯ​នៅ​វិហារ​សាសនា​កាតូលិក​ទី៣ ការ​បំផ្ទុះ​គ្រាប់បែក​បាន​កើត​មាន​ឡើង​នៅ​ទីកន្លែង​ដែល​ភ្នាក់ងារ​សន្តិសុខ​បាន​ឃាត់​ខ្លួន​ស្រ្តី​ពាក់ស្បៃ​គ្រប​មុខ​ជិត​ចំនួន ២នាក់។ ជា​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១១នាក់ និង​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៤០នាក់​ផ្សេង​ទៀត។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​វាយប្រហារ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ចេញ​មុខ​សារភាព​ថា​ជា​ស្នាដៃ​របស់​ខ្លួន ហើយ​ចលនា Jemaah Ansharut Daulah ដែល​មាន​សមានចិត្ត​ចំពោះ​អង្គការ​រដ្ឋអ៊ីស្លាម​ត្រូវ​បាន​គេ​សង្ស័យ​ជា​ជនដៃដល់​នៅ​ក្នុង​ការ​អំពើ​ភេរវកម្ម​អត្តឃាត​នេះ។

គួរ​រម្លឹក​ជូន​ថា Jemaah Ansharut Daulah ត្រូវ​បាន​ក្រសួង​ការបរទេស​អាមេរិក​ចុះ​ក្នុង​បញ្ជីខ្មៅ​នៃ​អង្គការ​ភេរវនិយម​ដែល​បាន​អូសទាញ​អ្នក​គាំទ្រ​អង្គការ​រដ្ឋអ៊ីស្លាម​ជា​ច្រើន​នាក់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នក​នាំពាក្យ​ប៉ូលិស​ក្នុង​ស្រុក Java ខាងកើត​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​បន្ថែម​ថា វិធានការ​សន្តិសុខ​ត្រូវបាន​ពង្រឹង​នៅ​គ្រប់​ទីកន្លែង​សាធារណៈ។ ចំណែក​លោកប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​លោក Retno Masudi បាន​ថ្កោលទោស​លើ​អំពើ​ភេរវកម្ម​អត្តឃាត​ទាំង ៣ និង​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​បោះបង់​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម​ជា​ដាច់ខាត។

សូម​ជម្រាប​ជូន​ថា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ​ជា ៩០% ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម ពោល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំជាង​គេ​ក្នុង​លោក តែ​ទន្ទឹម​គ្នា​នេះ ក៏​ជា​មាន​សហគមន៍​សាសនា​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់​ដែរ រួម​មាន​សាសនា​ហិណ្ឌូ គ្រិស្តសាសនា និង​ព្រះពុទ្ធ​សាសនា៕