អានតួអត្ថបទ
ហ្វីលីពីន-កូវ៉ែត

កូវ៉ែ​ត​​​​និង​​​ហ្វីលីពីន​​​​​ចុះកិច្ច​ព្រមព្រៀង​​​មួយ​​​​ដើម្បី​​​​រៀបចំ​​​​ច្បាប់​​​​គ្រប់គ្រង​​​​ការងារ​​​​តាម​​​​ផ្ទះ​​​​

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ​ប្រទេស​កូ​វ៉ែត​និង​ហ្វីលីពីន ទើប​បាន​ចុះ​កិច្ច​ព្រមព្រៀង​​មួយ​ដើម្បី​រៀបចំ​ច្បាប់គ្រប់គ្រង​ការងារ​តាម​ផ្ទះ​ បន្ទាប់ពី​មាន​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​២​រួច​មក​​​រហូត​ដល់​ការហាម​ឃាត់​​ពលករ​ហ្វីលីពីន​មិនអោយ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូវ៉ែត​ទៀត​ផង។ 

រដ្ឋមន្ត្រី​ការបរទេស​​កូវ៉ែត​​ Sheikh ​Sabah​ al​ Khalid​ Al​ Sabah ​​នៅ​​​ក្នុង​ជំនួប​​រវាង​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប​​​នៅ​ទីក្រុង​ ​Riyad​ ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​​​ថ្ងៃទី​១២​មេ​សា២០១៨​​​
រដ្ឋមន្ត្រី​ការបរទេស​​កូវ៉ែត​​ Sheikh ​Sabah​ al​ Khalid​ Al​ Sabah ​​នៅ​​​ក្នុង​ជំនួប​​រវាង​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប​​​នៅ​ទីក្រុង​ ​Riyad​ ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​​​ថ្ងៃទី​១២​មេ​សា២០១៨​​​ REUTERS/Faisal Al Nasse
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​សន្និសីទ​សាព័ត៌មាន​ជាមួយ​នឹង​សមភាគី​ហ្វីលីពីន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ លោក​រដ្ឋមន្ត្រីការបរទេស​កូវ៉ែត​បាន​ជូន​ដំណឹង​ថា  កូវ៉ែត​និង​ហ្វីលីពីន​ទើប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​រៀបចំ​ច្បាប់​គ្រប់គ្រង​ការងារ​នៅ​តាម​ផ្ទះ។

គូររំលឹកថា កាលពី​ខែ​កុម្ផៈមុន​នេះ ប្រធានាធិបតី​ហ្វីលីពីន បាន​ធ្វើការ​ហាម​ជា​បណ្តោះ​អាស្នន​​មិន​អោយ​ពលរដ្ឋ​ហ្វីលីពីន​ចេញ​ទៅ​ធ្វើ​ការ​នៅ​​កូវ៉ែត​ទៀត​ឡើយ​ បន្ទាប់​ពី​មាន​​អំពើ​ឃាតកម្ម​លើ​​នារី​អ្នក​បម្រើ​តាម​ផ្ទះ​ជន​ជាតិ​ហ្វីលីពីន​មួយរូបរួច​មក ដែល​សាកសព​ជន​រងគ្រោះ ត្រូវ​បាន​​គេ​​រក​ឃើញ​​នៅ​ក្នុង​ទូរ​​​កក។​

បន្ទាប់ពី​រឿងអាស្រូវ​ឃាតកម្ម​នេះ​មក​ វិបត្តិ​រវាង​ហ្វីលីពីន​និង​កូវ៉ែត​ ​កាន់តែ​ធ្លាក់​ចុះ​ដុន​ដាប​​នៅ​ខែ​មេសា​មុន នៅ​ខណៈ​ដែល​កូវ៉ែត បាន​បញ្ជារ​​ឲ្យ​បណ្តេញ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​​ចេញ​ពី​ប្រទេស​ខ្លួន​​ដោយ​បាន​កោះហៅ​ឯកអគ្គរាដទូត​កូវ៉ែត​ប្រចាំនៅ​ហ្វីលីពីន វិលត្រឡប់​មក​ក្នុង​ស្រុក​​វិញជាបន្ទាន់។ ការ​កោះហៅមេទូត​កូវ៉ែត អោយ​ចូល​ក្នុង​ស្រុក​វិញយ៉ាងរហ័សបំផុតនេះ ជាប្រតិកម្មប្រឆាំងមួយ ​បន្ទាប់ពីមាន​ការ​ផ្សព្វផ្សាយ​ខ្សែអាត់​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​​ក្រុម​មន្ត្រី​ការទូត​ហ្វីលីពីន​នៅ​កូវ៉ែត ​កំពុង​រៀបចំ​ជម្លៀស​អ្នក​បម្រើ​ជនជាតិ​ហ្វីលីពីន​ចេញ​ពី​ក្រុមគ្រួសារ​កូវ៉ែត​ណា​ដែល​គេ​សង្ស័យ​ថា បាន​វាយ​ធ្វើបាប​លើ​អ្នក​បម្រើ​ជន​ជាតិ​ហ្វីលីពីន។

ហើយ​នៅ​ចុង​ខែ​មេសា​មុន​នេះទៀត ប្រធានាធិបតីហ្វីលីពីន​ ក៏​បាន​ហាម​ជាស្ថាពរ​​ពលរដ្ឋ​ខ្លួន មិនអោយ​​ចេញ​ទៅ​បម្រើការ​នៅ​កូវ៉ែត​ដែរ។​​​

ក៏ប៉ុន្តែ​ទើបតែ​នៅថ្ងៃ​ព្រហស្បតិ៍​មុន​នេះ អ្នក​ទទួល​ខុស​ត្រូវ​​នៃ​គណប្រតិភូ​ហ្វីលីពីន​មួយ​រូប​ដែលស្ថិត​នៅ​កូវ៉ែត បានថ្លែង​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ថា វិបត្តិ​រវាង​កូវ៉ែត​និង​ហ្វីលីពីន ​បានផុតរលត់ហើយ​។ ហើយ​​កូវ៉េត​និង​ហ្វីលីពីន​ ក្នុងពេលនេះ ​​កំពុង​តែ​រិះ​រក​វិធី​យ៉ាង​ណា​ដើម្បី​ពង្រីក​​ទំនាក់​ទំនង​រវាង​កូវ៉ែត​និង​ហ្វីលីពីន​ថែមទៀត និង​​ក៏​កំពុង​តែ​ចរចា​គ្នា​នៅ​លើ​កិច្ចព្រមព្រៀង​មូយ​ដើម្បី​នឹង​អនុញ្ញាត​ដល់​ការ​លើក​បម្រាម​វិញ​ពាក់ព័ន្ធ​នឹង​ការងារ​​ពលករ​​បម្រើ​តាម​ផ្ទះ​។​

កិច្ច​ព្រមព្រៀង​នោះ អនុញាត​នូវ​​សិទ្ធិ​មួយចំនួន​ដល់​ពលករ​ហ្វីលីពីន​ ដូចជា ពីអំណេះ​ត​ទៅ​ ពលករហ្វីលីពីន ​​អាច​​រក្សាទុក​ទូរស័ព្ធ​ដៃ​ជាប់​នឹង​ខ្លួន​បាន  មាន​ពេល​ឈប់​សម្រាកពី​ការងារ​ ​​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​​និង​អាច​ស្វែង​រក​ជំនួយ​ពី​អាជ្ញាធរ​ហ្វីលីពីន​បើ​សិន​ជា​ការ​ចាំ​បាច់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ