អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រ​លើកលែង​ទោស​មេបក្ស​ប្រឆាំង​អាន់វ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

​អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក​អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ដែលកំពុង​ជាប់​ឃុំ​ឃាំង ពី​បទ​ស្រលាញ់​ភេទ​ដូច​គ្នា នឹងទទួល​បាន​សេរីភាព ព្រម​ទាំង​អាច​វិលត្រឡប់​ចូល​មក​ក្នុង​ឆាក​នយោបាយវិញ​បាន​ហើយ ព្រោះ​ព្រះមហាក្សត្រម៉ាឡេស៊ី​យល់ព្រម​លើកលែងទោស​ឲ្យ។ នេះ​បើ​បាន​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថ្មី។ ​លោក​មហាធៀរ មហាម៉ាត់ កន្លងមកធ្លាប់​បាន​សន្យាថា​បើ​លោក​ជាប់ឆ្នោត ហើយ​លោក​អាន់វ៉ា​ត្រូវ​លើកលែងទោស លោក​នឹង​ផ្ទេរតំណែង​ទៅ​ឲ្យ​លោក​អាន់វ៉ា​ជា​អ្ន​កកាន់តំណែង​ជា​នាយករដ្ឋមន្រ្តី។

លោក Mahathir Mohamad (ស្តាំ) និង​លោក Anwar Ibrahim (ឆ្វេង) រូបថត ឆ្នាំ​១៩៩៨
លោក Mahathir Mohamad (ស្តាំ) និង​លោក Anwar Ibrahim (ឆ្វេង) រូបថត ឆ្នាំ​១៩៩៨ REUTERS/David Loh/File Photo
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ពី ​​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ របស់​​បក្ស​ប្រឆាំង យក​ឈ្នះ​លើ​បក្ស​កាន់​អំណាច ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​ជាប់​រហូត​តាំង​ពី​​៦១​ឆ្នាំ​មក នៅ​ថ្ងៃ​នេះ នាយក​រដ្ឋមន្ត្រី​ ​វ័យ៩២​ឆ្នាំ​របស់​​ម៉ាឡេស៊ីបាន​ប្រកាស​ដំណឹង​ល្អ​មួយ​ទៀត គឺ​ការ​លើក​លែង​ទោសមេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ការ​លើក​ទោស​ដែល​ជា​ការ​បើក​ផ្លូវ​ឱ្យ​លោក​អាន់វ៉ា អាច​ត្រលប់​មក​ប្រលូក​ក្នុង​ឆាក​នយោបាយ​​វិញ​ផង និងអាច​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ទៀត ជំនួស​លោក​មហាធៀរ មហាម៉ាត់​​បាន​ទៀត។

លោក អាន់វ៉ា ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ នៅ​ពីរ​ឆ្នាំ​ខាង​មុខ

នេះ​បើ​តាម​ខ​សន្យា​របស់​លោក មហាធៀរ មហាម៉ាត់ ដែលបាន​​ព្រមព្រៀង​ជាមួយ​ក្រុម​បក្ស​ប្រឆាំងនៅ​មុន​ពេល​បោះឆ្នោត គឺ​លោក​អាន់វ៉ា នឹង​អាច​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​បាន​ហើយ។ ក៏​ប៉ុន្តែ​តំណែង​នេះ​មិន​អាច​ប្រគល់​ជូន​លោក​បាន​ដោយ​ភ្លាមៗ​ទេ លោក​អាន់វ៉ា ត្រូវ​រង់​ចាំ​ដល់​មាន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​មួយ​ភាគ​សិន និង​ត្រូវ​រង់​ចាំ​ពីរ​ឆ្នាំ​ទៀត។

នៅ​ឆ្នាំ​២០១៥ ក្រោយ​ការ​ផ្ទុះ​ដោយ​សារ​រឿង​អាស្រូវ​ពុក​រលួយ​លួយ​បង្វិល​ប្រាក់ពាក់​ព័ន្ធ​នឹង​នាយក​រដ្ឋមន្ត្រី​លោក ណាជីប រ៉ាហ្សាក់ ដែល​ធ្វើ​រូប​ភាព​ប្រទេស​ខូច​ខាត​យ៉ាង​ខ្លាំង​លើ​ឆាក​អន្តរជាតិ​នោះ លោក​មហាធៀរ មាហាម៉ាត់ ក៏​បានត្រលប់​មក​ប្រលូក​នយោបាយ​​វិញ និង​ជា​ការ​វិល​ត្រលប់​ដោយ​ភ្ញាក់​ផ្អើល ដោយជ្រើសរើស​ធ្វើ​ខ្លួន​ជាបក្ស​ប្រឆាំង និង​​បាន​​ទៅ​ផ្សះផ្សា​ជាមួយ​នឹង​លោក​អាន់វ៉ា បើទោះ​បី​ជា​លោក​អាន់វ៉ា មេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​ដែល​ធ្លាប់​ជា​គូ​សត្រូវ​ប្រជែង​នយោបាយនឹង​គ្នា​​រហូត​មក​សោះ និង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក៏​ដោយ។ លោក​ធ្វើ​បែប​នេះ គឺ​ដើម្បី​អាច​​ដឹកនាំ​ក្រុម​សម្ព័ន្ធ​បក្ស​ប្រឆាំង យក​ឈ្នះ​លើ​​លោក​ណាជីប​ រ៉ាហ្សាក់ ដែល​ប្រលាក់​ប្រលូស​ដោយ​អំពើ​ពុក​រលួយ​ ខាត​បង់​ប្រាក់​ជាតិ និង​រូប​ភាព​ប្រទេស។

លោក មហាធៀរ និង​លោក អាន់វ៉ា ៖ ពី​គូប្រជែង​ មក​ជា​ដៃគូ

​តាំង​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៧​មក​ ម៉ាឡេស៊ី បក្ស​រណសិរ្យ​ជាតិ Barisan Nasional តែង​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត​មកទល់​នឹង​ថ្ងៃ​ទី ៨ឧសភា ២០១៨ ថ្ងៃ​ដែល​បក្ស​ប្រឆាំង​សម្ព័ន្ធ​នៃ​ក្តី​សង្ឃឹម យកឈ្នះគណបក្ស​កាន់​អំណាច​ បក្ស​រណសិរ្ស​ជាតិ​។ លោក​មហាធៀរ មហាម៉ាត់ ដែល​ជា​នាយក​រដ្ឋមន្ត្រី​​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ​១៩៨១-២០០៣ ក៏​ជា​ឥស្សរជន​របស់​បក្ស​នេះ​ដែរ។ នៅ​ក្នុង​អំឡុង​ពេល​នោះ លោក អាន់វ៉ា ជា​មន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​របស់​លោក​មហាធៀរ និង​បានឡើង​តួនាទី​​ជា​ឧបនាយក​រដ្ឋមន្ត្រី​​ នៅ​ឆ្នាំ​១៩៩៨។ ប៉ុន្តែមួយ​ឆ្នាំ​ក្រោយ​មក លោក​មហាធៀរ ក៏​បាន​ទម្លាក់​លោក អាន់វ៉ា​​ចេញ​ ដោយ​ហេតុ​តែ​លោក​អាន់វ៉ា ហ៊ាន​រិះគន់​នយោបាយ​សេដ្ឋកិច្ច​បែប​ការពារ​ជាតិ​និយម​ជ្រុល​​របស់​រដ្ឋាភិបាល​ ក្នុង​ពេល​ដែល​អាស៊ី​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ។

ចាក​ចេញ​ពី​រដ្ឋាភិបាល លោក​អាន់វ៉ា ក៏​បាន​ងាក​មក​ធ្វើ​ជា​បក្ស​ប្រឆាំង។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៩ តុលាការ​ក៏​បាន​បើក​សវនាការ​​ដ៏​ចម្រូង​ចម្រាស​កាត់​ទោស​​ឱ្យ​​​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​​ តែ​លោក​អាន់វ៉ា តែង​បដិសេធ និង​ចាត់​ទុក​ជា​ម៉ាស៊ីន​នយោបាយរបស់​រដ្ឋាភិបាល។ ក្រោយ​ពី​បាន​លុប​លាង​ទោស​ នៅ​ឆ្នាំ ២០០៨ លោក​អាន់វ៉ា​បាន​វិល​ត្រលប់​មក​កាន់​ឆាក​នយោបាយ​វិញ ក្នុង​នាម​ជា​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​ ដោយ​សន្យា​ដឹកនាំ​ប្រទេស​ប្រយុទ្ធ​ប្រឆាំង​នឹ​ងអំពើ​ពុក​រលួយ លុប​បំបាត់​របប​ផ្តាច់​ការ​បំបិទ​សេរីភាព។ ​ឆ្នាំ​២០១៥ លោក​អាន់វ៉ា ត្រូវ​បាន​តុលាការ​កាត់​ទោស​ជា​ថ្មីពី​បទ​ស្រលាញ់​ភេទ​ដូច​គ្នា។ ជា​សាលក្រម​ដ៏​ចម្រូងចម្រាស​និង​មាន​លក្ខណៈ​នយោបាយ​ដូច​​លើក​ដំបូង​ដែរ។​ លោក អាន់វ៉ា បាន​បដិសេធ​ពាក្យ​ចោទ​ប្រកាន់ និង​អះអាង​អំពី​ភាព​បរិសុទ្ធ​របស់​លោក​ដោយ​បរិហារ​ថា ជា​​ផែនការ​នយោបាយ​ដែល​រដ្ឋាភិបាល​កាន់​អំណាច ដឹកនាំ​ដោយ​លោក ណាជីប រ៉ាហ្សាក់​ តាំង​ពី​ឆ្នាំ​២០០៩ រៀប​ចំ​ឡើង​ដើម្បី​ផ្ចាញ់​លោក។

ជា​សរុប​មក ​ម៉ាឡេស៊ី ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​រណសិរ្ស​ដដែល។ បក្ស​ប្រឆាំង​មិន​អាច​សម្រេច​បំណង​ប្តូរ​និន្នាការ​ដឹកនាំ​ប្រទេស​ទេ។ ការ​តស៊ូ​របស់​លោក​អាន់វ៉ា ត្រូវ​រារាំង​ដោយ​សំណុំ​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា។ ទើប​តែ​នៅ​ថ្ងៃ​នេះ ក្រោយ​ពី​ការ​សម្រេច​ចិត្ត​ដ៏​អស្ចារ្យ​របស់​មហាធៀរ ទើប​បក្ស​ប្រឆាំង​បាន​ស្គាល់​រស​ជាតិ​នៃ​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ