rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េ​ខាង​ជើង សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក Donald Trump បាន​ជូនដំណឹង​​ថា កូរ៉េ​ខាង​​ជើង​បាន​ដោះលែងពលរដ្ឋ​អាមរិកទាំង៣​នាក់នោះហើយ

media
រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ​Mike Pompeo ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​ទទួលខុសត្រូវ​របស់​កូរ៉េខាងជើង​និង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ជើង​ Ri Su Yong ​នៅពេលលោក​មកដល់​ទីក្រុង​ព្យុងយ៉ាង​ថ្ងៃ​ទី​៩​ឧសភា​២០១៨​ Matthew Lee/Pool via REUTERS

ប្រធានាធិបតី​សហរដ្ឋអាមេរិក តាមរយៈសារ Tweeter ​នៅ​ថ្ងៃ​ពុធ​ទី​៩​ឧសភា​ម្សិលមិញ បានជូនដំណឹង​​អំពី​ការ​ដោះលែង​អ្នក​ទោស​អាមេរិក​ទាំង​៣​រូប​ដែល​​កូរ៉េ​ខាង​ជើង ​បាន​ចាប់​និង​​ដាក់​ឃុំឃាំង​នៅ​​ក្នុង​ពន្ធនាគារ ​។ ឥឡូវនេះពួកគេ​ កំពុង​​​ធ្វើ​ដំណើរ​​ត្រឡប់​មក​កាន់​មាតុភូមិអាមេរិកវិញ។


តាម​រយៈ​សារ Tweeter ប្រធានាធិបតីអាមេរិក លោក Donald Trump ​បាន​​​​លើក​​បញ្ជាក់ ពីទឹកចិត្ត​​ដ៏សប្បាយ​រីករាយរបស់​​លោក​នៅ​​​ក្នុង​ការ​ជូន​ដំណឹង ​អំពីការវិលត្រឡប់មក​ពីកូរ៉េខាងជើងវិញ​ របស់​​ លោក Mike Pompeo ​ រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ដែល​​​​កំពុង​ស្ថិតក្នុង​​យន្តហោះ ​ឆ្ពោះមកកាន់ទឹកដី​អាមេរិក​វិញ ​ដោយបាន​​នាំ​មក​ជាមួយ​នូវពលរដ្ឋ​​អាមេរិកទាំង​​ ៣ រូប​​​ដែល​កូរ៉េខាងជើង ទើបបាន​ដោះលែង​អោយ​មាន​​សេរីភាព​វិញ បន្ទាប់ពី​បានជាប់​​​ក្នុងពន្ធនាគារកូរ៉េខាងជើងជាយូរឆ្នាំ​រួចមក។

សាររបស់​លោក Donald Trump ​​បាន ​លើកឡើង​​ដែរ​ថា “លោកប្រធានាធិបតី ​នឹង​ទៅ​ទទួល​ស្វាគមន៍ ​ពលរដ្ឋ​អាមេរិក​ទាំង​៣​នាក់​នោះ ​នៅ​ពេល​​មក​ដល់ ​មូលដា្ឋន​ទ័ព​អាកាស ​Andrews  នៅ​ជិត​ទីក្រុង​​វ៉ាស៊ីន​តោន​​​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នា​​វេលា​ម៉ោង ​២​​ព្រឹក​ម៉ោងនៅ​​អាមេរិក​ឬ​ត្រូវ​ជា​ម៉ោង​៦​ព្រឹក​ម៉ោង​សាកល។ ​

ប្រធានាធិបតីអាមេរិក ក៏​បាន​​គូស​បញ្ជាក់ទៀត ថា”ជន​ជាតិ​អាមេរិក​ទាំង​៣​រូប​នោះ ទំនង​​ជា​មាន​សុខភាព​ល្អ​ ដោយ​បាន​​លើកសរសើរផងដែរ ចំពោះ​​​​”​ប្រមុខ​ការទូត​អាមេរិក  ដែល​​បាន​ធ្វើ​កា​រ​ជួប​ប្រាស្រ័យ​​ដ៏​ល្អប្រសើរ​​​ ជាមួយ​នឹង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើងលោក គឺម ជុងអ៊ុន ។ លើសពីនេះ ប្រធានាធិបតីអាមេរិក ក៏បានថ្លែងសង្កត់​​ពាក្យ​​ទៀតថា  “កាលបរិចេ្ឆត​និង​ទីកន្លែង​ជួបប្រាស្រ័យគ្នា​រវាងរូប​​លោក​នឹង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​​ ក៏​ត្រូវ​បាន​កំណត់​រួច​រាល់អស់​​ហើយដែរ​។​​​

គួរ​រំលឹក​ថា អាមេរិក បាន​ទាមទារជាយូរពេលមកហើយ ​​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើការ​ដោះ​លែង​ពលរដ្ឋ​អាមេរិក​​ទាំង៣​នាក់​នោះ​ដែល​មាន​​ដើម​កំណើត​​កូរ៉េ​ខាង​ត្បូង ​​។  ម្នាក់​ដែល​ជា​គ្រូ​គង្វាល​​គ្រឹះស្ត​សាសនា​និងក៏​​ជា​អ្នក​ជំនួញដែរនោះ ​ឈ្មោះ លោក kim Dong-Chul ​ ​មាន​អាយុ​ជាង​៦០​ឆ្នាំ ត្រូវ​បាន​​របប​ព្យុង​យ៉ាង​​ ផ្តន្ទាទោស​នៅ​ខែ​មេសា​ឆ្នាំ ២០១៦​ ដាក់​ពន្ធនាគារ​ចំនួន ១០​ឆ្នាំ ​ដោយ​បង្ខំ​អោយ​​ធ្វើ​ពលកម្ម បន្ទាប់ពី​ការ​ចាប់ខ្លួន​ ​ក្នុង​​បទ​ចោទ​ប្រកាន់ ​ធ្វើ​វទ្ធង្សនា​និង​ចារកិច្ចប្រឆាំងកូរ៉េខាងជើងរួចមក។​

រីឯ​លោក Kim Hak-Song ដែល​ធ្វើការ​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​( USTP) នៅទីក្រុង​​ព្យុងយ៉ាង ​ត្រូវ​បាន​របប​ព្យុងយ៉ាង ចាប់​ខ្លួន​នៅ​ខែ​ឧសភា ២០១៧ ​នៅ​ឯ​ចំណតរថភ្លើង​ទីក្រុង​ព្យុង​យ៉ាង​​​ ក្រោមបទចោទប្រកាន់​​ ថាបាន​​ប្រព្រឹត្ត​សកម្មភាព​ប្រទូស្តរាយ​​ប្រឆាំង​រដ្ឋាភិបាលកូរ៉េខាងជើង។​​

ចំណែកឯ​លោក Kim Sang-Duk វិញ ដែល​បំរើការ​​នៅ​សាកល​វិទ្យាល័យ​​( USTP) ​ដែរ​នោះ ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ ២០១៧ នៅ​ព្រលាន​យន្តហោះ​ធំ​នៅទីក្រុង​​ព្យុងយ៉ាង​ ខណៈពេលដែល​គាត់​បម្រុង​នឹង​ចាក​ចេញ​ពី​កូរ៉េ​ខាង​ជើង ​ក្រោយពី បាន​ បង្រៀន ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​​កន្លងមក៕