អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

ទ័ពហ្វីលីពីន និង​ទ័ពអាមេរិក​បាន​បើក​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​ចិនខាងត្បូង

នៅ​ថ្ងៃ​ពុធ ទី៩ ឧសភា កងទ័ព​ហ្វីលីពីន និង​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​សមុទ្រចិន​ខាងត្បូង។ គឺ​ជា​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ដែល​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅ​វិញ ទៅ​មក។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ​ជា​ប្រពៃណី​រវាង​ទីក្រុង​ម៉ានីល និង​វ៉ាស៊ីតោន​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ព្រមាន​លុបចោល​ម្តង​ជា​ពីរ​ដង។

PHILIPPINES-US-CHINA-MARITIME
PHILIPPINES-US-CHINA-MARITIME TED ALJIBE / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត សមយុទ្ធ​ដែល​លោក​ឌុយទែរតេ​ព្រមាន​ឈប់​ធ្វើ​ក្នុង​ឆ្នាំ ២០១៨ នេះ​ត្រូវ​បាន​រៀបចំ​ជា​ថ្មី និង​មាន​រូបភាព​ធំដុំ​ជាង​ឆ្នាំ ២០១៧ ទៅ​ទៀត។ នៅ​ក្នុង​ឆ្នាំ ២០១៧ សមយុទ្ធ​ក្រោម​ឈ្មោះ « ស្មាគៀកស្មា » មាន​ទ័ព​ចូលរួម​សរុប ៥ ៤០០នាក់ តែ​ក្នុង​ឆ្នាំ ២០១៨ នេះ មាន​ទ័ព​ចូលរួម​សរុប​ដល់​ទៅ ៨ ០០០នាក់​ឯណោះ។ គួរ​រម្លឹក​ជូន​ថា សមយុទ្ធ​រវាង​អាមេរិក និង​ហ្វីលីពីន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​គេ​បាន​ធ្វើ​ឡើង​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ហ្វីលីពីន​អាគីណូ​កាល​ពី​ឆ្នាំ ២០១៥ ដែល​មាន​ទ័ព​ចូលរួម​ជាង ១០ ០០០នាក់។

កំណត់​សម្គាល់​នៃ​សមយុទ្ធ​ឆ្នាំ​នេះ គឺ​ការ​បាញ់​គ្រាប់ពិត​នៅ​លើ​មូលដ្ឋាន​យោធា​ជើងទឹក​ដែល​ស្ថិត​ចម្ងាយ​ប្រមាណ ១៨០គីឡូម៉ែត្រ​ពី​កោះ​ស្កាបូរូ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន និង​ដែល​ហ្វីលីពីន​កំពុង​បន្ត​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ តែ​ឧត្តមសេនីយ​ហ្វីលីពីន​អេម៉ានុយអែល សាឡាម៉ាត​បាន​​ព្យាយាម​ចៀសវាង​និយាយ​ឈ្មោះ​ប្រទេស​ចិន និង​បាន​ត្រឹម​បញ្ជាក់​ថា ហ្វីលីពីន​ជា​រដ្ឋ​កោះ​តូច​មួយ​ដែល​ចាំ​បាច់​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ឯង។ « យើង​មិន​ខ្វល់​ពី​កោះ​ស្កាបូរូ​ទេ តែ​ខ្វល់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ទីនេះ » នេះ​ជា​ការ​បន្ថែម​របស់​លោក​សាឡាម៉ាត។

សូម​ជម្រាប​ជូន​ថា ចិន​ដែល​សំអាង​លើ​ហេតុផល​ប្រវត្តិសាស្រ្ត​បាន​ទាមទារ​កម្មសិទ្ធិ​ផ្តាច់មុខ​លើ​កោះ​ភាគ​ច្រើន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​បាន​សាងសង់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ទីនោះ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ទាមទារ​ពី​ប្រទេស​ជិតខាង​ក្នុង​តំបន់​ក៏​ដោយ។ ចំណែក​សមយុទ្ធ​រវាង​ក្រុង​ម៉ានីល និង​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ការ​បង្ហាញ​សាច់ដុំ​ដាក់​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​តំបន់។ តែ​ខុស​ពី​លោក​អាគីណូ​ដែល​ប្រើ​នយោបាយ​ការទូត​កណ្តាប់ដៃ​ដែក​ដាក់​ចិន​ក្នុង​រឿង​សមុទ្រចិន​ខាង​ត្បូង លោក​ឌុយទែរតេ​បាន​ប្រើ​នយោបាយ​ទន់ភ្លន់​ចង់​សម្របសម្រួល និង​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​នៅ​លើ​គ្រប់​វិស័យ ពិសេស​សេដ្ឋកិច្ច។

ជាក់ស្តែង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ ២០១៦ លោក​ឌុយទែរតេ​ហ៊ាន​ទាំង​ចាត់​ទុក​សមយុទ្ធ​រួម​គ្នា​រវាង​ហ្វីលីពីន និង​អាមេរិក​ថា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ ព្រម​ទាំង​ព្រមាន​កាត់ផ្តាច់​ស្ពាន​ជាមួយ​អាមេរិក​ក្នុង​វិស័យ​ការពារ​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ