អានតួអត្ថបទ
ចិន-កូរ៉េខាងជើង

កូរ៉េខាងជើង-ចិន៖​លោក​គីម ជុងអ៊ុន​បាន​ទៅ​ជួប​លោក​ស៊ី ជីនពីង​ជា​ថ្មី និង​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​កាន់​តែ​ខ្លាំង

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​លើកទី២ រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន។ ទស្សនកិច្ច​លើកទី២ ក្នុង​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ទី៨ ឧសភា​បាន​ធ្វើ​ឡើង​នៅ​តាលាន​ដែល​ជា​ទីក្រុង​កំពង់ផែ​ស្ថិត​ប៉ែក​ភាគឦសាន​ប្រទេស​ចិន។ ក៏​ដូច​ជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី១ នា​ដំណាច់​ខែ​មីនា​កន្លង​ទៅ លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​ដែល​ឥស្សរជន​ទាំង​ពីរ​បាន​បង្ហាញ​ចេញ​នូវ​ភាព​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង។ កំណត់​សម្គាល់​មួយ​ទៀត វត្តមាន​ជា​ថ្មី​របស់​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​ក្នុង​ទឹកដី​ចិន​ពេល​នេះ​បាន​កើត​មាន​ឡើង មុន​នឹង​លោក​គីម ជុងអ៊ុន​ជួប​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា​ខាង​មុខ។

Chinese President Xi Jinping and North Korean leader Kim Jong Un meet in Dalian
Chinese President Xi Jinping and North Korean leader Kim Jong Un meet in Dalian Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន និង​រូបភាព​ស្តីពី​ដំណើរ​ទស្សនកិច្ច​លើកទី២ របស់​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន​ឈ្មោះ CCTV។ CCTV បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូប​លោក​គីម ជុងអ៊ុន និង​រូប​លោក​ស៊ី ជីនពីង​ដែល​កំពុង​ដើរ​ទន្ទឹម​គ្នា​នៅ​ក្នុង​ឧទ្យាន​មួយ​ក្បែរ​មាត់សមុទ្រ និង​បាន​អង្គុយ​ជជែក​គ្នា​ជុំ​វិញ​តុ​មួយ។

« ក្រោយ​ពី​ជំនួប​លើកទី១ ជាមួយ​សមមិត្ត​លោក​គីម ជុងអ៊ុន ទំនាក់ទំនង​រវាង​ចិន និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េខាងជើង​បាន​ស្គាល់​ភាព​វិជ្ជមាន រួម​ទាំង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ » នេះ​ជា​ឃ្លា​សាទរ​របស់​លោក​ស៊ី ជីនពីង​ដែល​ដក​ស្រង់​ដោយ​កាសែត​ស៊ីនហួរ។ កាសែត​ចិន​នេះ​ដដែល​ក៏​បាន​ស្រង់​ចម្លើយ​របស់​លោក​គីម ជុងអ៊ុន​ចំពោះ​លោក​ស៊ី ជីនពិង​វិញ​យ៉ាង​ដូច្នេះ​ថា « មាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន​នៅ​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​ខ្ញុំ និង​សមមិត្ត​អគ្គលេខាធិការ​ស៊ី ជីនពីង »។

ក៏​ដូច​ជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកទី១ របស់​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​ចិន​នា​ដំណាច់​ខែ​មីនា​ដែរ មធ្យោបាយ​ឃោសនា​មហាជនចិន​ត្រូវ​រង់​ចំា​ការ​វិល​ត្រឡប់​របស់​លោក​គីម​ចូល​ស្រុក​វិញ​សិន​ទើប​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ផ្លូវការ។ ពេញ​មួយ​ថ្ងៃ​អង្គារ ទី៨ ឧសភា សារព័ត៌មាន​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ត្រឹម​ទម្លាយ​ព័ត៌មាន​ថា ទីក្រុង​តាលាន​បាន​រៀបចំ​ទទួល​ថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ដោយ​មិន​អាច​បញ្ជាក់​ថា​ជា​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​ទេ។ ចំណែក​ក្រសួង​ការបរទេស​ចិន​ក៏​ហាក់​មិន​ចង់​បញ្ជាក់ ឬ​ក៏​ទាត់ចោល​លើ​ព័ត៌មាន​មួយ​នេះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ទស្សនកិច្ច​លើកទី២ ក្នុង​រយៈពេល​តែ ១ខែ​កន្លះ​របស់​លោក​គីម ជុងអ៊ុន​ក្នុង​ទឹកដី​ចិន​ពេល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ចិន និង​កូរ៉េខាងជើង​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​គ្នា។ ភាព​ស្និទ្ធស្នាល​ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​ដាក់​លើ​ក្រុង​ព្យុងយ៉ាង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។ ទន្ទឹម​គ្នា​នេះ ចិន​ក៏​មិន​ចង់​ស្ថិត​នៅ​ក្រៅ​សៃវៀន​នៃ​ភាព​ល្អូកល្អឺន​រវាង​កូរ៉េខាងជើង​ជាមួយ​ប្រទេស​ផ្សេង ពិសេស​គម្រោង​ជំនួប​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នា​ពេល​ខាង​មុខ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ