rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាគីស្ថាន អំពើពុករលួយ នយោបាយ តុលាការ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋមន្រ្តីមហាផ្ទៃ​ប៉ាគីស្ថាន​រួចរស់​ជីវិត​ពីការប៉ុនប៉ង​ធ្វើឃាត

media
រដ្ឋមន្រ្តី​មហាផ្ទៃ​ប៉ាគីស្ថាន លោក​Ahsan Iqbal នៅទីក្រុង​អ៊ីស្លាម៉ាបាត​នៅឆ្នាំ ២០១៧ ©REUTERS/Faisal Mahmood

រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ប៉ាគីស្ថាន ត្រូវ​បាន​គេ​ប៉ុនប៉ង​ធ្វើ​ឃាត ប៉ុន្តែ​មិន​បាន​សម្រេច។ លោក​Ahsan Iqbal ត្រូវ​បាន​ឃាតករ លប​បាញ់ ឲ្យ​របួស នៅពេល​លោក​ចូលរួម នៅក្នុង​វេទិកា​សាធារណៈ មួយ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ខេត្ត​ពុនចាប់។ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន បាន​និយាយ​ថ្កោលទោស ឃាតករ ដែល​ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន ភ្លាម នៅក្រោយ​ហេតុការណ៍។

 


រដ្ឋមន្រ្តី​មហាផ្ទៃ​ប៉ាគីស្ថាន​ត្រូវ​ឃាតករ​លបបាញ់​ចំ​ត្រូវ​ដៃស្តាំ នៅពេល​លោក​កំពុង​ចូលរួម​នៅក្នុង​វេទិកា​សាធារណៈ ក្នុង​មណ្ឌល​បោះឆ្នោត ដែល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខជន។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ខេត្ត​ពុនចាប់ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP ថា ប៉ូលិស និង​ប្រជាជន​បាន​ចាប់ឃាត់ខ្លួន​​ទាន់ មិន​ឲ្យ​ឃាតករ​បាញ់​គ្រាប់​ទី​២ សំដៅ​លោក Ahsan Iqbal។ តាមអ្នកនាំពាក្យ​ដដែល លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន គ្មាន​រងគ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវ​បាន​គេ​ដឹកយក​ទៅ​ព្យាបាល​បន្ទាន់ នៅ​មន្ទីរពេទ្យ។

សិក្សា​ផ្នែក​ច្បាប់ នៅ​សហរដ្ឋអាមេរិក លោក​Ahsan Iqbal ជាមនុស្ស​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ ដែល​ត្រូវ​តុលាការ​កំពូល​ប៉ាគីស្ថាន សម្រេច ទម្លាក់​ចេញពី​អំណាច ក្នុង​បទប្រព្រឹត្ត​អំពើពុករលួយ។ លោក​ណាវ៉ា ស្ហារីហ្វ ដែល​ត្រូវ​តុលាការ​ហាមឃាត់​ផងដែរ មិន​ឲ្យ​ធ្វើ​នយោបាយ អស់មួយជីវិត បាន​បដិសេធ​ការចោទប្រកាន់ និង​ផ្ទុយទៅវិញ បានទម្លាក់កំហុស លើ​ក្រុមយោធា​ប៉ាគីស្ថាន ថា ជាអ្នកនៅពីក្រោយ​ការឃុបឃិត​មិន​ឲ្យ​គណបក្ស​របស់លោក ដែល​ជា​គណបក្ស​អ៊ីស្លាម​មិន​ជ្រុលនិយម។

លោក​Ahsan Iqbal ត្រូវ​បាន​គេ​ចាត់ទុក ជា​អ្នករៀបចំ យុទ្ធសាស្រ្ត ម្នាក់ដ៏​សំខាន់​របស់​បក្ស​កាន់​អំណាច គណបក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន (PML)។ ការប៉ុនប៉ង​ធ្វើឃាត​មនុស្ស​សំខាន់​របស់​បក្ស​កាន់អំណាច កើតមាន​នៅតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ដែល​រដ្ឋមន្រ្តី​ការបរទេស​ប៉ាគីស្ថាន មក​ពី​គណបក្ស​កាន់អំណាច​ត្រូវ​បាន​តុលាការ​សម្រេច​លុបចោល សុពលភាព​សមាជិក​សភា ក្នុង​បទ មិន​គោរព​តាម​ច្បាប់​បោះឆ្នោត កាលពី​ឆ្នាំ ២០១៣។

ចំណាត់ការ​របស់​តុលាការ រួម​ទាំង​ការប៉ុនប៉ង​ធ្វើឃាត​មន្រ្តី​រដ្ឋាភិបាល របស់​បក្ស​កាន់​អំណាច​អាច​ជា​សញ្ញា​មិន​ល្អ សម្រាប់​គណបក្ស ដែល​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត​មុនកាលកំណត់ នាពេលខាងមុខ។ ត្រូវគេ​ទម្លាក់​ចេញ​ពី​តំណែង ដល់​ទៅ ២ដង ដោយសារ​រដ្ឋប្រហារ ផង និង​ដោយសារ​ការចោទប្រកាន់​ក្នុងរឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផង អតីត​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន លោក​ណាវ៉ា ស្ហារីហ្វ ធ្លាប់​បាន​ដឹកនាំ​គណបក្ស​អ៊ីស្លាម របស់​លោក ឲ្យ​ឈ្នះឆ្នោត​យ៉ាងធំធេង កាលពី​ឆ្នាំ ២០១៣៕