rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ដូណាល់​ត្រាំ៖ ថ្ងៃ និង​ទីកន្លែង ជួប​លោក​គីម ជុងអ៊ុន​​ត្រូវ​បាន​កំណត់​រួចហើយ

media
ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំថ្លែង​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​របស់​សមាគម​អាវុធ​ជាតិ​អាមេរិក​នៅទីក្រុង​ដាឡាស់​នៅថ្ងៃ​សុក្រទី ៤​ឧសភា ២០១៨ ©REUTERS/Carlos Barria

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​សុក្រ​ទី​៤​ឧសភា បាន​ប្រកាស​ថា កាលបរិច្ឆេទ និង​ទីកន្លែង​រៀបចំ ជំនួបកំពូល​រវាង​លោក ហើយ​និង​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​បានជ្រើសរើស រួចរាល់ អស់​ហើយ។ សេតវិមាន​វិញ បាន​បញ្ជាក់ថា ជំនួបកំពូល​អាមេរិក និង​កូរ៉េខាងជើង នឹង​រៀបចំ​ឡើង នៅក្រោយ​ជំនួប រវាង​លោកដូណាល់ ត្រាំ ហើយ​និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចៃអ៊ីន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២២​ឧសភា ខាងមុខ។

 


លោក​ដូណាល់ ត្រាំ មិន​បាន​បញ្ជាក់​ពី​ឈ្មោះ ទីកន្លែង និង​ពេល​វេលា​ពិតប្រាកដ​ដែល​លោក​ត្រូវ​ជួប​មេដឹកនាំ​កូរ៉េខាងជើង​នោះទេ។ តាម​លោកដូណាល់ ត្រាំ ព័ត៌មាន​ទាក់ទង​នឹង​ទីកន្លែង និង​ពេលវេលា​ដែល គេ​បាន​ជ្រើសរើស​រួចរាល់​ហើយនោះ នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ នៅក្នុង​ពេលឆាប់ៗ​ខាងមុខ។ នៅក្នុង​វេទិកា​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាវុធ​ជាតិ​អាមេរិក នៅ​ទីក្រុង​ដាឡាស នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក នៅ​បាន​សន្យា​ដែរ​ថា នឹង​លែង​ប្រើ​ទៀត​ហើយ សង្រ្គាម​ពាក្យ​សំដី ដាក់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដែល​លោក​ធ្លាប់​បាន​ចាត់ទុក​ជា​បុរស​មីស៊ីល នៅ​ក្នុង​សុន្ទរកថា នៅ​អង្គការ​សហប្រជាជាតិ។

នៅសប្តាហ៍នេះ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​លើកឡើង​ពី​ចំណាប់អារម្មណ៍ របស់​លោក​ទៅ​លើ​តំបន់​គ្មាន​កងទ័ព នៅ​ចន្លោះ ព្រំដែន​កូរ៉េ​ទាំងពីរ ឬ​ប្រទេស​សិង្ហបុរី សម្រាប់​រៀបចំ​ជំនួបកំពូល ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង។ ផ្ទះ​សន្តិភាព នៅក្នុង​តំបន់​គ្មានកងទ័ព ធ្លាប់​ជា​កន្លែង​បើក​ជំនួបកំពូល​ប្រមុខ​ដឹកនាំ​កូរ៉េទាំងពីរ កាលពី​ថ្ងៃទី ២៧​មេសា​កន្លងទៅ ដែល​នៅក្នុង​នោះ មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​បាន​សន្យា ប្តេជ្ញាចិត្ត​ក្នុង​ការឈាន​ទៅចុះ​កិច្ចព្រមព្រៀង សន្តិភាព ហើយ​និង​លុបបំបាត់​ចោល ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

សូមអាន៖​ប្រតិកម្ម​អាមេរិក​ក្រោយ​ជំនួប​រវាង​កូរ៉េ​ខាងជើង​និង​ខាងត្បូង

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​ម្សិលមិញ សេតវិមាន​បាន​សរសេរ​ថា ជំនួបកំពូល​អាមេរិក កូរ៉េខាងជើង ជា​សំណុំរឿង ដែល​លោកដូណាល់ ត្រាំ ត្រូវ​លើកយក​ទៅ​ពិភាក្សា​ជាមួយ លោក​មូន ចៃអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ត្រូវ​ធ្វើ​ទស្សនកិច្ច​នៅទីក្រុង​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី ២២​ឧសភា​ខាងមុខ។ ទោះ​បាន​ការសន្យា​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េខងជើង កូរ៉េខាងត្បូង កំពុង​បារម្ភ​ផងដែរ​ពីលទ្ធភាព​ដកកងទ័ព​អាមេរិក​ចេញពី​ទឹកដី​កូរ៉េខាងត្បូង។ សម្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក ការលើក​និយាយ​ពី​ការដក​កងទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង គឺ​ជារឿងដែល​មិនអាច​ទទួល​យក​បាន​ឡើយ។ តាម​កាសែត​អាមេរិក New York Times ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ បាន​បញ្ជា​ឲ្យ​ក្រសួងការពារ​ជាតិ​អាមេរិក​សិក្សា ពី​លទ្ធភាព​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក នៅ​ទឹកដី​កូរ៉េខាងត្បូង។

លោកដូណាល់ ត្រាំ ដែល​បាន​បដិសេធ ទាត់ចោល ព័ត៌មាន​ចុះផ្សាយ​របស់​កាសែត បាន​អះអាង​នៅ​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​នៅ​ទីក្រុង​ដាឡាស ក្នុង​រដ្ឋតិចសាស់ ថា ទៅ​ថ្ងៃ​អនាគត លោក​ពិតជា​ចង់​កាត់បន្ថយ​ការចំណាយ​សម្រាប់​កូរ៉េខាងត្បូង ប៉ុន្តែ សំណុំរឿង​កាត់បន្ថយ​ចំនួន​ទ័ព​អាមេរិក នៅ​កូរ៉េខាងត្បូង គ្មាន​ទេ នៅលើ​តុ​របស់លោក៕