rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន សហរដ្ឋអាមេរិក ការពារជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កិច្ចចរចាពាណិជ្ជកម្ម៖ចិនបាន​​ធ្វើ​សម្បទាន​ឲ្យ​អាមេរិក​ជាង​អាមេរិក​​ធ្វើ​សម្បទាន​​​ឲ្យ​ចិន

media
លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក 法新社/Archives / ANDREW CABALLERO-REYNOLDS

កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី៤ ឧសភា។ អ្នក​ទទួលខុស​ត្រូវ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ចំណុច​ឯកភាព​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ចំណុច​ចម្រូងចម្រាស​ជា​ច្រើន។ ឯកសារ​នៃ​កុងសង់ស៊ុស​រវាង​ភាគី​ជំនួប​ទាំង​ពីរ​ដែល Reuters ទទួល​បាន​ពី​ប្រភព​ពីរ​ឲ្យ​ដឹង​ថា ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​បង្កើន​ទំនិញ​អាមេរិក​ចូល​ប្រទេស​ចិន រួម​ទាំង​សុខចិត្ត​កាត់​បន្ថយ​តម្លៃ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន។


កិច្ចចរចា​ពាណិជ្ជកម្ម​រយៈពេល ២ថ្ងៃ​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​បិទបញ្ចប់ តែ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ដែល​ភាគី​ទាំង​ពីរ​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា។ ចំណែក​ភាគី​ទាំង​ពីរ​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ជា​ផ្លូវការ​លើ​លទ្ធផល​ដែល​ទទួល​បាន​ដែរ។ តែ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​មួយ​ចំនួន។ នៅ​ក្នុង​ប្រទេស​ចិន កាសែត​ស៊ីនហួរ​បាន​សរសេរ​ដោយ​ទទួល​ស្គាល់​ថា ទោះ​បី​ជា​ភាគី​ទាំងពីរ​នៅ​មិន​ទាន់​អាច​និយាយ​ត្រូវ​គ្នា​លើ​បញ្ហា​ចម្រូងចម្រាស​ខ្លះ​ក៏​ដោយ ក៏​អាមេរិក និង​ចិន​បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ចរចា។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ចេញ​ពី​ប្រភព​ពីរ​បាន​ឲ្យ​ដឹង​ថា ភាគី​ចិន​បាន​យល់ព្រម​ទិញ​ទំនិញ​បន្ថែម​ពី​អាមេរិក និង​សុខចិត្ត​បញ្ចុះ​តម្លៃ​ពន្ធ​លើ​រថយន្ត​អាមេរិក និង​ផលិតផល​អាមេរិក​មួយ​ចំនួន​ដែល​នាំ​ចូល​ស្រុក​ចិន។ ជា​ថ្នូរ​ត្រឡប់​វិញ ចិន​បាន​ស្នើ​អាមេរិក​បញ្ឈប់​ដាក់​គំនាប ឬ​រើសអើង​លើ​ក្រុម​អ្នកវិនិយោគ​ចិន​ក្នុង​ទឹកដី​អាមេរិក​ដោយ​លើក​យក​ហេតុផល​សន្តិសុខជាតិ នេះ​បើ​តាម Reuters។ ទន្ទឹម​គ្នា​នេះ ទីក្រុង​ប៉េកាំង​ក៏​បាន​ស្នើ​អាមេរិក​ឲ្យ​បិទ​ការ​ស៊ើបអង្កេត​ដែល​អាមេរិក​ចោទ​ចិន​ពី​បទ​រំលោភ​លើ​កម្មសិទ្ធិបញ្ហា​ជា​យថាហេតុ និង​កុំ​ឲ្យ​អាមេរិក​ដំឡើង​ពន្ធ ២៥%​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ដូច​ដែល​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស។

គួរ​រម្លឹក​ជូន​ថា​តាម​ធម្មតា រដ្ឋបាល​អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ក្នុង​ទឹកប្រាក់​សរុប ៥០ ០០០លានដុល្លារ​ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​ទៅ។ តែ​មក​ទល់​ពេល​នេះ រដ្ឋបាល​អាមេរិក​នៅ​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ថ្ងៃ​ពិតប្រាកដ និង​ពី​ឈ្មោះ​ទំនិញ​ដែល​ត្រូវ​ដំឡើង​ពន្ធ​ទេ។ ក្រៅ​ពី​រឿង​ពន្ធដារ លោក​ត្រាំ​ក៏​បាន​លើក​ឡើង​ពី​ឱនភាព​ថវិកា​ដែល​អាមេរិក​មាន​ជាមួយ​ចិន​យ៉ាង​ច្រើន​សម្បើម​ដោយ​ទាមទារ​ឲ្យ​កាត់​បន្ថយ​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​មាន​លទ្ធផល​ផ្លូវការ​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​រយៈពេល ២ថ្ងៃ​រវាង​អាមេរិក និង​ចិន​ទេ។ អ្វី​ដែល​គេ​ដឹង ភាគី​ទាំង​ពីរ​សុទ្ធ​តែ​បាន​អះអាង​រៀងៗ​ខ្លួន​ថា កិច្ចចរចា​បាន​ប្រព្រឹត្ត​ដោយ​វិជ្ជមាន ប្រសិទ្ធិភាព និង​បង្កប់​ដោយ​ក្តី​ស្ថាបនា៕