ជនជាតិអាមេរិក៣រូបដែលព្យុងយ៉ាងចាប់ឃុំឃាំងក្នុងពន្ធនាគារអាចនឹងត្រូវគេប្តូរទីកន្លែងឃុំឃាំង
ជនជាតិអាមេរិក ៣រូបដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនៅកូរ៉េខាងជើង អាចនឹងត្រូវគេប្តូរទីកន្លែងឃុំឃាំងឬមួយក៏អាចនឹងត្រូវគេដោះលែងនៅឱកាសជំនួបកំពូលមួយរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រមុខដឹកនាំកូរ៉េខាងជើងលោក Kim Jong Un -នេះបើយោងតាមការគូសបញ្ជាក់របស់ប្រភពជាច្រើនដល់ទីភ្នាក់ងារព័ត៌មានបារាំងAFP។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
សហរដ្ឋអាមេរិក បានទាមទារជាយូរយាមកហើយ ឲ្យកូរ៉េខាងជើង ធ្វើការដោះលែងជនជាតិរបស់ខ្លួន៣រូប គឺលោក Kim Hak-song, លោក Kim Sang-duk និងលោក Kim Dong-Chul ។ ម្យ៉ាងទៀត ប្រភពសារព័ត៌មានជាច្រើន បានជូនដំណឹងដែរថានៅ លើបញ្ហាជនជាតិអាមេរិកទាំង៣រូបនេះ ទីក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាងប្រហែលជាជិតរកឃើញនូវកិច្ចព្រមព្រៀងមួយហើយ។
បើតាមការអះអាងរបស់សកម្មជនសិទ្ធិមនុស្សកូរ៉េខាងត្បូងមួយរូបដែលមានទំនាក់ទំនងនៅកូរ៉េខាងជើង បាននិយាយប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា "អ្នកទោសអាមេរិកទាំង៣រូបនោះ កំពុងស្ថិតនៅក្នុងសណ្ឋាគារមួយក្នុងជាយទីក្រុងព្យុងយ៉ាង"។ ប្រភពដដែល បានគូសបញ្ជាក់ទៀតថា”ជនអាជាតិមេរិកទាំង៣នាក់នោះ ត្រូវបានគេដាក់នៅក្នុងទីកន្លែងឃុំឃាំង ដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែកូរ៉េខាងជើង ក៏បានចាត់ចែង ឲ្យមានដំណើរចេញកំសាន្តសម្រាប់ជនជាតិអាមេរិកទាំង៣នាក់នោះ ការឧបត្ថម្ភ ខាងផ្នែកព្យាបាលជម្ងឺ ក៏ព្រមទាំងផ្តល់ម្ហូបអាហារសម្រាប់ទទួលទានយ៉ាងឆ្ងាញ់ពិសារ"។
បើយោងតាមប្រភពការទូតនានានៅព្យុងយ៉ាង ជនជាតិអាមេរិកទាំង៣រូបនោះ ត្រូវបានគេប្តូរទីកន្លែងឃុំឃាំង ប៉ុន្តែក៏ពុំមានព័ត៌មានណាមួយបញ្ជាក់ពីទីកន្លែងថ្មីរបស់ជនជាតិអាមេរិកទាំង៣នាក់នោះដែរ។
ចំណែកកាសែតអាមេរិក The Wall Street វិញ ត្រឹមបានតែ ជូនព័ត៌មានបា្រប់ថាករណីរបស់ជនជាតិអាមេរិកទាំង៣នាក់នោះ ត្រូវបានគេលើកយកទៅពិភាក្សាគ្នាហើយរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នៅខណៈពេលដែលលោកអញ្ជើញទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមុន។ ចំណែកលោក Donald Trump វិញ នៅនាឱកាសសន្និសីទសាព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក៏បានលើកបញ្ជាក់ផងដែរថា "ការវិលត្រឡប់របស់ជនជាតិអាមេរិកទាំង៣នាក់នោះ គឺជាបញ្ហាអាទិភាពរបស់រដ្ឋបាលលោក"។
គួររំលឹកថា ជនជាតិអាមេរិកទាំង៣រូបដែលមានកំណើតជាជនជាតិកូរ៉េខាងត្យូង ម្នាក់ជាគ្រូគង្វាលខាងគ្រឹស្តិសាសនា ឈ្មោះលោក Kim Dong-Chul ត្រូវបានកូរ៉េខាងជើងចាប់ខ្លួននិងផ្តន្ទាទោសនៅឆ្នាំ២០១៦ ដាក់ពន្ទនាគារចំនួន១០ឆ្នាំដោយបង្ខំឲ្យធ្វើពលកម្ម។ ចំណែកលោក Kim Hak-song និងលោក kim Sang-Duk ទាំងពីរនាក់ដែលបំរើការនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅព្យុងយ៉ាង ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនកាលពីឆ្នាំទៅមិញ ពីបទធ្វើសកម្មភាពប្រទូសរាយប្រឆាំងនឹងកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ