បារាំង ចង់ស្ថាបនាផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយអូស្ត្រាលី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៩
លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអូស្ត្រាលី រហូតដល់ថ្ងៃព្រហស្បតិ៍ទី៣ ឧសភា។ វត្តមានរបស់លោកម៉ាក្រុង ក្នុងទឹកដីអូស្ត្រាលី មិនមែនជាដំណើរចូលជួបគួរសមទេ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានល្អូកល្អឺន និងស្អិតល្មួតកាន់តែខ្លាំងឡើងៗ។ ប្រមុខដឹកនាំទាំងពីរបានបង្ហាញឆន្ទៈ ចង់ស្ថាបនាភាពជាដៃគូរវាងគ្នាឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើអាទិភាពចំបងពីរ ៖ សេដ្ឋកិច្ចនិងសន្តិសុខ។
បារាំងនិងអូស្ត្រាលីកំពុងបង្ហាញភាពល្អូនល្អឺននឹងគ្នាខ្លាំងណាស់ ! អូស្រ្តាលីបានរៀបចំទទួលលោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង យ៉ាងគគ្រឹកគគ្រេង។ លោក ម៉ាក្រុងបានអរគុណអូស្ត្រាលី ដែលធ្លាប់បានបញ្ជូនទាហានមកជួយបារាំងក្នុងសម័យសង្គ្រាមលោក។
ផ្លូវឥណ្ឌូប៉ាស៊ីហ្វិក បារាំងឥណ្ឌាអូស្ត្រាលី
មានកិច្ចព្រមព្រៀរវាងស្ថាប័ន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនត្រូវបានចុះហត្ថលេខា នាឱកាសទស្សនកិច្ចរបស់លោក ម៉ាក្រុង នៅអូស្ត្រាលី។ ជាកិច្ចព្រមព្រៀងដែលមានទិសដៅទ្រទ្រង់និងផ្តល់សន្ទុះដល់ការបង្កើត ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រមុខដឹកនាំបារាំងនិងអូស្ត្រាលី បានសម្តែងក្តីព្រួយបារម្ភរួមគ្នា ចំពោះហានិភ័យ និងការគំរាមកំហែងជាក់ស្តែងនៅក្នុងតំបន់ ដោយបង្ហាញឆន្ទៈរួមប្រែក្លាយ ដៃគូបារាំងនិងអូស្ត្រាលី ឱ្យទៅជាតួអង្គថ្មីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បើតាមលោកម៉ាក្រុង អូស្ត្រាលីនិងបារាំង នឹងស្ថាបនាគន្លងផ្លូវឥណ្ឌូប៉ាស៊ីហ្វិកថ្មី ដើម្បីធានារ៉ាប់រងប្រយោជន៍សេដ្ឋកិច្ចផង សន្តិសុខផង។ គន្លងផ្លូវថ្មីគឺជាតភ្ជាប់ បារាំងនឹងអូស្ត្រាលីតាមរយៈឥណ្ឌា។ កិច្ចចរចាត្រីភាគី បារាំងឥណ្ឌាអូស្ត្រាលី ត្រូវជាតួនាទីស្នូលនៃការស្ថាបនាគន្លងផ្លូវថ្មី។ ផ្លូវឥណ្ឌូប៉ាស៊ីហ្វិក ឬផ្លូវនៃសេរីភាព ដែលក្លាយជាជម្រើសមួយទៀត ដើម្បីផ្តល់សេរីភាពដល់បណ្តាប្រទេសក្នុងតំបន់កុំឱ្យរំពឹងតែលើផ្លូវសូត្ររបស់ចិន។
បុរសរដ្ឋទាំងពីរ បានធានាអះអាងនៅថ្ងៃនេះ ថា គំនិតផ្តួចផ្តើម ស្ថាបនា ផ្លូវថ្មីនេះ មិនមែនដើម្បីប្រឆាំងនឹងចិនដែលជាជំហរសេដ្ឋកិច្ចក្នុងតំបន់ទេ ប៉ុន្តែដើម្បីរក្សាការអភិវឌ្ឍសេដ្ឋកិច្ច ដែលឈរលើក្បួនច្បាប់ ដើម្បីរក្សាលំនឹងក្នុងតំបន់ និងដើម្បីបញ្ចៀសទង្វើអនុត្តរភាព។
កិច្ចព្រមព្រៀងសន្តិសុខ
នៅក្នុងវិស័យការពារជាតិ ប្រមុខរដ្ឋទាំងពីរបានចុះកិច្ចព្រមព្រៀងទ្វេភាគី ផ្គត់ផ្គង់សម្ភារៈបរិក្ខារ ឱ្យកងទ័ពគ្នាទៅវិញទៅមក។ កិច្ចព្រមព្រៀងសន្តិសុខអ៊ីនធ័រនែត ក៏ត្រូវបានចុះហត្ថលេខា តាមរយៈលិខិតបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារការពារសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យាជាតិបារាំង(ANSSI) និងភ្នាក់ងារ Australian Cyber Security Centre (ACSC) អូស្ត្រាលី។
លោកម៉ាក្រុង និងលោកMalcon Turnbull ក៏បានសម្រេចចុចលម្អិតកិច្ចសហប្រតិបត្តិការលើវិស័យអាវុធ និងពិសេសលើកិច្ចសន្យាលក់សព្វាវុធ ចុះហត្ថលេខាកាលពីឆ្នាំ២០១៦ ស្តីអំពីការប្រគល់នាវាមុជទឹក ជំនាន់ក្រោយចំនួន ១២គ្រឿង ទៅឱ្យអូស្ត្រាលី។
ស្តីអំពីបញ្ហាបរិស្ថានវិញ លោក ប្រធានាធិបតីបារាំង និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានកត់ត្រាជាផ្លូវការនូវការដាក់ឱ្យដំណើរការផែនការផ្តួចផ្តើមរួម ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឡើងអាកាសធាតុ ដើម្បីការពារមហាសមុទ្ទប៉ាស៊ីហ្វិក ដែលជាបេតិកភ័ណ្ឌរួម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ