អានតួអត្ថបទ

សាធារណរដ្ឋដូមីនិក​ផ្តាច់ខ្លួន​ពី​តៃវ៉ាន់ ទៅ​អោប​ចិន

នៅ​ថ្ងៃអង្គារ​ទី ១ ឧសភា ២០១៨នេះ សាធារណរដ្ឋ​ដូមីនិក​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ បាន​​ប្រកាស​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​។ ពិធី​ចុះ​កិច្ចព្រមព្រៀង​ភ្ជាប់​ទូត​គ្នា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដ៏​ឱឡាឫក​ ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន និង​សាធារណរដ្ឋ​ដូមីនិក ​នៅ​ទីក្រុង​ប៉េកាំង​ និង​ក្រោម​ក្រសែ​ភ្នែក​ខក​ចិត្ត​របស់​តៃវ៉ាន់។ គិត​មក​ត្រឹម​ពេល​នេះ ​មាន​ប្រទេស​​មិន​ដល់​២០ទេនៅ​លើ​ភពផែនដី ដែល​​ទទួល​ស្គាល់ និង​​មានភ្ជាប់ទំនាក់ទំនង​ការទូត​ជាមួយតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេស​ចិន លោក  Wang Yi និង​សមភាគី​ដូមីនិកលោក Miguel Vargas ក្នុង​ពិធី​ចុះ​ហត្ថលេខា​ភ្ជាប់​ទូត​គ្នា នៅ​ក្រុង​ប៉េកាំង
រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi និង​សមភាគី​ដូមីនិកលោក Miguel Vargas ក្នុង​ពិធី​ចុះ​ហត្ថលេខា​ភ្ជាប់​ទូត​គ្នា នៅ​ក្រុង​ប៉េកាំង © Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កូស្តារីកា នៅ​ឆ្នាំ​២០០៧ ហ្កំប៊ី នៅ​ឆ្នាំ​២០១៣ សៅតូម៉េ នៅ​ឆ្នាំ​២០១៦ និង​ប៉ាន់ណាម៉ា នៅ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​នេះ តៃវ៉ាន់​បាន​របូត​សម្ព័ន្ធមិត្ត​ម្នាក់​ទៀត​ហើយ ! សាធារណរដ្ឋ​ដូមីនិក ទើប​ប្រកាស​ទទួល​ស្គាល់​ថានយោបាយ​​ចិន​តែ​មួយ ដោយ​​ចាត់​ទុក​តៃវ៉ាន់​ជា​ចំណែក​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន (ចិន​ដី​គោក) និង​បាន​ចុះ​ហត្ថលេខា​ភ្ជាប់​ទូត​ជាមួយ​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ទីក្រុង​ប៉េកាំង។

​មានទីតាំង​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ការ៉ាអ៊ីប មាន​ប្រជាជន​សរុប​ជាង​១០​លាន​នាក់ រស់​រំពឹង​ខ្លាំង​លើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍ សាធារណរដ្ឋ​ដូមីនិក បាន​ថ្លែង​អំណរគុណ​​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​តៃវ៉ាន់​កន្លង​មក ប៉ុន្តែ​ប្រវត្តិសាស្ត្រ​និង​ការ​ពិត​​​នៃ​សង្គម​និង​សេដ្ឋកិច្ច​ បាន​ជំរុញ​ឱ្យ​ដូមីនិក​ត្រូវ​តែ​ប្តូរ​នយោបាយ ដែល​ផ្តល់​ប្រយោជន៍​ដ៏​មហាសែន​វិជ្ជមាន​ដល់​អនាគត​ប្រទេស។ កិច្ចព្រមព្រៀង​ភ្ជាប់​ទូត​នេះ គឺ​ជា​ការ​ផ្តល់​ឱកាស​ធំ​ក្រៃ​ដល់​ការ​អភិវឌ្ឍន៍​​​ប្រទេស​សាធារណរដ្ឋ​ដូមីនិក​ និង​ជា​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក​ឡាទីន។ នេះ​ជា​សម្រែក​អបអរ​របស់​​ប៉េកាំង តាម​រយៈ​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Wang Yi។

ប៉ុន្តែ​សម្រាប់​តៃវ៉ាន់​ តៃប៉ិខក​ចិត្ត​យ៉ាង​ខ្លាំង​​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ដូមីនិក និង​បាន​បរិហារ​នយោបាយរបស់​ចិន ជះ​លុយ​ទាក់​យក​សាធារណរដ្ឋដូមីនិក ដែល​ជា​សម្ព័ន្ធមិត្តចំណាស់​៧៧​ឆ្នាំ​របស់​រដ្ឋាភិបាល​តៃវ៉ាន់។ ​ជា​ទឹក​លុយ​ដ៏​​សន្ធឹកសន្ធាប់​ណាស់ ដែល​តៃវ៉ាន់​មិន​អាច​ប្រៀប​ជាមួយ​បាន​ឡើយ។

សូម​បញ្ជាក់​ថា តាំង​ពី​ឆ្នាំ​១៩៤៩​មក ចិន​ប៉េកាំង និងចិនតៃវ៉ាន់​ មាន​របប​ដឹកនាំ​ពីរ​ដាច់​ឡែក​ពីគ្នា។ តៃវ៉ាន់​ជា​​កោះ​​ស្វយ័ត តែ​ពុំ​ធ្លាប់​បាន​ទាមទារ​ឯករាជ្យ​ទេ។ របបក្រុងប៉េកាំង​តែង​​​ដាក់គំនាប​លើ​​គ្រប់​ប្រទេស​ជា​ដៃគូ ​មិន​ឱ្យ​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ និង​អូសទាញ​មួយ​ម្តងៗ​សម្ព័ន្ធមិត្ត​តៃវ៉ាន់​ ឱ្យ​ទទួលស្គាល់​​របប​កុម្មុយនិស្ត​ចិន ក្រោម​ផ្លាក​ “ចិនតែមួយ”។

ជាមួយ​នឹង​ការប្តូរ​ទិសដៅ​នយោបាយ​របស់​ដូមីនិក គេ​រាប់​ឃើញ មាន​សល់​តែ​១៩​ប៉ុណ្ណោះ​ទៅ លើ​ភព​ផែនដី ដែល​ទទួល​ស្គាល់​តៃវ៉ាន់​ជា​ប្រទេស​និង​មានភ្ជាប់​ទូត​គ្នា និង​ដែល​សុទ្ធ​សឹង​ជា​ប្រទេស​តូចៗ ដូច​ជា​ វ៉ាទីកង់ ប្រទេស​នៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក នៅ​តំបន់​អាមេរិក​ឡាទីន ((ក្វាតាម៉ាឡា នីការ៉ាហ្គ័រ ប៉ារ៉ាហ្កាយ សាំងលុយស៊ី សាវ៉ាដរ...) និង​មួយ​នៅអាហ្វ្រិក (បួរគីណាហ្វាសូ)។ ហៃទី​ ប្រទេស​ព្រំដែន​និង​នៅលើ​កោះ​តែ​មួយ​ជាមួយ​ដូមីនិក នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​តៃវ៉ាន់​ជា​និច្ច។ ប៉ុន្តែ​គេ​មិនដឹង​ថា​តើ​ភាព​ស្មោះស្ម័គ្រ​នេះ​អាច​បន្ត​យូរអង្វែង​ដល់ពេលណា​ទេ ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ