rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េខាងត្បូង កូរ៉េ​ខាង​ជើង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េខាងជើង​ប្តូរ​ម៉ោង​ឲ្យ​ត្រូវ​នឹង​ម៉ោង​នៅ​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងត្បូង​ដក​ឧឃោសនសព្ទ​ឃោសនា​នៅ​តាម​ព្រំដែន

media
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន Korea Summit Press Pool/Pool via Reuters

នៅ​ក្នុង​ឧបទ្វីប​កូរ៉េ សញ្ញា​នៃ​ភាព​ធូរស្រាល​កំពុង​បន្ត​មាន​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។ ក្រោយ​ពី​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី៣០ មេសា​ថា ទីក្រុង​ព្យុងយ៉ាង​នឹង​ប្តូរ​ម៉ោង​ឲ្យ​ត្រូវ​គ្នា​នឹង​ម៉ោង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល។ ចំណែក​កូរ៉េខាងត្បូង​ប្រកាស​ពី​ការ​ដក​ឧឃោសនសព្ទ​ឃោសនា​នៅ​តាម​ព្រំដែន។


ចាប់​ពី​ថ្ងៃទី៥ ឧសភា​ខាង​មុខ​ទៅ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នឹង​មាន​ម៉ោង ពេល​ត្រូវ​គ្នា​វិញ​ហើយ ពោល​កូរ៉េខាងជើង​បាន​យល់​ព្រម​ប្តូរ​ម៉ោង​របស់​ខ្លួន​ឲ្យ​ត្រូវ​នឹង​ម៉ោង​នៅ​កូរ៉េខាងត្បូង​ដែល​ខុស​គ្នា ៣០នាទី មាន​ន័យ​ថា​សព្វថ្ងៃ ម៉ោង​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​យឺត​ជាង​ម៉ោង​នៅ​ក្នុង​ក្រុង​សេអ៊ូល​ចំនួន ៣០នាទី។ ការ​សម្រេច​ចិត្ត​របស់​ក្រុង​ព្យុងយ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃ​សុក្រ ទី២៧ មេសា។

លោក​គីម ជុងអ៊ុន​បាន​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​មូន ចៃអ៊ីន​ថា លោក​មាន​អារម្មណ៍​ក្តុកក្តួល​ដែល​បាន​ឃើញ​នាឡិកា​ពីរ​ចង្អុល​ម៉ោង​ខុស​គ្នា​នៅ​ក្នុង​សាលប្រជុំ​តែ​មួយ។ គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​កូរ៉េខាងជើង​បាន​ប្តូរ​ម៉ោង​ដោយ​ថយ ៣០នាទី​ធៀប​នឹង​ម៉ោង​នៅ​កូរ៉េខាងត្បូង​ដើម្បី​ប្រារព្ធ​ខួប​គម្រប់៧០ឆ្នាំ​នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​ចេញ​ពី​នឹមត្រួតត្រា​របស់​ប្រទេស​ជប៉ុន​ក្រោយ​សម័យ​សង្រ្គាមលោក​លើកទី២។ សូម​ជម្រាប​ជូន​ថា កូរ៉េខាងត្បូង និង​ជប៉ុន​មាន​ម៉ោង ពេល​ដូច​គ្នា។

ក្រៅ​ពី​ការ​សម្រេច​របស់​កូរ៉េខាងជើង​ក្នុង​ការ​ប្តូរ​ម៉ោង​ឲ្យ​ត្រូវ​គ្នា​ឡើង​វិញ​ជាមួយ​កូរ៉េខាងត្បូង ទីក្រុង​សេអ៊ូល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដក​ចេញ​វិញ​នូវ​ឧឃោសនសព្ទ​ឃោសនា​នៅ​តាម​ព្រំដែន​ចាប់​ពី​ថ្ងៃ​អង្គារ ទី១ ឧសភា។ គឺ​ជា​ប្រដាប់បំពង​សម្លេង​ដែល​មាន​ឥទ្ធិពល​ខ្លាំង និង​ដែល​កូរ៉េខាងត្បូង​បាន​ប្រើ​ដើម្បី​ធ្វើ​ការ​ឃោសនា​វាយប្រហារ រិះគន់ ទិតៀន​លើ​របប​ក្រុង​ព្យុងយ៉ាង។ « ជា​លើក​ទី១ តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ដែល​យើង​បាន​ស្គាល់​រាត្រី​មួយ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​ដែល​រស់ក្បែរ​ព្រំដែន​ខ័ណ្ឌ​ចែក​កូរ៉េ​ជា​ពីរ​តាំង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ​ចន្លោះ​ឆ្នាំ ១៩៥០ ១៩៥៣៕